ការគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន កន្លងមក ត្រូវបានអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន ធ្វើអ្វីៗគ្រប់យ៉ាង ពិសេសការតាក់តែងធ្វើច្បាប់ និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសាដើម្បីតែបម្រើផលប្រយោជន៍អំណាចរបស់បក្សពួកលោក ទោះបីជាទង្វើទាំងនោះជាទង្វើផ្ទុយទៅនឹងច្បាប់កំពូលរបស់រដ្ឋ និងប្រាសចាកពីគន្លងប្រជាធិបតេយ្យយ៉ាងណាក្ដី។
អ្នកវិភាគអះអាងថា គណបក្សកាន់អំណាចនឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតឡើយ ទោះបីខំប្រើល្បិចរំលោភរដ្ឋធម្មនុញ្ញយ៉ាងណាដោយ។
អ្នកវិភាគនយោបាយលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងមិនទទួលជោគជ័យលើការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខទេ បើសិនជាការរៀបចំការបោះឆ្នោតនោះ ធ្វើឡើងដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍កាលពីថ្ងៃទី២៦ ខែធ្នូ ថា រដ្ឋាភិបាលបានធ្វើច្បាប់ជាច្រើនដើម្បីរឹតត្បិតសិទ្ធិសេរីភាព និងដើម្បីបន្តកាន់អំណាចទៅមុខទៀតបាន ក៏ប៉ុន្តែ ការប្រើប្រាស់យុទ្ធសាស្ត្រធ្វើច្បាប់ដើម្បីគាបសង្កត់នេះ រដ្ឋាភិបាលជោគជ័យលើការបង្ក្រាប និងរឹតត្បិត ក៏ប៉ុន្តែមិនប្រាកដថា ទទួលជោគជ័យលើការដឹកនាំរបស់ខ្លួននោះឡើយ ពីព្រោះថា សម័យបច្ចុប្បន្ននេះ ពលរដ្ឋមានការយល់ដឹងពីសង្គម និងនយោបាយជាច្រើន ខុសពីទសវត្សឆ្នាំ៨០ និង ៩០។ លោកបញ្ជាក់ថា ពលរដ្ឋជ្រើសរើសយកភាពស្ងប់ស្ងាត់ មិនមែនមានន័យថា ពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចរហូតឡើយ ពួកគាត់នឹងបញ្ចេញឆន្ទៈរបស់ខ្លួននៅពេលបោះឆ្នោត ដើម្បីបោះឆ្នោតទម្លាក់រដ្ឋាភិបាលក៏ថាបាន៖ «»។
គិតពីឆ្នាំ១៩៩៣ មកទល់ឆ្នាំ២០១៥ សភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើកមកហើយ ក្រៅពីនេះ ក៏បង្កើតច្បាប់ថ្មី និងធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀតទៅតាមកាលៈទេសៈនយោបាយក្នុងអាណត្តិនីមួយៗ ដូចជារដ្ឋាភិបាល ឬសភា បានបង្កើតច្បាប់ស្ដីពីសហជីព ដែលខាងតំណាងសហជីពថា ជាច្បាប់រឹតត្បិតសិទ្ធិសេរីភាពសហជីព ការធ្វើច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស និងកាលពីពេលថ្មីៗនេះ ការធ្វើវិសោធនកម្មច្បាប់ចំនួន ៤ទាក់ទងនឹងការបោះឆ្នោតជាដើម។ ក៏ប៉ុន្តែ ខាងរដ្ឋាភិបាលអះអាងថា ការបង្កើតច្បាប់ថ្មី និងវិសោធនកម្មរដ្ឋធម្មនុញ្ញទាំងនេះ គឺដើម្បីពង្រឹងនីតិរដ្ឋ។ លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យលោកអាចតែងតាំងរដ្ឋលេខាធិការបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាមុនទេ។
នៅក្នុងការគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំមកនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights watch) លើកឡើងថា ជារបបគ្រប់គ្រងមួយពោរពេញដោយអំពើហិង្សា និងបាញ់សម្លាប់អ្នកមានមតិផ្ទុយនឹងរដ្ឋាភិបាល ក្រៅពីនេះក៏មានការចាប់ចងមនុស្សជាច្រើន ដែលមិនគាំទ្រការដឹកនាំរបស់លោកដាក់ពន្ធនាគារ រួមទាំងមេបក្សប្រឆាំងផង ក្រោមហេតុផលថា អនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន បានធ្វើកិច្ចការជាច្រើនដើម្បីបំពេញបំណងរបស់ខ្លួនក្នុងការពារអំណាចលោក និងបក្សពួកលោក។ លោកបន្ថែមថា លោក ហ៊ុន សែន កំពុងទាញនាវាប្រជាធិបតេយ្យមិនច្បាស់លាស់របស់កម្ពុជា ធ្លាក់ទៅក្នុងរបបផ្ដាច់ការធ្ងន់ធ្ងរ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការធ្វើច្បាប់ផ្សេងៗទៀត ដែលរដ្ឋាភិបាលគិតថា ចាំបាច់ក្នុងការផ្ដួលគូប្រកួត ដូចជាការធ្វើវិសោធនកម្មច្បាប់ចំនួនទាក់ទងនឹងការបោះឆ្នោត ដើម្បីរំលាយគណបក្សប្រឆាំងកាលពីពេលថ្មីៗនេះ ជាដើម មិនខុសពីមេដឹកនាំផ្ដាច់ការរបស់អាល្លឺម៉ង់ គឺលោក អាដុលហ្វ៍ អ៊ីត្លែ (Adolf Hitler) ជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា អ៊ីត្លែ និងគណបក្សរបស់លោក ត្រូវបានគេបោះឆ្នោតជ្រើសរើសតាមប្រជាធិបតេយ្យដើម្បីគ្រប់គ្រងអាល្លឺម៉ង់ នៅដើមទសវត្សឆ្នាំ១៩៣០។ ប៉ុន្តែក្រោយមក អ៊ីត្លែ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបានអនុម័តច្បាប់ជាច្រើនដើម្បីបំបាត់គណបក្សនយោបាយដើម្បីសម្លាប់ពលរដ្ឋរបស់ខ្លួន (Jews) ហើយទីបំផុតបានសម្លាប់ប្រជាធិបតេយ្យទាំងអស់ដើម្បីគ្រប់គ្រងផ្ដាច់ការ និងក្ដោបក្ដាប់អំណាចទាំងស្រុង។ មិនខុសគ្នាទេ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សរបស់លោកបានធ្វើការតិច ឬច្រើនដូចគ្នានឹងអ៊ីត្លែដែរ ពិសេសការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការធ្វើធម្មនុញ្ញបន្ថែមឆ្នាំ២០០៤ ដើម្បីបានបន្តអំណាច វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីផ្លាស់ប្ដូរសំឡេងភាគច្រើន ពីរភាគបី (២/៣) ទៅ ហាសិបបូក១ (៥០+១) ការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាបន្ថែមជាមួយវៀតណាម ដែលជាច្បាប់ផ្ដាច់ការគ្មានការចូលរួមពិគ្រោះយោបល់បានគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ។ល។៖ «»។
ក្រៅនេះទៀត កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបង្ហើបថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យលោកអាចតែងតាំងមន្ត្រីត្រឹមថ្នាក់រដ្ឋលេខាធិការបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាមុននោះទេ។
កាសែត ខ្មែរ ថាមស៍ (Khmer Times) ដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន រាយការណ៍ឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ថា លោក ហ៊ុន សែន បានថ្លែងឲ្យដឹងអំពីគម្រោងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះនៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គរបស់លោក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនោះ លោក ហ៊ុន សែន ថ្លែងថា ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលោកអាចតែងតាំងមន្ត្រីឋានៈរដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យដោយផ្ទាល់។ លោកបន្តថា ការបើកផ្លូវឲ្យមានការតែងតាំងដោយផ្ទាល់នេះ នឹងធ្វើឲ្យការតែងតាំងមន្ត្រីមានឋានៈជារដ្ឋលេខាធិការមានភាពងាយស្រួលប្រសើរជាងមុនដើម្បីឲ្យមន្ត្រីរបស់លោកអាចបំពេញមុខតំណែងទំនេរនានា ពេលអនាគត។
នៅក្នុងរដ្ឋធម្មនុញ្ញ ក្រៅពីសភាជ្រើសតាំងគណៈរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការនោះ ក៏បានចែងពីការដាក់ទម្លាក់សមាជិកគណៈរដ្ឋមន្ត្រីពីតំណែងវិញដែរ។ មាត្រា ៩៨ថ្មី រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលចេញពីតំណែងដោយអនុម័តញត្តិបន្ទោសរដ្ឋាភិបាលដែលត្រូវបានលើកនៅក្នុងរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាតនៃសមាជិកសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន ៣០នាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។
ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញក៏បានចែងពីតំណាងរាស្ត្រក៏មានសិទ្ធិកោះហៅរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីមកសួរនៅក្នុងរដ្ឋសភាដែរ ប៉ុន្តែលោក ហ៊ុន សែន បានប្រើអំណាចរំលោភរដ្ឋធម្មនុញ្ញមិនឲ្យរដ្ឋមន្ត្រីរបស់ខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងរាស្ត្របក្សប្រឆាំងនៅពេលកន្លងមក។
ទោះបីជារដ្ឋធម្មនុញ្ញបានចែងបែងចែកដាច់ពីគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការក្ដី ប៉ុន្តែលោក ហ៊ុន សែន នៅតែមានឥទ្ធិពលលើស្ថាប័នទាំងបីទាំងបំពាន។ អ្នកវិភាគលើកឡើងថា ភាពមិនច្បាស់លាស់ចំពោះការអនុវត្តច្បាប់បែបនេះ ដោយសារតែស្ថាប័នកំពូលរបស់រដ្ឋគឺក្រុមប្រឹក្សាធម្មនុញ្ញគ្មានភាពម្ចាស់ការខ្លួនឯង និងមិនឯករាជ្យ រួមទាំងស្ថាប័នតុលាការផង។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ប្រទេសមួយត្រូវមានស្ថាប័នឯករាជ្យជាចាំបាច់ ដើម្បីបកស្រាយ និងពន្យល់ពីផ្លូវច្បាប់ បើសិនជារដ្ឋាភិបាលអនុវត្តខុសរដ្ឋធម្មនុញ្ញ និងដើម្បីដាក់ទណ្ឌកម្មរដ្ឋាភិបាលមិនឲ្យដើរប្រាសចាកពីច្បាប់ដែលមានជាធរមាន៖ «»។
រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានប្រព្រឹត្តកំហុសកាន់តែធ្ងន់ធ្ងរទៀតនោះ គឺការកែប្រែច្បាប់ចំនួន ៤ទាក់ទង និងការបោះឆ្នោត ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ និងធ្វើការចោទប្រកាន់មេបក្សប្រឆាំង សកម្មជន ដើម្បីឲ្យតុលាការរបស់លោកចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារជាដើម។
ក្រុមអង្គការអន្តរជាតិល្បីឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ រួមមានអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក្រុមសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) និងគណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ) ជាដើម បាននាំគ្នាថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងចាស់ដៃ ក្រោយការរម្លាយគណបក្សប្រឆាំង។ អង្គការទាំងនោះ ក្រៅពីហៅការរម្លាយនេះជាសោកនាដកម្ម និងមរណភាពជាស្ថាពរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពួកគេអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្ទាន់ និងកុំឲ្យទទួលស្គាល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខនេះ ជាដាច់ខាត បើសិនជាពុំមានដំណោះស្រាយនយោបាយរួមណាមួយនោះ។
អ្នកវិភាគលើកឡើងថា អ្វីដែលជំរុញឲ្យរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់ម្ដងហើយម្ដងទៀត ទោះជាត្រូវកម្ទេចគេឯងនោះ គឺហេតុផលតែមួយគត់ដើម្បីបន្តអំណាចឲ្យបក្សពួក កូនចៅទៅមុខទៀត ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ តែទង្វើនេះ មិនធ្វើឲ្យគណបក្សកាន់អំណាចទទួលបានផលល្អឡើយ ពលរដ្ឋនឹងកាន់តែលែងគាំទ្រកាន់តែខ្លាំង ដោយអ្នកវិភាគលើកពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ជាឧទាហរណ៍ស្រាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments