សកម្មជនបក្សប្រឆាំងអះអាងថា ពួកគាត់ធ្លាប់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច គឺដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសគេចពីការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការក្រោមការបញ្ជាពីលោក ហ៊ុន សែន។ ទោះជាយ៉ាងណា សកម្មជនមួយចំនួនដែលបានចុះចូលជាមួយបក្សកាន់អំណាចបានចាកចេញពីបក្សនេះវិញ ក្រោយចុះចូលបានមួយរយៈពេល។ តើមានអ្វីនៅពីក្រោយការបង្ខំចិត្តចុះចូលគណបក្សប្រជាជនកម្ពុជា ហើយរត់ចេញមកបក្សប្រឆាំងវិញ?
មន្រ្តី និងសកម្មជនបក្សប្រឆាំងមួយចំនួនបានចេញវីដេអូសុំទោស លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយនិយាយទម្លាក់កំហុសលើខ្លួនឯង ឬចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការដោះលែងឱ្យនៅក្រៅឃុំ ឬបញ្ចៀសការចាប់ខ្លួនដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៀត។ ប៉ុន្តែក្រោយមក អ្នកខ្លះក៏រត់ចេញពីគណបក្សកាន់អំណាចវិញ ក្រោយអ្នកទាំងនោះគេចខ្លួនរួចផុតពីកណ្តាប់ដៃរបស់លោក ហ៊ុន សែន ដោយសារតែពួកគេ មិនអាចបម្រើមហិច្ឆតារបស់មេដឹកនាំផ្តាច់ការដែលផ្ទុយពីឧត្តមគិត។
អតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះសីហនុ ដែលកំពុងភៀសខ្លួននៅប្រទេសជប៉ុនលោក គង់ ជិ ប្រាប់វិទ្យុអាស៊ីសេរីថា អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជាង ១០នាក់ ក្នុងនោះរួមទាំងរូបលោក បានទទួលលិខិតគំរាមចាប់ខ្លួន ស្របពេលសកម្មជនមួយចំនួនមានឈ្មោះក្នុងលិខិតដែរ រួមមាន លោក អេង ស្រួយ លោក លី រី អ្នកស្រី វង រុន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ ចំណែករូបលោកត្រូវបានអាជ្ញាធរ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាតាមគំរាមពីផលវិបាកផ្សេងៗរហូតលោកបង្ខំចិត្តធ្វើលិខិតចុះចូលដោះទាល់មួយគ្រាដើម្បីរួចផុតពីការចាប់ខ្លួន។
លោក គង់ ជិ៖ «ការចុះចូលកន្លងមក គឺជាការបង្ខិតបង្ខំ ការគំរាមកំហែងពីគ្រប់រូបភាពលើរូបខ្ញុំ បើសិនមិនមានការបង្ខំដល់ខ្ញុំទេគឺខ្ញុំអត់ចុះចូលទេ ហើយបើខ្ញុំចង់ចូលជាមួយបក្សប្រជាជនកម្ពុជានោះវិញ គឺខ្ញុំមិនទៅចំណាយពេលវេលា ថវិកាធ្វើសកម្មភាពគណបក្សប្រឆាំងដូចពេលនេះទេបាទ»។
លោក គង់ ជិ បច្ចុប្បនជាអនុប្រធានគណបក្សកម្លាំងជាតិប្រចាំប្រទេសជប៉ុន។ លោកឱ្យដឹងថាក្រោយការបោះឆ្នោតរួចហើយ លោក និងគ្រួសារបានបង្ខំចិត្តរត់ភៀសខ្លួនទៅប្រទេសជប៉ុន កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញ។ លោកបញ្ជាក់ថាការណ៍ដែលលោកប្រកាសចុះចូលជាមួយលោក ហ៊ុន សែន គឺដើម្បីរក្សាសន្តិសុខសុវត្ថិភាព ដោយពុំបានកើតចេញពីឆន្ទៈពិត ឬស្រឡាញ់តួនាទីអ្វីនោះឡើយ។ លោកចាត់ទុកយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន នេះថាជាឧបាយកលស្មោកគ្រោកក្នុងទិសដៅកម្ទេចកម្លាំងគណបក្សប្រឆាំង ហើយលោកប្តេជ្ញាតស៊ូជាមួយអ្នកប្រជាធិបតេយ្យជំរុញឱ្យកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមាននៅពេលខាងមុខ។
លោក គង់ ជិ៖ «ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ និងសន្តិភាពក្លែងក្លាយ ខ្ញុំទៅដល់ប្រទេសជប៉ុន គឺរដ្ឋាភិបាលរបស់គេអត់ដែលបង្ខិតបង្ខំពលរដ្ឋឯងឱ្យទៅគាំទ្រអ្នកណា ចាប់វាយខ្នោះអីនោះទេ។ រដ្ឋាបាលកម្ពុជាវិញថាគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ តែជាក់ស្តែងគឺអត់មានទេ គឺក្លែងក្លាយ បោកប្រាស់ ហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយខ្ញុំ ថ្កោលទោសចំពោះរដ្ឋាភិបាលកម្ពុជាតែងតែធ្វើទុក្ខបុកម្នេញ បង្ខិតបង្ខំលើពលរដ្ឋខ្មែរ»។
ស្រដៀងគ្នានេះដែរ អតីតអ្នកទោសមនសិការ លោក គង់ រ៉ៃយ៉ា ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏បានលាឈប់ពីតំណែងវិញ ក្រោយលោកភៀសខ្លួនដល់ប្រទេសថៃ ធ្លាប់និយាយនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីថា ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ម្នាក់ជាអ្នកបញ្ចុះបញ្ចូលផង និងគំរាមយកគុកច្រវ៉ាក់ផង បង្ខំឱ្យលោកចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។ លោកបន្តថា ពេលនោះលោកបារម្ភពីសុវត្ថិភាព ពីព្រោះក្រុមការងាររបស់លោកនៅរាជធានីភ្នំពេញមួយចំនួនត្រូវបានអាជ្ញាធចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធការតវ៉ាប្រឆាំងនឹង គ.ជ.ប ដែលមិនអនុញ្ញាតឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣។
លោក គង់ រ៉ៃយ៉ា ឱ្យដឹងថា លោកទទួលបានតួនាទីជាទីប្រឹក្សានៅក្រសួងអប់រំ និងទទួលបានលុយមួយកញ្ចប់សមល្មមអាចយកទៅទិញឡានមួយគ្រឿងបាន ក្រោយលោកចូលជួបថតរូបជាមួយលោក ហ៊ុន សែន។ លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកកន្លងមក គឺលោកធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពមួយពេលដោយមិនក្បត់អ្នកប្រជាធិបតេយ្យទេ។
លោក គង់ រ៉ៃយ៉ា៖ «ខ្ញុំមិនអាចបង្ខំចិត្តធ្វើការងារ ដែលខ្ញុំមិនពេញចិត្តឡើយ ហើយដូចខ្ញុំលើកឡើងពីមុនអ៊ីចឹង គោលដៅសំខាន់បំផុត គឺខ្ញុំធ្វើដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខ្ញុំចូលទៅគណបក្សប្រជាជនពុំមានគោលដៅបម្រើផលប្រយោជន៍ឱ្យគណបក្សប្រជាជនទេ បើទោះបីជាខ្ញុំគោរពសិទ្ធិសេរីភាពនយោបាយរបស់បងប្អូនដទៃទៀតក៏ដោយ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកាន់អំណាចទទួលយកសមាជិកភាពមកពីគណបក្សប្រឆាំងដោយសារការយោគយល់ដើម្បីជួយឱ្យពួកគេរួចផុតពីសំណាញ់ច្បាប់ដែលលោកអះអាងថា មន្រ្តីបក្សរបស់លោកមិនបានធ្វើសកម្មភាព ដើរសូកប៉ាន់ទិញទឹកចិត្តទេ។ លោក សុខ ឥសាន បានចោទអ្នកដែលធ្វើលិខិតសារភាពកំហុស និងប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ហើយរត់ត្រឡប់ទៅធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលវិញ ថា ជាការចុះចូលមិនស្មោះត្រង់ ហើយលោកព្រមានអ្នកទាំងនោះនឹងប្រឈមវិធានការផ្លូវច្បាប់ថែមទៀត។
ក្រៅពីការលួងលោម ទិញទឹកចិត្ត ផ្តល់តួនាទី មុខតំណែង ឋានៈ និងបុណ្យសក្តិនោះ រដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់គុកច្រវ៉ាក់ ឬការលើកលែងទោសធ្វើជាមធ្យោបាយ ដើម្បីបង្ខំ និងកែប្រែផ្នត់គំនិតមនុស្សដែលមានទំនោរប្រឆាំង ឱ្យងាកមកគាំទ្រគណបក្សប្រកាន់អំណាចវិញ។ រយៈពេលចុងក្រោយនេះ រដ្ឋាភិបាលត្រកូល ''ហ៊ុន'' មិនត្រឹមតែធ្វើទុកបុកម្នេញ ចាប់ខ្លួនអ្នករិះគន់ និងអ្នកប្រឆាំងយកទៅធ្វើបាបក្នុងគុកប៉ុណ្ណោះទេ ថែមទាំងធ្វើបាបសមាជិកគ្រួសាររបស់ពួកគាត់ថែមទៀត ដើម្បីដាក់សម្ពាធឲ្យអ្នកទាំងនោះ បញ្ឈប់ការតស៊ូមតិ និងចុះចូលជាមួយបក្សកាន់អំណាច។ ឧទាហរណ៍ដូចជាករណីសកម្មជនបក្សប្រឆាំងប្រចាំប្រទេសជប៉ុនលោក ហៃ វណ្ណា ជាដើម។
ទោះបីជារដ្ឋាភិបាលត្រកូលហ៊ុនប្រើអំណាចគាប់សង្កត់បែបនេះក្តី បច្ចុប្បន្នមានអ្នកទោសមនសិការជិត ១០០នាក់កំពុងជាប់ឃុំ ដោយភាគច្រើនពួកគាត់នៅតែរក្សាជំហររឹងមាំដោយសុខចិត្តបន្តជាប់ពន្ធនាគារ រីឯអ្នកខ្លះទៀតសុខចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេសដោយមិនចុះញមឡើយ។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំពន្ធនាគារព្រៃសលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីថា ប្តីលោកស្រីជាប់ពន្ធនាគារជិត ៣ឆ្នាំទាំងអយុត្តិធម៌ ប៉ុន្តែប្តីលោកស្រីមិនព្រមធ្វើលិខិតសុំទោសដោយនៅតែបន្តរក្សាឆន្ទៈនយោបាយ រឹងមាំជាមួយបក្សជំទាស់ដដែល។ លោកស្រី ទៀង ចិន្តា កោតសរសើរទឹកចិត្តរបស់ប្តីដែលលះបង់សេចក្តីសុខ ស៊ូទ្រាំលំបាកនៅក្នុងពន្ធនាគារ ដើម្បីបុព្វហេតុការពារយុត្តិធម៌ រក្សាភាពស្មោះត្រង់ បើទោះបីជាមន្រ្តីបក្សកាន់អំណាច និងមន្រ្តីពន្ធនាគារព្យាយាមបញ្ជុះបញ្ចូល សន្យា ថា នឹងដោះលែង ផ្តល់ប្រាក់ខែ និងតូនាទីក្នុងស្ថាប័នរដ្ឋជាង១០ដងមកហើយក្តី។ លោកស្រីទាមទារឱ្យរដ្ឋាភិបាលដោះលែងប្តីឱ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌដោះដូរ។
លោកស្រី ទៀង ចិន្តា៖ « ប្តីខ្ញុំស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ចង់បានសិទ្ធិសេរីភាពដោយមិនមានការសុំទោស ឬចុះចូលគេទេ ពីព្រោះគាត់ចង់បានសេរីភាពដោយយុត្តិធម៌»។
ជុំវិញរឿងនេះ មន្រ្តីសិទ្ធិមនុស្សលើកឡើងថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញ ក្នុងការគាំទ្រគណបក្សនយោបាយណាមួយដែលខ្លួនស្រលាញ់ពេញចិត្ត ដោយមិនមានការបង្ខិតបង្ខំក្រោមរូបភាពគាបសង្កត់នោះឡើយ។ ប៉ុន្តែបើសិនមានករណីគំរាមកំហែងឱ្យសារភាពកំហុស ឬប្រកាសចុះចូលគណបក្សកាន់អំណាចនោះជាទង្វើខុសច្បាប់ និងបំពានសិទ្ធិនយោបាយរបស់ពលរដ្ឋ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា កត់សម្គាល់ថា រូបភាពដែលសកម្មជននយោបាយបក្សជំទាស់ និងសកម្មជនសង្គម ធ្វើវីដេអូសុំទោស ប្រកាសចុះចូលជាមួយបក្សកាន់អំណាចកន្លងមកកើតឡើងនៅក្រោយពេលអ្នកទាំងនោះទទួលរងសម្ពាធផ្សេងៗ ដូចជាការចោទប្រកាន់តាមប្រព័ន្ធតុលាការ និងការចាប់ខ្លួនដាក់ពន្ធនាគារ។ លោកយល់ថា បើការសារភាពកំហុសក្នុងកាលៈទេសៈនិយាយយករួចខ្លួន ដោយសាររងសម្ពាធ ការគំរាមកំហែងនោះ ពុំមែនកើតចេញទឹកចិត្តពិតទេ។ ម្យ៉ាងទៀតលោកបញ្ជាក់ថា គោលការណ៍ច្បាប់ចាត់ទុករាល់ចម្លើយសារភាពទាំងឡាយដែលទទួលបានពីការដាក់ទណ្ឌកម្ម ការបង្ខិតបង្ខំគឺមិនអាចយកទៅធ្វើជាមូលដ្ឋានផ្លូវច្បាប់បានដែរ។
លោក នី សុខា៖ «សិទ្ធិនយោបាយគឺបុគ្គលម្នាក់ៗមិនត្រូវទទួលរងការបំភិតបំភ័យ ការគំរាមកំហែង ឬការសម្លុតតាមរូបភាព ឬរហូតដល់មានការរើសអើងនៅក្នុងរូបភាពណាមួយទេ។ បើសិនមានការគំរាមកំហែង ការបំភិតបំភ័យ ការរើសអើងក្រោមរូបភាពនយោបាយ អាហ្នឹងជារឿងមួយដែលមានការរំលោភលើសិទ្ធិនយោបាយ រំលោភលើគោលការណ៍សិទ្ធិមនុស្ស ហើយក៏ដូចជារំលោភលើគោលការណ៍ច្បាប់យើងផងដែរ»។
កន្លងមក អ្នកនយោបាយដែលចុះចូលជាមួយគណបក្សកាន់អំណាច លោក ហ៊ុន សែន បានព្យាយាមប្រើប្រាស់ឱ្យពួកគេអូសទាញមន្ត្រីបក្សប្រឆាំង និងបង្ក្រាបអ្នកណាដែលនៅតែមិនព្រមចុះចូល ជាមួយបក្សកាន់អំណាច ក្រោយមកអ្នកខ្លះក៏បាត់មុខពីឆាកនយោបាយ និងបាត់បង់តួនាទីក្នុងជួររដ្ឋាភិបាល ឬអ្នកខ្លះមានតែឋានៈតែគ្មានកន្លែងធ្វើការ ហើយអ្នកខ្លះទៀតត្រូវលោក ហ៊ុន សែន បោះបង់ចោលនៅពេលអស់តម្លៃជាដើម។
កាលពាក់កណ្តាលឆ្នាំ២០២៣ លោក ហ៊ុន សែន បានចេញសារព្រមានមន្ត្រីបក្សប្រឆាំងដែលមកចុះចូល ជាមួយគណបក្សកាន់អំណាចថា បើហ៊ានក្បត់លោកនឹងប្រឈមវិធានការផ្លូវច្បាប់គ្រប់ពេល ដូចជាការសើរើលើបទល្មើសចាស់ ឬសំណុំរឿងដែលមិនទាន់បានលើកលែងទោស។
លោក ហ៊ុន សែន៖ «បើអ្នកឯងគ្រាន់តែបោកប្រាស់ខ្ញុំ ក៏អ្នកឯងអត់រួចដែរ ក្នុងចំណោមសំណុំរឿងប្រាំលើកលែងបានតែមួយសល់បួនទៀត ហើយឥឡូវលើកលែងហើយ យើងដកដីកាចាប់ខ្លួន ហើយទុកសំណុំរឿងមួយកន្លែង ធ្វើមិនដឹងមិនលឺ ប៉ុន្តែបើអ្នកឯងហ៊ានក្បត់ជាមួយការសន្យាជាមួយខ្ញុំ ហើយពេលហ្នឹងអ្នកឯងអត់នៅក្រៅប្រទេសទៀតទេ អ្នកឯងចូលមកក្នុងស្រុកហើយ អ៊ីចឹងទេ អ្នកឯងក៏ចេញទៅក្រៅវិញអត់រួចដែរ »។
ពាក់ព័ន្ធរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ផ្តល់យោបល់ដល់អ្នកនយោបាយគួរប្រកាន់ជំហរមាំ អត់ធ្មត់ឱ្យបានខ្ពស់ ពីព្រោះការចេញលិខិតសុំទោស ឬប្តូរជំហរនយោបាយមិនបានត្រឹមត្រូវនឹងអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស គុណតម្លៃនយោបាយរបស់ខ្លួន និងបាត់ការគាំទ្រពីពលរដ្ឋនៅថ្ងៃអនាគត។ លោកចង់ឃើញអ្នកនយោបាយប្រគួតប្រជែងគ្នាដោយសុច្ចរិតភាព សេចក្តីថ្លៃថ្នូរ ដើម្បីធានាឱ្យសង្គមមានយុត្តិធម៌ ប្រជាធិបតេយ្យ និងការប្រកួតប្រជែងដោយស្មើភាពគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments