ការស្ទង់មតិមួយរបស់កាសែត New York Times ទៅលើសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកចំនួន ២៧០ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៦.៦០០ ករណីក្នុងចំណោមនិស្សិត និងបុគ្គលិកសាកលវិទ្យាល័យនានា និងបានរកឃើញករណីស្លាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចំនួន ១៤ ករណីផងដែរ។ សាកលវិទ្យាល័យចំនួនប៉ុន្មានរយក្នុងចំណោមសាកលវិទ្យាល័យជិត ១.០០០ ដែលកាសែតនេះបានទាក់ទងទៅ មិនបានឆ្លើយតបវិញនោះទេ។ ស្ថិតិនេះមិនបានរួមបញ្ចូលតួលេខសម្រាប់ឆមាសថ្មីនៅរដូវស្លឹកឈើជ្រុះខាងមុខ ដែលសាកលវិទ្យាល័យមួយចំនួនបានចាប់ផ្ដើមចូលរៀនរួចទៅហើយនោះឡើយ។ កាសែត New York Times បានឲ្យដឹងថា «ទិន្នន័យនេះ ដែលស្ទើរតែត្រូវបានគេរាប់ឡើងមិនគ្រប់ចំនួនផងនោះ បង្ហាញឲ្យឃើញនូវហានិភ័យដែលសាកលវិទ្យាល័យនានាប្រឈម ខណៈដែលសាកលវិទ្យាល័យទាំងនោះត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីនៅចំពេលដែលមានការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩»។ ក្រុមអ្នកអប់រំនានានៅក្នុងសហរដ្ឋអាមេរិកកំពុងសហការគ្នាដើម្បីរៀបចំផែនការការពារនិស្សិត និងបុគ្គលិករបស់ខ្លួនឲ្យបានល្អបំផុត កុំឲ្យឆ្លងជំងឺកូវីដ១៩ នេះ។ សាកលវិទ្យាល័យមួយចំនួនបានរៀបចំឲ្យនិស្សិតរៀនតាមអនឡាញទាំងស្រុង ខណៈដែលសាកលវិទ្យាល័យមួយចំនួនទៀតតម្រូវឲ្យនិស្សិតរៀនតាមអនឡាញផង និងរៀនដោយផ្ទាល់នៅក្នុងថ្នាក់ផង។ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលខ្លួនបានប្រកាសកាលពីថ្ងៃទី ១១ ខែមីនា នឹងបន្ដឆ្លងរាតត្បាតរយៈពេលយូរទៀត។ អង្គការ WHO បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយ ដោយលើកឡើងពីភាពនឿយហត់ចំពោះការឆ្លើយតបនឹងវិបត្តិនេះថា គណៈកម្មាធិការសង្គ្រោះបន្ទាន់នៃអង្គការនេះបានព្យាករណ៍ថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នឹងមានរយៈពេលយូរតទៅមុខទៀត ហើយកម្រិតហានិភ័យជាសាកលនៃជំងឺកូវីដ១៩ នេះមានកម្រិតខ្ពស់ខ្លាំង។ មកទល់នឹងពេលនេះ ទៅទូទាំងសាកលលោកមានករណីឆ្លងជំងឺកូវីដ១៩ យ៉ាងហោចណាស់ចំនួន ១៧ លាន ៨ សែននាក់ ហើយមនុស្សជាង ៦៨៥.០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
កាសែត New York Times ថា ការឆ្លងជំងឺកូវីដ១៩ មានជាង ៦ ពាន់ករណីនៅតាមសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments