RFA | សង្គម​ស៊ីវិល​ជឿ​ថា ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នឹង​មិន​អាច​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ទេ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​មួយ​ ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស​ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ ជឿ​ថា​ស្ថាប័ន​ថ្មី​នេះ​ នឹង​មិន​បាន​ជួយ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប្រសើរ​ឡើង​នោះ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​ជា​យន្តការ​ថ្នាក់​ជាតិ​ក្នុង​ដោះស្រាយ​ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ថា​ ក្នុង​អំឡុង​ឆ្នាំ២០០៥​ អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ជជែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នេះ​ ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅ​វិញ​នៅ​ពេល​ដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ឯករាជ​ភាព​របស់​ស្ថាប័ន​មួយ​នេះ​ មិន​ច្បាស់​លាស់​។​ លោក​យល់ ថា​ រដ្ឋាភិបាល​គ្រោង​បង្កើត​ស្ថាប័ន​នេះ​ឡើង​ គ្រាន់​តែ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ឆ្លើយ​តប​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឲ្យ​កម្ពុជា​ស្តារ​ ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​វិញ​ប៉ុណ្ណោះ៖ «យើង​គាំ​ទ្រ​បើ​សិន​ជា​មាន​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​បង្កើត​ឡើង​ដោយ​ឯករាជ្យ​ ធ្វើ​ការ​ក្នុង​នាម​ឯករាជ្យ គឺ​ជា​ការ​ល្អ​ ប៉ុន្តែ​បើ​មិន​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ​ទេ​ ខ្ញុំ​គិត​ថា​វា​ឥត​អាច​ជួយ​អី​បាន​ច្រើន​ទាក់ទង និង​កិច្ចការ​សិទ្ធិមនុស្ស​បាន​ទេ​បាទ»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​នឹង​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​មួយ​ឱ្យ​បាន​ឆាប់។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) កាល​ពី​ថ្ងៃ​ទី១៩ មិថុនា​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​ត្រូវ​បាន​តាក់តែង​ចប់​សព្វ​គ្រប់​ហើយ។ លោក​អះអាង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ប្រឹងប្រែង​បង្កើត​ស្ថាប័ន​នេះ​ឱ្យ​បាន​នៅ​ក្នុង​អាណត្តិ​ទី៦ នេះ។ លោក​បញ្ជាក់​ថា ស្ថាប័ន​នេះ​មិន​មែន​ជា​សេនា​ធិការ​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​ជា​ស្ថាប័ន​ជួយ​សម្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​ ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​កម្មវិធី​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)​ លោក​ ស​ ម៉ូរី​ យល់​ថា ​បើ​សមាសភាព​នៃ​ថ្នាក់​ដឹកនាំ​ និង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​នេះ​ចេញ​មក​ពី​រដ្ឋាភិបាល​ ​ស្ថាប័ន​នេះ​នឹង​មិន​ឯករាជ្យ​ឡើយ។ លោក​បន្ត​ថា សំពាធ​នយោបាយ​ក៏​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ​មិន​ហ៊ាន​ ​រិះគន់​ករណី​រំលោភ​សិទ្ធិមនុស្ស​​ពីសំណាក់​រដ្ឋាភិបាល​បាន​ដែរ​។​ លោក​ជឿ​ថា​ ទោះជា​ស្ថាប័ន​នេះ ​ត្រូវ​បង្កើត​ឡើង​ក៏​ដោយ​ ក៏​មិន​អាច​ឲ្យ​សហភាព អឺរ៉ុប​ លុប​កម្ពុជា​ចេញ​ពី​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ អ៊ីប៊ីអេ (EBA) បាន​ទេ៖ « ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា​នៅ​តែ​សិ្ថត​នៅ​ក្រោម​ការ​រឹតត្បិត​ ជាពិសេស​ការ​រឹតត្បិត​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​ រួមមាន​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​ក្នុង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ សេរី​ភាព​សមាគម ហើយ​យើង​ឃើញ​ថា​ ស្ថានភាព​សេរីភាព​សារ​ពត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទេ»

សហគមន៍​អន្តរជាតិ វាយ​តម្លៃ​ថា វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់​ដុនដាប​ខ្លាំង ដោយសារ​របប​លោក ហ៊ុន សែន បាន​ចាប់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ខ្វះ​មូលដ្ឋាន​ពី​បទ​ក្បត់ជាតិ ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់ និង​ការ​ហាម​ប្រាម​អ្នកនយោបាយ​បក្ស​នេះ​ជាង ១១៨នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ជាដើម។ ជាង​នេះ​ទៅទៀត របប​នេះ​បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ។ និន្នាការ​ចុងក្រោយ​នេះ គឺ​ការ​ចោទ​ប្រកាន់ និង​ចាប​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ និង​បទ​ញុះញង់​ជាដើម។

ទង្វើ​រំលោភ​បំពាន​ទាំងនេះ​បាន​ធ្វើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន២០% ពី​កម្ពុជា ហើយ​សេចក្តី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាង​មុខ​នេះ ប្រសិនបើ​គ្មាន​ការ​ជំទាស់​ពី​សភា និង​ក្រុម​ប្រឹក្សា​អឺរ៉ុប​ទេ​នោះ។

គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់​ប្រាប់​របប​លោក ហ៊ុន សែន ជាច្រើន​ដង​រួចមក​ហើយ​ថា​ ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ EBA ទាំង​ស្រុង គឺ​កម្ពុជា​ត្រូវ​តែ​កែ​លម្អ​ស្ថានភាព​នយោបាយ​ និង​លើក​កម្ពស់​វិស័យ​សិទ្ធិ​មនុស្ស​ឲ្យ​ប្រសើរ​ឡើង​វិញ។

ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស​នេះ​ដែរ រដ្ឋាភិបាល​ស៊ុយអែត បាន​ប្រកាស​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍ​​ទ្វេភាគី​​ដល់​រដ្ឋាភិបាល​កម្ពុជា​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​ក្រោយ​ ហើយ​ស៊ុយអែត​ នឹង​​ងាក​មក​ផ្ដោត​លើ​សកម្មភាព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments