RFA | កម្ពុជា​រក​មិន​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ ករណី​ថ្មី​បន្ថែម​ទៀត​ទេ នៅ​ថ្ងៃ​ទី៥ ខែ​មេសា | hot news

By , Comment
Share on Facebook Tweet on Twitter
កម្ពុជា​រក​មិន​ឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​នេះ ថ្មី​បន្ថែម​ទៀត​ទេ នៅ​ថ្ងៃ​ទី៥ ខែ​មេសា។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល កាល​ពី​ព្រឹក​ថ្ងៃ​ទី៥ ខែ​មេសា។ នេះ​ជា​លើក​ទី៣ ដែល​កម្ពុជា​រក​មិន​ឃើញ​ករណី​ថ្មី​នៃ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ សម្រាប់​របាយការណ៍​ប្រចាំ​ថ្ងៃ​អំពី​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ក្រសួងសុខាភិបាល ក៏​រក​មិន​ឃើញ​ករណី​ថ្មី​នេះ​អ្នក​ផ្ទុក​ជំងឺ​នេះ​ដែរ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ បាន​កើន​ឡើង ១នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ សរុប​កើន​ឡើង​ដល់ ៤០នាក់។ បច្ចុប្បន្ន អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​សល់ ៦៥នាក់ ដែល​ភាគ​ច្រើន​ជា​បុរស។

ក្រសួងសុខាភិបាលកាលពីថ្ងៃទី៤ ខែ​មេសា  ហ៊ាន​ប្រកាស​ជា​ផ្លូវការ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់ ដែល​ផ្ទុក​ជំងឺ​កូវីដ-១៩ បាន​សះ​ស្បើយ​ពី​ជំងឺ​នេះ។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ថ្ងៃ​ទី៤ ខែ​មេសា​នេះ ក្រសួង​សុខាភិបាល​ថា បុរស​ជន​ជាតិ​ខ្មែរ​អាយុ ៣៩ឆ្នាំ ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មួយ រស់​នៅ​រាជធានី​ភ្នំពេញ បាន​ជា​សះ​ស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ២លើក និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

កាល​ពី​ដំបូង ពេល​បុរស​នេះ​ផ្ទុក​ជំងឺ​កូវីដ-១៩ ក្រសួង​សុខាភិបាល​បាន​លាក់​ព័ត៌មាន​នេះ ដោយ​ត្រឹម​តែ​ប្រាប់​ថា បុរស​នោះ​ជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​បារាំង​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ការ​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​ផ្ទុក​ជំងឺ​នេះ ត្រូវ​បាន​បែក​ធ្លាយ​នៅ​ក្នុង​សារ​សំឡេង​របស់​កូន​ប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​បញ្ជាក់​ថា នៅ​ក្រសួង​ការ​បរទេស មាន​ប្រធាន​នាយកដ្ឋាន​ម្នាក់​ផ្ទុក​ជំងឺ​នេះ ហើយ​បុរស​នេះ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មន្ត្រី​ទូត​ខ្មែរ និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ក្រោយ​ការ​បែក​ធ្លាយ​សារ​សំឡេង​នេះ ទើប​ក្រសួង​សុខាភិបាល​ប្រកាស​ថា ខ្លួន​មិន​បាន​លាក់​ព័ត៌មាន​នោះ​ទេ គឺ​ខ្លួន​ធ្វើ​អ្វីៗ ទៅ​តាម​បច្ចេកទេស​សុខាភិបាល ជាពិសេស​ក្រម​សីលធម៌​ក្នុង​ការ​មិន​ប្រាប់​អត្តសញ្ញាណ​នៃ​អ្នក​ជំងឺ។ ទោះ​ជា​មិន​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​នេះ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ក៏​ដោយ ក៏​ក្រសួង​ធ្លាប់​អះអាង​ថា មន្ត្រី​ជាន់​រូប​នោះ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​រួម នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មីនា​មក​ម្ល៉េះ។

ទោះ​ជា​ក្រសួង​អះអាង​យ៉ាង​នេះ​ក្តី ក៏​ពេល​ក្រសួង​ជូន​ដំណឹង​អំពី​ការ​រក​ឃើញ​មន្ត្រី​នេះ​ផ្ទុក​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា គឺ​មិន​បាន​បញ្ជាក់​ថា បុរស​នោះ ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ​ឡើយ។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អំពី​មូល​ហេតុ​ថា តើ​ហេតុ​អ្វី បាន​ជា​កាល​ពី​បុរស​នេះ​មាន​ផ្ទុក​ជំងឺ​នេះ ក្រសួង​លាក់​ព័ត៌មាន មិន​ហ៊ាន​ប្រាប់​ថា អ្នក​ជំងឺ​នោះ ជា​មន្ត្រី​នោះ​ជាន់​ខ្ពស់​រដ្ឋាភិបាល ប៉ុន្តែ​ដល់​តែ​ពេល​គាត់​ជា​សះស្បើយ​ពី​ជំងឺ​នេះ ទើប​ក្រសួង​ហ៊ាន​ប្រកាស​ការ​ពិត​ថា បុរស​នោះ​ជា​ជន​ជាតិ​ខ្មែរ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មួយ។ ប៉ុន្តែ មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ។

រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ណា​មួយ ដែល​ថា មន្ត្រី​ទាំង​អស់ ដែល​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​រូប​នេះ បាន​ជួប​ប្រាស្រ័យ​ទាក់ទង ត្រូវ​បាន​ធ្វើតេស្ត​រក​មើល​មេរោគ​កូរ៉ូណា​ថ្មី ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ដើម្បី​តាម​ដាន​សុខភាព​នោះ​ឡើយ។

ស្រប​ពេល​ដែល​ចំនួន​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ ម្ដង​ឡើង​ម្ដង​នៅ​នឹង​មួយ​កន្លែង ក៏​នៅ​មាន​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​ទៀត​ជាមួយ​នឹង​អ្នក​ផ្ទុក​ជំងឺ​នេះ នៅ​មិន​ទាន់​ចេញ​លទ្ធផល​តេស្ត​ចុង​ក្រោយ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​ពលករ​ខ្មែរ​ជាង ៥ម៉ឺន​នាក់ ដែល​សម្រុក​វិល​ត្រឡប់​ពី​ស្រុក​ថៃ មក​ខ្មែរ​វិញ តាំង​ពី​ថ្ងៃ​ទី២៣ ខែ មីនា នៅ​មិន​ទាន់​មាន​ពលករ​ណា​ម្នាក់ ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍​ថា បាន​យក​សំណាក​វត្ថុ​វិភាគ មក​ធ្វើ​តេស្ត​នៅ​ឡើយ​នោះ​ដែរ រហូត​មក​ដល់​ពេល​នេះ។

ចំណែក​អ្នក​ផ្ទុក​ជំងឺ​នេះ នៅ​ទូទាំង​ពិភព​លោក កើន​ឡើង​ដល់ ១.១៦១.៦៣៦​នាក់ អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង ៦២.៣៧៩​នាក់ ចំណែក​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​សរុប ២៣៧.១៤០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments