ក្រុមកម្មកររោងចក្រកាត់ដេរ ម៉េងដា ហ្វូតវៀ ហៅរោងចក្រEVC ជាង៧០០នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តការតវ៉ា នៅព្រឹកថ្ងៃទី៥ ធ្នូ បន្ទាប់ពីអាជ្ញាធរមិនអាចសម្របសម្រួលរកដំណោះស្រាយសមរម្យ សម្រាប់កម្មករបាន។
កម្មការិនីម្នាក់ និយាយថា ពួកគេទាមទារឲ្យថៅកែរោងចក្រឲ្យផ្ដល់ប្រាក់អតីតភាពការងារចំនួន ៥% សម្រាប់កម្មករគ្រប់គ្នា។ កម្មការិនីរូបនេះអះអាងថា រូបគាត់ផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានទាំងប្រថុយប្រថាន ដោយសារតែ ថៅកែរោងចក្របានព្រមានថា នរណាហ៊ាននិយាយជាមួយអ្នកសារព័ត៌មាននឹងប្រឈមការដេញចេញពីការងារ។ «»
កម្មកររោងចក្រកាត់ដេរ ម៉េងដា ហ្វូតវៀ បានផ្ទុះការតវ៉ាទាមទារដំឡើងប្រាក់ និងឈានដល់បិទផ្លូវ កាលពីថ្ងៃទី១ ធ្នូ។ ទំព័រហ្វេសប៊ុក (Facebook) របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ធ្នូ ចុះផ្សាយថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញចុះទៅសម្របសម្រួលដោយផ្ទាល់ និងសំណូមពរឲ្យកម្មករបើកផ្លូវវិញ ដោយសន្យាដោះស្រាយឲ្យកម្មករនៅថ្ងៃច័ន្ទ ទី៤ ធ្នូ ជាមួយមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កម្មការិនីដដែលនេះ អះអាងថា អាជ្ញាធរ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ធ្នូ មិនបានជួយសម្របសម្រួល ឬដោះស្រាយឲ្យកម្មករនោះទេ។ ក្រុមកម្មករថា អាជ្ញាធរ និងមន្ត្រីក្រសួងការងារមិនត្រឹមតែមិនជួយដោះស្រាយឲ្យកម្មករទេ ថែមទាំងបានព្រមានកម្មករថា នរណាហ៊ានចេញមុខតវ៉ា នឹងត្រូវចាប់ដាក់ឡានបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស។ កម្មករអះអាងថា ក្រុមមន្ត្រី មកជួបកម្មករ កាលពីថ្ងៃទី៤ ធ្នូ គឺដើម្បីដើរថតរូបក្រុមអ្នកតវ៉ា ជាជាងការស្វែងយល់ពីទុក្ខកង្វល់របស់កម្មករ។ សកម្មភាពក្រុមមន្ត្រីដើរថតរូប អ្នកតវ៉ា ត្រូវបានក្រុមកម្មករ ហៅជាការបំភិតបំភ័យពួកគេ ឲ្យឈប់តវ៉ា ប្រឆាំងថៅកែរោងចក្រ ដែលកិបកេង អត្ថប្រយោជន៍របស់កម្មករ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី៥ ធ្នូ ចំពោះការចោទប្រកាន់របស់កម្មកររោងចក្រ ម៉េងដា ហ្វូតវៀ។ ចំណែកហ្វេសប៊ុករបស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ និងទី៥ ធ្នូ ក៏មិនមានសរសេរអំពីដំណោះស្រាយ ជូនកម្មករដែលកំពុងតវ៉ានោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments