ទស្សនៈ​​របស់​អ្នក​ផ្តួច​ផ្តើម​មួយ​រូប​នៃ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស​អំពី​«ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា»

By , Comment
Share on Facebook Tweet on Twitter
កំណត់​និពន្ធ៖ អតីត​អ្នក​ការទូត អ្នកស្រាវជ្រាវ​និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ជួប​ជុំ​គ្នា ​នៅ​សាកល​វិទ្យាល័យ​មែលប៊ិន​ (Melbourne) ប្រទេស​អូស្ត្រាលី​ដើម្បី​សម្ពោធ​សៀវភៅ​ «ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នក​ការពារ​សិទិ្ធ​មនុស្ស​បកស្រាយ‍» (Seeking Justice in Cambodia: Human Rights Defenders Speak Out)។ សៀវភៅ​នេះចងក្រង​ដោយ​លោកស្រី ស៊ូ ខូហ្វហ្វី (Sue Coffee) អ្នក​ផ្តល់​ប្រឹក្សា​លើ​ផ្នែក​ទំនាក់ទំនង​និង​គោល​នយោបាយសិទ្ធិ​មនុស្ស ​ហើយ​មាន​ការ​ដក​ស្រង់​សម្តី​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​នៅ​កម្ពុជា​ជាច្រើន​រូប។ លោក​សាស្ត្រាចារ្យ ហ្ការ៉េត អេវ៉ានស៍ (Gareth Evans) អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​និង​ជា​អ្នកចូលរួម​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​សម្រាប់​ប្រទេស​កម្ពុជា ​បាន​ចូលរួម​ថ្លែង​សុន្ទរកថា​នៅ​ក្នុងពិធី​សម្ពោធ​សៀវភៅ​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ ខាង​ក្រោម​នេះ​ជា​ការ​បកប្រែ​ក្រៅ​ផ្លូវការ​នូវ​សុន្ទរកថា​ទាំង​ស្រុង​របស់​លោក​ហ្គារ៉េត អេវ៉ានស៍៖ «ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា‍» សុន្ទរកថា​របស់ លោក​សាស្ត្រាចារ្យ ហ្គារ៉េត អេវ៉ានស៍ ការ​ខកចិត្ត​ដ៏​ធំ​បំផុត​មួយ​នៃ​ជីវិត​សាធារណៈ​របស់​ខ្ញុំ​គឺ​ការ​បរាជ័យ​របស់​សហគមន៍​អន្តរជាតិ​--និង​ការ​បរាជ័យ​របស់​ខ្ញុំ​ផ្ទាល់​--ការ​បរាជ័យ​របស់​យើង​ទាំង​អស់​គ្នា​--គឺ​ការ​តម្រូវ​គ្នា​រវាង​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​កម្ពុជា​ដែល​ពួក​យើង​ជាច្រើន​នាក់​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​វា​ជាមួយ​នឹង​ការ​សម្រេច​បាន​លទ្ធផល​មួយ​ផ្នែក​ទាក់ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ ការពិត​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។ មនុស្ស​ជា​ច្រើន​នឹង​នៅ​ចងចាំ​នូវ​ក្តី​សប្បាយ​រីករាយ​ដ៏​ក្រៃលែង​ដែល​យើង​មាន​អារម្មណ៍​នៅ​ពេល​នោះ រំភើប​នឹង​ក្តី​សង្ឃឹម​នៃ​សន្តិភាព​ដែល​កើតមាន​ឡើង​នៅ​ទីបំផុត​ និង​ឱកាស​ដែល​មនុស្ស​ជាច្រើន​បាន​ទន្ទឹង​រង់ចាំ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ និង​ការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​និង​ការភ័យខ្លាច​ការវាយប្រហារ​ដោយ​គ្រាប់បែក​ពី​ពួក​ខ្មែរ​ក្រហម​ ប្រជាជន​ខ្មែរ​ស្លូតត្រង់​ -មាន​ទាំង​បុរស ស្ត្រី កុមារ​និង​គ្រួសារ​របស់​ពួកគេ​ទាំងមូល​រាប់​ពី​ជីដូន​រហូត​ដល់​ទារក-បាន​តម្រង់​ជួរ​នៅ​ការិយាល័យ​បោះឆ្នោត។ សម្រាប់​មនុស្ស​ភាគច្រើន​ វា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​គណបក្ស​ឈ្នះឆ្នោត​គឺ​គណបក្ស​រាជានិយម​របស់ សម្តេច​សីហនុ​ ជាមួយគ្នា​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​ជាប់​លំដាប់​ទី២។ ប៉ុន្តែ​លោក ហ៊ុន សែន ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ទទួល​យក​លទ្ធផល​នេះ​ ហើយ​នៅ​ទីបំផុត​ការរៀបចំ​ការចែក​រំលែក​អំណាច​ដ៏​ចម្រូងចម្រាស​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ត្រូវ​បាន​ទទួល​យក​ដោយ​គ្មាន​ការជំទាស់​ពី​សហគមន៍​អន្តរជាតិ។ នេះ​គឺ​ជា​ការ​ទស្សន៍ទាយ​រឿងរ៉ាវ​ដែល​នឹង​កើតឡើង​ដោយ​សារ​តែ​ការ​ប្រឆាំង​របស់ ​លោក ហ៊ុន សែន​ប្រកប​ដោយ​អំពើ​ហិង្សា​នោះ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​អំណាច​នៃ​គណបក្ស​របស់​លោក​គឺ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។ អស់លោក​-លោកស្រី​នឹង​នៅ​ចងចាំ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​ខែ​មីនា ឆ្នាំ ១៩៩៧​ ទៅ​លើ​បាតុកម្ម​របស់​ក្រុម​ជំទាស់​ដែល​ដឹកនាំ​ដោយ​ លោក សម រង្ស៊ី ​ដែល​បាន​សម្លាប់​មនុស្ស​ ១៧ នាក់​និង​បាន​រង​របួស​ជាង​មួយ​រយ​នាក់។ បន្ទាប់​មក​ខែ​កក្កដា​ឆ្នាំ​នោះ​បន្ទាប់​ពី​អំឡុង​ពេល​មិន​ចុះសម្រុង​គ្នា​នៃ​ការ​ចែកអំណាច​ជាមួយ​ក្រុម​រាជានិយម​របស់​ព្រះអង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ ​លោក ហ៊ុន សែន​ បាន​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ដែល​គូប្រជែង​របស់​គាត់​ត្រូវ​បាន​និរទេស ​ចាប់ខ្លួន​ រង​ការ​ធ្វើ​ទារុណកម្ម​ ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​យ៉ាង​ឃោរឃៅ។ ខណៈ​ពេល​ដែល​ហេតុការណ៍​ដ៏គួរ​ឱ្យ​ភ័យខ្លាច​ទាំងនេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្ដរជាតិ​នៅ​ពេល​នោះ​ ប៉ុន្តែ​គ្មាន​ប្រតិកម្ម​របស់​អន្តរជាតិ​ណាមួយ​មាន​ប្រសិទ្ធភាព​ឬ​មាន​ទម្ងន់​គ្រប់គ្រាន់​ក្នុង​ការទប់ស្កាត់​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ឡើយ។ វា​គ្រប់គ្រាន់​ហើយ​សម្រាប់​សហគមន៍​អន្តរជាតិ​ដែល​សញ្ញាណ​ផ្លូវការ​នៃ​ការបោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​គ្មាន​នរណា​ម្នាក់​ចង់​ស្វែងយល់​ពី​តថភាព​ដ៏​សំខាន់​នៅ​ពីក្រោយ​រឿងនេះ។ នៅ​ពេល​នោះ ​ខ្ញុំ​ចង់​ជឿ​ថា​ការ​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​ ១៩៩៧​ គឺ​ជា​រឿង​បណ្តោះអាសន្ន​ ហើយ​មាន​មនុស្ស​ជាច្រើន​ក៏​ជឿ​ដូច​ខ្ញុំ​ដែរ។ ប៉ុន្តែ​អ្វីៗ​មិន​បាន​ល្អ​ប្រសើរ​ទេ​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក។ នៅ​ឆ្នាំ ២០១៤ ​មាន​អំពើ​ហិង្សា​ដ៏​ប្រល័យ​កាន់តែ​ច្រើន​ឡើងៗ​ប្រឆាំង​នឹង​បាតុករ​គ្មាន​អាវុធ​នៅ​នឹង​ដៃ​ដែល​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដែល​មាន​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​មុន​ហើយ​ការ​បាញ់​ស្លាប់​កម្មករ​កាត់ដេរ​ចំនួន​៥​នាក់​នៅ​រាជធានី​ភ្នំពេញ​ពេល​ដែល​ពួកគេ​ទាមទារ​ដោយ​សន្តិភាព​នូវ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ពួកគេ​គួរ​ទទួល​បាន។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឱ្យ​ខ្ញុំ​សរសេរ​អត្ថបទ​វិចារណកថា​បែប​ទស្សនៈ​សាកល​មួយ​ដោយ​បាន​លើក​ឡើង​ជា​ចម្បង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មិនបាន​ទទួល​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ការ​សម្លាប់​មនុស្ស​ ...​ លោក ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​គាត់​ឥឡូវនេះ​បាន​ទៅ​ហួស​ពី​ភាព​ក្រៅច្បាប់។ វា​ដល់​ពេល​ដែល​ត្រូវ​បង្ហាញ​ឈ្មោះ ​ធ្វើ​ឱ្យ​ខ្មាស់អៀន​ ស៊ើបអង្កេត​និង​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​នយោបាយ​កម្ពុជា​ដោយ​សហគមន៍​អន្តរជាតិ‍»។ ជំហរ​នោះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដោយ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ រហូត​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ​ក្នុង​ចំណោម​អំពើ​សាហាវ​យង់ឃ្នង​ទាំងនោះ​រួមមាន៖ - ការ​សម្លាប់​សកម្មជន​នយោបាយ​ដ៏​ល្បីល្បាញ ​លោក កែម ឡី​ ទាំង​កណ្តាល​ថ្ងៃ​ដោយ​ឥត​អៀន​ខ្មាស់​ ដែល​ប្រពន្ធ​របស់​គាត់​គឺ​អ្នកស្រី​ ប៊ូ រចនា​ កំពុងតែ​រស់នៅ​ជាមួយ​ពួក​យើង​ក្នុង​ប្រទេស​អូស្ត្រាលី។ - ការ​បិទ​កាសែត​ខេមបូឌា​ដេលី​បន្ទាប់ពី​ទទួល​បាន​វិក្កយបត្រ​ពន្ធ​ដ៏​ធំ​សម្បើម​ ការ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ជាច្រើន​និង​ការ​គំរាម​កំហែង​ជា​ប្រព័ន្ធ​ដល់​អ្នកសារព័ត៌មាន​ផ្សេង​ទៀត។ - ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​រយៈ​ការ​រាំងស្ទះ​តាម​ផ្លូវ​ច្បាប់​និង​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅ​លើ​សហជីព​ការងារ​ ក្រុម​បរិស្ថាន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​បណ្តាញ​ក្រុម​ជំទាស់​ដទៃ​ទៀត។ - ការ​ដាក់​គុក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា ​លើ​បទ​ចោទ​ប្រកាន់​ដែល​ប្រឌិត​ឡើង​ទាំងស្រុង​ពី​ «អំពើ​ក្បត់​ជាតិ‍» ​ការ​គំរាម​កំហែង​ជា​ទៀងទាត់​ពី​សំណាក់ លោក ហ៊ុន សែន​ ឬ​មនុស្ស​ជំនិត​របស់​គាត់​ដែល​ថា​នឹង​ «តាម​វាយ»​ ឬ​ធ្វើ​អាក្រក់​ជាង​នេះ​ទៅ​លើ​ប្រជាជន​ខ្មែរ​កំពុង​រស់នៅ​បរទេស​ដែល​នឹង​តវ៉ា​ប្រឆាំង​នឹង​ លោក ហ៊ុន សែន។ - អំពើ​សាហាវ​យង់ឃ្នង​មិន​ចេះ​ខ្មាស់អៀន​ដោយ​ប្រើប្រាស់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ដើម្បី​ហាមប្រាម​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ហាមឃាត់​សមាជិក​សភា​ទាំងអស់​និង​មន្ត្រី​ជាច្រើន​ទៀត​របស់​គណបក្ស​នេះ​មិន​ឱ្យ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ខាងមុខ​ បន្ទាប់​មក​អាសនៈ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋបាល​គ្រប់​កម្រិត​ត្រូវ​បាន​បែងចែក​ទៅ​អ្នកគាំទ្រ​រដ្ឋាភិបាល​ទៅ​វិញ។ ជាមួយ​នឹង​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន​ នៅ​ឆ្នាំ​នេះ​ ការ​កសាង​វង្ស​ត្រកូល​គ្រួសារ​របស់​គាត់​ដើម្បី​រស់រាន​មាន​ជីវិត​ ការ​រីក​ចម្រើន​នៅ​លើ​បណ្តាញ​នៃ​អំពើ​ពុករលួយ​ដែល​គាត់​បាន​កសាង​ឡើង​នៅ​ជុំវិញ​ខ្លួន​គាត់​និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ឥត​អៀនខ្មាស់​ដែល​ប្រទេស​នេះ​បាន​ទទួល​ពី​ប្រទេស​ចិន​ ដោយ​មិន​មាន​អាស៊ាន​ឬ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​រួម​ទាំង​ប្រទេស​អូស្ដ្រាលី​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ព្យាយាម​ដាក់​សម្ពាធ​ឆ្លើយតប​ឱ្យ​បាន​ធ្ងន់ធ្ងរ​ផង​នោះ​ វា​មិន​មាន​ហេតុផល​ណា​ច្រើន​គួរ​ឱ្យ​មាន​សុទិដ្ឋិនិយម​ថា​ ស្ថានការណ៍​ដ៏​គួរ​ឱ្យ​អាណោច​នេះ​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ឆាប់ៗ​នេះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ក្តី​សង្ឃឹម​និង​សុទិដ្ឋិនិយម​ហើយ​អ្វី​ដែល​ផ្តល់​ឱ្យ​យើង​នូវ​ហេតុផល​ឱ្យ​មាន​សេចក្តី​សង្ឃឹម​គឺជា​មោទនភាព​ ភាព​ក្លាហាន ​និង​ភាព​ធន់​របស់​ប្រជាជន​កម្ពុជា។ មាន​ភ័ស្តុតាង​ច្រើន​ណាស់​បង្ហាញ​ថា​មាន​ប្រជាជន​ភាគច្រើន​ចង់​រើ​ចេញ​ពី​នឹម​នៃ​អំណាច​ផ្តាច់ការ​ ហើយ​ស្តារ​ភាពសមរម្យ​និង​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​ការគ្រប់គ្រង​និង​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ​ ការ​ប្តេជ្ញា​ចិត្ត​និង​សមត្ថភាព​របស់​អ្នកការពារ​សិទិ្ធ​មនុស្ស​បន្ត​បកស្រាយ​និង​ធ្វើការ​ដើម្បី​ផ្លាស់ប្តូរ​ទោះបីជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​ក៏ដោយ​ ហើយ​សំឡេង​របស់​ពួកគេ​ត្រូវ​បាន​ចងក្រង​យ៉ាង​ល្អ​នៅ​ក្នុង​សៀវភៅ​នេះ។ រឿងរ៉ាវ​ទាំងអស់​ក្នុង​សៀវភៅ​នេះ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ហើយ​រឿងរ៉ាវ​ទាំងនេះ​ក៏​បន្ថែម​ព័ត៌មាន​ថ្មីៗ​ចំពោះ​កំណត់ត្រា​សាធារណៈ​ ក្តោប​លើ​ផ្នែក​ជាច្រើន​នៃ​បញ្ហា​សិទ្ធិមនុស្ស​ដែល​ប្រជាជន​កំពុងតែ​ប្រយុទ្ធ​ទាមទារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​សិទ្ធិ​ក្នុង​ការរស់នៅ​ដោយ​គ្មាន​អំពើ​ហិង្សា​ ទៅ​ការ​ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិវិធី​និង​ការ​រួបរួម​គ្នា​ដោយ​សន្តិវិធី​ ការ​បែង​ចែក​អំណាច​និង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ការ​ចែកចាយ​ទ្រព្យ​សម្បត្តិ​ដោយ​យុត្តិធម៌​ មិន​ត្រូវ​ដកហូត​ទ្រព្យ​សម្បត្តិ​តាមតែ​អំពើ​ចិត្ត​និង​ការ​ទទួល​បាន​ជីវភាព​រស់នៅ​សមរម្យ។ ហើយ​រឿងរ៉ាវ​ទាំងនេះ​ត្រូវ​បាន​រៀបរាប់​ដោយ​បុគ្គល​ដ៏​អស្ចារ្យ​មួយ​ចំនួន។ លោក ​ធន សារ៉ាយ​ ដែល​ជា​អតីត​អ្នកទោស​នយោបាយ​នៅ​សម័យ​គ្រប់គ្រង​ដោយ​វៀតណាម​ដែល​បាន​បង្កើត​សមាគម​អាដហុក​ (សមាគម​ការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា) ​នៅ​ឆ្នាំ ១៩៩១។ លោកស្រី ​កេក ហ្គាឡាប្រ៊ូ ដែល​បាន​បង្កើត​អង្គការ​លីកាដូ ​(សម្ព័ន្ធ​កម្ពុជា​សម្រាប់​ការ​លើកកម្ពស់​និង​ការពារ​សិទិ្ធ​មនុស្ស)​ ជា​លើក​ដំបូង​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ១៩៩១​ ហើយ​បន្ទាប់មក​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩២។ អ្នក​ទាំង​ពីរ​នៅតែ​បន្ត​ដឹកនាំ​អង្គការ​ទាំងពីរ​នេះ​ពេល​បច្ចុប្បន្ន​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ទីប្រឹក្សា​ជើងចាស់​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ដូចជា​ លោក ឈិត សំអាត​ នៅ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​និង​ លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ (គណៈកម្មាធិការ​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា) ដែល​សំឡេង​របស់​ពួកគេ​ត្រូវ​បាន​កត់ត្រា​នៅ​ទីនេះ។ យើង​ក៏​មាន​សំដី​ផ្ទាល់​របស់​លោក​កឹម សុខា​ដែល​បាន​បង្កើត​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ មុន​ពេល​លោក​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដោយ​ផ្ទាល់​ លោក​ណែនាំ​អ្នក​ស្នង​តំណែង​របស់​លោក​គឺ ​លោក អ៊ូ វីរៈ ​ដែល​យើង​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​លោក​បាន​មក​ចូលរួម​ក្នុង​ពិធី​ថ្ងៃនេះ។ លោក វីរៈ បាន​បង្កើត​អង្គការ​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​ ហើយ​លោក​ក៏​ជា​អ្នកណែនាំ​អ្នក​ស្នង​តំណែង​ផ្ទាល់​របស់​គាត់​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​គឺ​អ្នកស្រី​ ចក់ សុភាព​ ដែល​បាន​បញ្ចេញ​សំឡេង​នៅ​ក្នុង​សៀវភៅ​នេះ​ផង​ដែរ។ អ្វី​ដែល​ទាក់ទាញ​និង​បំផុស​គំនិត​ខ្ញុំ​បំផុត​អំពី​សំឡេង​របស់​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំងនេះ​ហើយ​ខ្ញុំ​មិន​បាន​រៀបរាប់​ឈ្មោះ​ពួកគាត់​ទាំងអស់​គឺ​សុទិដ្ឋិនិយម​របស់​ពួកគេ​ទំនុក​ចិត្ត​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យុវជន​កម្ពុជា​ ក្តី​សង្ឃឹម​និង​ជំនឿ​ដែល​ពួកគេ​ជឿ​ថា ​ភាពសមរម្យ​នឹង​ពិតជា​កើតមាន។ ហើយ​ពួកគេ​កំពុង​ធ្វើអ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​បង្វែរ​បំណង​ប្រាថ្នា​នេះ​ទៅជា​ការពិត​ទោះបីជា​វា​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា​ក៏ដោយ។ ពួកគេ​ជា​អ្នកឃ្លាំមើល​ហើយ​ជារឿយៗ​ប្រឈមមុខ​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រក​ភស្តុតាង​នៃ​ឥរិយាបថ​មិន​ល្អ​របស់​របប​នេះ​ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​បាន​ដឹង។ ពួកគេ​កំពុងតែ​បង្ហាញ​យ៉ាង​ច្បាស់​កំណែ​ទម្រង់​ចាំបាច់​ទៅ​រចនា ​សម្ព័ន្ធ​និង​ដំណើរការ​ស្ថាប័ន។ ពួកគេ​ធ្វើ​ឱ្យ​សំឡេង​របស់​ខ្លួន​បាន​ឮ​ជាមួយរដ្ឋាភិបាល​ដទៃ​ទៀត​ ដោយ​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ទាំងនោះ​ប្រាស្រ័យ​ទាក់ទង​ពី​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ​តាម​រយៈ​យន្ត​ការ​ទ្វេភាគី​ ក្នុង​តំបន់​និង​ពិភពលោក​ដែល​អាច​ធ្វើ​បាន​ហើយ​សំខាន់​ជាង​នេះ​ទៅទៀត​ពួកគេ​កំពុងតែ​រក្សា​ក្តី​សង្ឃឹម​ឱ្យ​រស់នៅ​ក្នុង​ចិត្ត​របស់​ប្រជាជន​កម្ពុជា។ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ធ្វើ​ឱ្យ​គម្រោង​សៀវភៅ​នេះ​ទទួល​បាន​ជោគជ័យ។ អ្នក​ក្លាហាន​ដែល​បាន​រៀបរាប់​រឿងរ៉ាវ​របស់​ពួកគេ​ដូចជា​ លោក អ៊ូ វីរៈ​ ដែល​យើង​នឹង​ឮ​មតិ​ចំណាប់​អារម្មណ៍​របស់​គាត់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដែល​អ្នក​ទាំង​នោះ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ផ្នែក​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការ​រួម​ចំណែក​ដល់​គម្រោង​នេះ។ អ្នកបកប្រែ​ លោក ប៉ា ចន្ទរឿន ​និង​លោកស្រី​ យី សុភា ដែល​បាន​ធ្វើ​ឱ្យ​សំឡេង​របស់​ខ្មែរ​ទាំងនេះ​អាច​ឮ​ដល់​ទស្សនិកជន​អន្តរជាតិ។ លោកស្រី ​សាលី ហិដ​ និង​ក្រុម​ជំនាញ​វិជ្ជាជីវៈ​ឆ្នើម​របស់​គាត់​នៅ​រោងពុម្ព​សាកលវិទ្យាល័យ​មែលប៊ិន​ដែល​យល់​ច្បាស់​ពី​សារៈសំខាន់​និង​គាំទ្រ​ដំណើរ​ការងារ​សៀវភៅ​នេះ​តាំងពី​ដំបូង។ ប៉ុន្តែ​លើស​ពី​នេះ​ទៅទៀត​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ ​លោកស្រី​ ស៊ូ ខូហ្វហ្វី​ ចំពោះ​គំនិត​និង​ការ​បំផុស​គំនិត​ចង​ក្រង​សៀវភៅ​នេះ​តាម​រយៈ​បទពិសោធន៍​ការ​ធ្វើ​ការងារ​របស់​គាត់​នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ២០១២-២០១៣​ ជា​អ្នក​ផ្តល់​យោបល់​ផ្នែក​ទំនាក់​ទំនង​ដល់​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្នុង​កម្មវិធី​ជំនួយ​របស់​អូស្រ្តាលី​នៅ​កម្ពុជា​ ហើយ​បាន​ដកស្រង់​ជំនាញ​ដ៏​គួរ​កោតសរសើរ​របស់​គាត់​ក្នុង​នាម​ជា​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​ទំនាក់​ទំនង​និង​គោលនយោបាយ​ទាក់ទង​នឹង​បញ្ហា​សិទិ្ធ​មនុស្ស​ដែល​គាត់​បាន​ធ្វើការ​ជាច្រើន​ឆ្នាំ​ទាំង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​និង​ក្រៅ​ប្រទេស​សម្រាប់​រដ្ឋាភិបាល​ ស្ថាប័ន​កំពូលៗ​ និង​អង្គភាព​មិន​រក​ប្រាក់​ចំណេញ។ គាត់​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​សំឡេង​របស់​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំងនេះ​ត្រូវ​បាន​គេ​ឮ ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។ លោកស្រី​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ប្រមូល​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ផ្តល់​ដោយ​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​និង​ព័ត៌មាន​មួយ​ផ្នែក​ពី​ លោក ប៊ែន្នី វីដ្យូណូ ​ដែល​ជា​អតីត​មន្ត្រី​អ៊ុនតាក់​ និង​លោក​ស្រី រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​សៀវភៅ​នេះ​មាន​រឿង​សម្បូរ​បែប​និង​កាន់តែ​មាន​តម្លៃ។ ខ្ញុំ​គិត​ថា​ ពួក​យើង​ក៏​សូម​អរគុណ ​លោកស្រី ស៊ូ ខូហ្វហ្វី​ ផង​ដែរ​ចំពោះ​សេចក្តី​សប្បុរស​របស់​គាត់​ក្នុង​ការ​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​ដំណើរការ​ធ្វើ​សៀវភៅ​នេះ​ទាំង​មូល ​រួម​ទាំង​ការ​ចំណាយ​លើ​ការ​បកប្រែ​សៀវភៅ​នេះ​ជា​ភាសាខ្មែរ​ ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​របស់​លោក អ៊ូ វីរៈ​ និង​ក្រុម​អ្នក​បកប្រែ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​សៀវភៅ​នេះ។ លោកស្រី ​ស៊ូ ខូហ្វហ្វី ​គឺជា​មិត្ត​ដ៏​ល្អ​កម្រ​រក​បាន​របស់​ប្រទេស​កម្ពុជា​និង​ប្រជាជន​ខ្មែរ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ចំណែក​នូវ​អ្វី​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​គម្រោង​ធ្វើ​សៀវភៅ​នេះ​តាំងតែ​ពី​ដើម​ដំបូង។ ពេលនេះ​ខ្ញុំ​រីករាយ​ណាស់​ដោយ​មាន​កិត្តិយស​បើក​សម្ពោធ​សៀវភៅ​នេះ​ និង​សូម​លើកទឹកចិត្ត​អ្នក​ មិត្តភក្តិ​របស់​អ្នក​ និង​មិត្ត​រួម​ការងារ​របស់​អ្នក​ជាវ​សៀវភៅ​នេះ​ផង។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​ក្តី​សោមនស្ស​សូម​អញ្ជើញ​លោកស្រី​ ស៊ូ ខូហ្វហ្វី​ មក​វេទិកា​ដើម្បី​មាន​មតិ​ទាក់ទង​នឹង​ដំណើរការ​ចងក្រង​សៀវភៅ​នេះ៕ ប្រែសម្រួល​ដោយ​លោក​ប៉ា ចន្ទរឿន

from ទស្សនៈ - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments