នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ព្រមានអំពីការឆ្លងជំងឺផ្ដាសាយបក្សីក្នុងរដូវវស្សានេះ។ ការព្រមាននេះ គឺស្របពេលដែលមានជំងឺផ្ដាសាយតាមរដូវផង និងជាពេលដែលរដូវបុណ្យទានជិតមកដល់ផង។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សីប្រភេទ H5N1 នៅតែបន្តកើតមាននៅលើសត្វបក្សីក្នុងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ីនៅឡើយ បើទោះជាការឆ្លងជំងឺទៅលើមនុស្សលែងមាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្តថា បញ្ហាដែលគួរឲ្យព្រួយបារម្ភពីការលំបាកទប់ស្កាត់ និងត្រូវតាមដាន គឺជំងឺផ្ដាសាយបក្សីប្រភេទថ្មីបង្កឡើងដោយមេរោគ វីរុស ប្រភេទ H7N9 ដែលជាអនុក្រុមរបស់ផ្ដាសាយបក្សី H5N1៖ «»។
ជំងឺផ្ដាសាយបក្សីប្រភេទ H7N9 កើតមានរប៉េះរប៉ោះនៅក្នុងប្រទេសចិន ដែលគេរកឃើញដំបូងនៅឆ្នាំ២០១៣ ហើយឆ្លងមកប្រទេសឡាវ និងវៀតណាម ភាគខាងជើង។ តារាងរបាយការណ៍ពីអង្គការសុខភាពពិភពលោកបង្ហាញថា ប្រទេសកម្ពុជា មិនមានករណីឆ្លងជំងឺផ្ដាសាយបក្សីទេ ចាប់តាំងពីឆ្នាំ ២០១៤ ស្របពេលដែលប្រទេសអេហ្ស៊ីប បន្តមានរហូតមកដល់ឆ្នាំ២០១៧។ រីឯជំងឺផ្ដាសាយបក្សីប្រភេទ H7N9 គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើពិភពលោកមានករណីសរុប ១.៥៣៣ករណី ហើយស្លាប់ ៥៩២នាក់។ ក៏ប៉ុន្តែវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា ករណីជំងឺផ្ដាសាយបក្សី ប្រភេទ H7N9 នេះ មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជា នៅឡើយទេ។
មន្ត្រីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងមួយរូបទៀត គឺវេជ្ជបណ្ឌិត តេង ស្រី មានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សីទាំងពីរប្រភេទនៅតែមាននៅលើសត្វមាន់ទា ឯរោគសញ្ញាជំងឺផ្ដាសាយបក្សីទាំងពីរប្រភេទ និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ហៅថា មើស (MERS) គឺបង្ហាញឡើងចន្លោះពី ៧ ទៅ ១៤ថ្ងៃបន្ទាប់ឆ្លង៖ «គ្រុនក្ដៅ ក្អក ហើយនិងពិបាកដកដង្ហើម»។
វេជ្ជបណ្ឌិត តេង ស្រី ក៏អំពាវនាវដល់អ្នកកាន់សាសនាមូស្លីម ឲ្យប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាហៅថា មើស (MERS) ដែរ ពេលទៅចូលរួមបុណ្យហាជ នៅប្រទេសអារ៉ាប់៖ «»។
វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា ក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្កេនសម្រាប់តាមដានជំងឺឆ្លងផ្ដាសាយនៅតាមច្រកចេញចូលអន្តរជាតិសំខាន់ៗ ដូចជានៅវាលយន្តហោះ កំពង់ផែ និងច្រកព្រំដែន។
ដើម្បីបង្ការការឆ្លងជំងឺទាំងនេះឆ្លង វេជ្ជបណ្ឌិតទាំងពីរណែនាំកុំឲ្យសត្វដែលឈឺងាប់ លាងដៃមុនពេលបរិភោគអាហារ ខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ ទទួលទានសាច់ឆ្អិន និងកុំបរិភោគសាច់សត្វឈឺ ឬងាប់ និងដាក់កុមារឲ្យឆ្ងាយពីមាន់ ឬទាឈឺ ឬងាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments