ជើងហោះហើរថ្មីពីទីក្រុងកូឡាឡាំពួរ (Kuala Lumpur) មកកាន់ខេត្តព្រះសីហនុ ចាប់ផ្តើមបើកឲ្យដំណើរការហើយ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អាកាសយានដ្ឋានកម្ពុជា នៅថ្ងៃពុធ ទី៩ សីហា យន្តហោះដឹកអ្នកដំណើរចំនួន ១៨០នាក់ដំបូងរបស់ក្រុមហ៊ុន អ៊ែរ អាស៊ី (Air Asia) ដែលធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ សីហា។
សេវាអាកាសចរណ៍ថ្មីនេះ បើកដំណើរការរៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយចេញដំណើរពីទីក្រុងកូឡាឡាំពួរ និងមកដល់អាកាសយានដ្ឋានខេត្តព្រះសីហនុ នៅវេលាម៉ោង ១រសៀល។ ជើងហោះហើរនឹងត្រឡប់ទៅកាន់ទីក្រុងកូឡាឡាំពួរ វិញ ធ្វើឡើង ៤០នាទីនៅក្រោយនោះ។
ប្រធានពាណិជ្ជកម្មក្រុមហ៊ុន អ៊ែរ អាស៊ី (Air Asia) លោក ស្ប៉ិនស័រ លី (Spencer Lee) មានប្រសាសន៍ថា លោកសង្ឃឹមថាការចាប់ផ្ដើមនៃការហោះហើរថ្មីនេះ នឹងជួយប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាគោលដៅទេសចរណ៍មួយរបស់ប្រទេសអាស៊ាន និងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments