អតីតអ្នកភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ក្រុងសំរោង ដែលទទួលរងការបណ្ដេញចេញពីលំនៅឋាន អំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយពន្លឿនការបែងចែកដីសម្បទានសង្គមកិច្ចមកឱ្យពួកគេ ២១៤គ្រួសារ ឱ្យបានឆាប់រហ័សដើម្បីបានធ្វើស្រែចម្ការចិញ្ចឹមជីវិតវិញ។
ការអំពាវនាវនេះ នៅស្របពេលពលរដ្ឋជាច្រើនដែលជាអ្នករងគ្រោះដោយសារការបណ្ដេញចេញដើម្បីយកដីទៅឱ្យក្រុមហ៊ុនស្ករអំពៅនោះ កំពុងរស់នៅលើដីដែលអាជ្ញាធរដោះដូរឱ្យ ប៉ុន្តែគ្មានដីធ្វើស្រែ និងចម្ការសម្រាប់ចិញ្ចឹមជីវិតរយៈពេល ៨ឆ្នាំមកហើយ។
ពលរដ្ឋចំនួន ២២គ្រួសារដែលអាជ្ញាធរខេត្តឧត្តរមានជ័យ បានដោះដូរដីថ្មីឱ្យរស់នៅក្នុងភូមិទួលពង្រ កំពុងរស់នៅក្នុងជីវភាពលំបាកគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត ព្រមទាំងខ្វះស្បៀងអាហារប្រចាំថ្ងៃផង។
ក្រុមអ្នកភូមិទាំងនោះ គឺជាអតីតអ្នកភូមិអូរបាត់មាន់ ក្នុងចំណោមអ្នកភូមិសរុប ២១៤គ្រួសារ ដែលអាជ្ញាធរបានបណ្ដេញចេញពីលំនៅឋានដើម្បីយកដីភូមិ ដីស្រែចម្ការរបស់ពួកគេទៅឱ្យក្រុមហ៊ុនស្ករអំពៅ កាលពី ៨ឆ្នាំមុន។
ស្ត្រីចំណាស់ម្នាក់អាយុ ៧៥ឆ្នាំ ដែលពិការជើងម្ខាងក្នុងចំណោមអ្នកភូមិ ២២គ្រួសារនោះ គឺអ្នកស្រី យឹម រី។ អ្នកស្រីមានប្រសាសន៍ទាំងទឹកមុខក្រៀមក្រំថា រយៈពេល ៨ឆ្នាំហើយ ដែលរូបគាត់ និងអ្នកភូមិ ២១គ្រួសារទៀត ទ្រាំរស់នៅក្នុងព្រៃដោយមិនមានមនុស្សចេញចូល ព្រមទាំងគ្មានដីធ្វើស្រែចំការ និងខ្វះស្បៀងអាហារ។ ស្ត្រីដដែលបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរខេត្តឧត្តរមានជ័យ បណ្ដេញពួកគាត់ចំនួន ២១៤គ្រួសារ ឱ្យចាកចេញពីភូមិអូរបាត់មាន់ កាលពីឆ្នាំ២០០៩ ដើម្បីយកដីឱ្យក្រុមហ៊ុនស្ករអំពៅមក គឺរូបគាត់ និងពលរដ្ឋចំនួន ២១គ្រួសារទៀតស្ម័គ្រចិត្តទទួលយកដីថ្មីនៅភូមិទួលពង្រនេះ ហើយចាប់ពីពេលនោះមក បើទោះបីជាគ្មានដីធ្វើស្រែចម្ការ ព្រមទាំងគ្មានស្បៀងអាហារយ៉ាងណាក៏ដោយ ក៏មិនដែលឃើញអាជ្ញាធរមូលដ្ឋានណាមកជួយដោះស្រាយទេ៖ «លោកអើយខ្ញុំពិបាកណាស់! គេដោះដូរឱ្យខ្ញុំមករស់នៅទីនេះនិយាយពីវេទនា អត់បាយ គ្មានអ្វីហូបទេ។ ខ្ញុំពិការជើងអ៊ីចឹងខ្ញុំដើរចេញទៅក្រៅភូមិសុំគេហូប»។
ភូមិដែលអាជ្ញាធរដោះដូរដីថ្មីឱ្យពលរដ្ឋ ២២គ្រួសារទៅរស់នៅនោះ គឺព័ទ្ធជុំវិញទៅដោយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនស្ករអំពៅ និងកន្លែងខ្លះទៀត គឺជាតំបន់ព្រៃសហគមន៍។ សព្វថ្ងៃនេះ ដោយសារតែគ្មានដីធ្វើស្រែចំការ អ្នកភូមិជាច្រើនបាននាំគ្នាចេញចោលផ្ទះទៅរកការងារធ្វើនៅខេត្តឆ្ងាយៗ ចំណែកអ្នកខ្លះទៀត ទ្រាំរស់នៅដោយដើរចូលទៅក្នុងព្រៃសហគមន៍ដើម្បីបេះបន្លែព្រៃ រកជ័រឈើ និងដកផ្សិតព្រៃមកលក់ ដើម្បីទិញអង្ករដាំបាយហូបទាំងលំបាក។
អ្នកស្រី ម៉ម សៀងហៃ ជាអតីតអ្នកភូមិអូរបាត់មាន់ ម្នាក់ទៀត មានប្រសាសន៍ទាំងមានផ្សិតព្រៃខ្លះនៅក្នុងដៃថា រូបគាត់ ក៏ដូចជាអ្នកភូមិ ២១គ្រួសារទៀត គឺទ្រាំរស់នៅកន្លែងដីដែលអាជ្ញាធរដោះដូរឱ្យរយៈពេល ៨ឆ្នាំមកនេះ គ្មានអាហារគ្រប់គ្រាន់ទេ។ ជារៀងរាល់ថ្ងៃគាត់តែងចូលព្រៃដើម្បីរកបេះបន្លែដើរដកផ្សិតព្រៃយកទៅលក់ដើម្បីបានប្រាក់ខ្លះទិញអង្ករហូប៖ «ពិបាកណាស់លោកអើយរកអ្វីស៊ីគ្មានទេ បានតែពីការដើររកដកផ្សិតយកទៅលក់ ហើយទិញអង្ករដាំបាយហូប ចំណែកដីស្រែចំការគ្មានទេ»។
ភូមិទួលពង្រមានចម្ងាយ ៥៦គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតពីទីរួមខេត្តឧត្តរមានជ័យ ប៉ុន្តែវានៅមិនឆ្ងាយប៉ុន្មានពីភូមិអូរបាត់មាន់ ដែលអាជ្ញាធរបណ្ដេញពួកគេឱ្យចាកចេញដើម្បីយកដីទៅឱ្យក្រុមហ៊ុនស្ករអំពៅនោះទេ។ នៅរដូវវស្សា ការធ្វើដំណើរទៅកាន់ភូមិនោះមិនងាយស្រួលឡើយ ដោយបើករថយន្តមិនបានមានតែធ្វើដំណើរដោយជើង ហើយត្រូវឆ្លងអូរ និងពេលខ្លះហែលឆ្លងទឹកផង៖ «សំឡេងទឹកហូរ...»។
អតីតអ្នកភូមិអូរបាត់មាន់ នៅទួលពង្រនោះ មិនត្រឹមតែគ្មានដីធ្វើស្រែចម្ការ ហើយនិងខ្វះស្បៀងអាហារប៉ុណ្ណោះទេ គឺលំនៅឋានរបស់ពួកគេសង់ពីឈើប្រក់ស្បូវ ដែលមានដំបូលធ្លុះធ្លាយដោយគ្មានសាលារៀនសម្រាប់កុមារតូចៗ គ្មានមណ្ឌលសុខភាព ព្រមទាំងវត្តអារាមនៅក្បែរផង។ ជារៀងរាល់ថ្ងៃ នៅពេលដែលមានអ្នកជំងឺ គឺអ្នកភូមិទួលពង្រ តែងនាំគ្នាដឹកជញ្ជូនតាមម៉ូតូ ឬក៏គោយន្តឆ្លងកាត់កំណាត់ផ្លូវលិចទឹក និងភក់លំដ៏ពិបាក សំដៅទៅមណ្ឌលសុខភាព ដែលស្ថិតនៅចម្ងាយប្រហែល ១៥គីឡូម៉ែត្រ៖ «សំឡេងម៉ូតូ»។
អ្នកស្រី ហួយ ម៉ៃ តំណាងអតីតអ្នកភូមិអូរបាត់មាន់ មានប្រសាសន៍ថា មិនមែនតែពលរដ្ឋចំនួន ២២គ្រួសារដែលអាជ្ញាធរដោះដូរដីថ្មីឱ្យរស់នៅនេះទេ ដែលកំពុងជួបការលំបាកខាងជីវភាព គឺអ្នកស្រី និងពលរដ្ឋចំនួនជាង ១៩០គ្រួសារផ្សេងទៀតដែលទទួលរងការបណ្ដេញចេញដើម្បីយកដីទៅឱ្យក្រុមហ៊ុននោះ ក៏រស់នៅវេទនា គ្មានដីសង់ផ្ទះ និងដីស្រែចម្ការរយៈពេល ៨ឆ្នាំមកហើយ។ អ្នកស្រី ហួយ ម៉ៃ អំពាវនាវឱ្យប្រមុខរដ្ឋាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយពន្លឿនការផ្ដល់ដីសម្បទានសង្គមកិច្ចដែលដកហូតពីក្រុមហ៊ុនមកវិញនោះ មកឱ្យរូបគាត់ និងពលរដ្ឋចំនួន ២១៤គ្រួសារវិញឱ្យបានឆាប់រហ័ស៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ លោក ស ថាវី ជួយពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីនេះឱ្យបានឆាប់ ពីព្រោះដល់ពេលវេលាធ្វើស្រែចម្ការហើយ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន រកឃើញថា កាលពី ៨ឆ្នាំមុន បន្ទាប់ពីការបណ្ដេញចេញ គឺមានពលរដ្ឋចំនួន ២២គ្រួសារក្នុងចំណោម ២១៤គ្រួសារ បានស្ម័គ្រចិត្តដោះដូរដីថ្មីទៅរស់នៅភូមិទួលពង្រ ប៉ុន្តែបច្ចុប្បន្នដោយសារតែគ្មានស្បៀងអាហារ និងដីធ្វើស្រែចម្ការ ពលរដ្ឋទាំងនោះបាននាំគ្នាចាកចេញចោលផ្ទះសម្បែងជាបន្តបន្ទាប់ នៅសល់តែ ៨គ្រួសារប៉ុណ្ណោះ៖ «រហូតមកដល់ខែកក្កដានេះ ឥឡូវយើងមកមើលជាក់ស្ដែង ឃើញតែ ៨គ្រួសារ ដែលខំទ្រាំរស់នៅក្នុងព្រៃដ៏លំបាក»។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ដើម្បីសុំការអធិប្បាយអំពីស្ថានភាពអតីតអ្នកភូមិអូរបាត់មាន់ យ៉ាងណាឡើយនៅថ្ងៃទី១៣ ខែកក្កដា។ ប៉ុន្តែកាលពីថ្ងៃទី២ ខែកក្កដា លោក ស ថាវី ធ្លាប់អះអាងថា អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងអនុវត្តតាមលិខិតរបស់ក្រសួងកសិកម្ម យកដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនស្ករអំពៅ ទាំង៣ ទំហំជាង ១៨.០០០ហិកតារនោះ ទៅចែកជូនពលរដ្ឋនៅក្រុងសំរោង និងនៅស្រុកចុងកាល់ ចំនួនប្រមាណ ១.២០០គ្រួសារ ដែលប៉ះពាល់កាលពីជាង ៨ឆ្នាំមុននោះ ឱ្យបានធ្វើលំនៅឋាន និងដីស្រែចម្ការឡើងវិញនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments