RFA | សង្គម​ស៊ីវិល​​ឃ្លាំមើល​​សុខភាព​​សាធារណៈ គាំទ្រ​​វិធានការ​​បញ្ឈប់​​ការ​​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​​គ្រឿង​​ស្រវឹង​ | hot news

By , Comment
Share on Facebook Tweet on Twitter

សង្គម​ស៊ីវិល​​ធ្វើការ​​ឃ្លាំមើល​​សុខភាព​សាធារណៈ គាំទ្រ​វិធានការ​បញ្ឈប់​​ការ​​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​​គ្រឿង​ស្រវឹង​​គ្រប់​ប្រភេទ ព្រោះ​វា​​ជា​​ដើម​​ចម​​នៃ​ការ​​ជំរុញ​​ឲ្យ​មាន​​ជួប​ជុំ​​គ្នា និង​​ការ​​ធ្វេសប្រហែស​​នាំ​​ឲ្យ​ឆ្លង​រាល​ដាល​​ជំងឺ​​កូវីដ-១៩។

នាយក​ប្រតិបត្តិ​អង្គការ​​ចលនាដើម្បី​សុខភាព​​កម្ពុជា ហៅ​កាត់​ថា ស៊ី​អិម​អេច (CMH) វេជ្ជបណ្ឌិត មុំ គង់ មាន​​ប្រសាសន៍​ថា លោក​គាំទ្រ​​ដែល​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ចេញ​​បញ្ជា​ឱ្យ​ទម្លាក់​ស្លាក​​ពាណិជ្ជកម្ម​ស្រាបៀរ និង​​គ្រឿង​ស្រវឹង​​គ្រប់​ប្រភេទ។ លោក​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង គឺ​​ជា​​មធ្យោបាយ​មួយ​​យ៉ាង​​មាន​​ប្រសិទ្ធភាព​លើក​​ទឹកចិត្ត​​ឲ្យ​ពលរដ្ឋ​ទទួលទាន​​គ្រឿង​ស្រវឹង​​កាន់​តែ​ច្រើន នៅ​គ្រា​ដែល​​ប្រទេស​ជាតិ​កំពុង​តែ​ប្រយុទ្ធប្រឆាំង​ការ​រីករាលដាល​នៃ​​ជំងឺ​កូវីដ-១៩៖ «ខ្ញុំ​គិត​ថា​​វា​​ជា​​វិធានការ​ល្អ​មួយ​របស់​រដ្ឋាភិបាល​នៅក្នុង​ដំណាក់កាល​កំពុង​ប្រយុទ្ធប្រឆាំង​នៃ​ការ​រីករាលដាល​នៃ​កូវីដ។ គ្រឿង​ស្រវឹង​នេះ វា​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ប្រកបដោយ​ឥរិយាបថ​ធ្វេសប្រហែស​ទៀត។ មាន​ន័យ​ថា បើ​យើង​ចូល​សេព​គ្រឿងស្រវឹង​ហើយ​វិធានការ​៣​កុំ ៣ការពារ​ហ្នឹង គឺ​អត់​អាច​អនុវត្ត​បាន​ទេ យើង​មិន​​អាច​​ពាក់​ម៉ាស់ក្នុង​ពេល​ផឹក ហើយ​ក៏​មិន​បាន​លាង​ដៃ​ជាប់ ហើយ​ក្នុង​អំឡុង​ពេល​ផឹក​ហ្នឹង​គឺមនុស្ស​អង្គុយ​កៀក​គ្នា​តាម​បែប​ស្និទ្ធស្នាល»។

ការ​លើក​ឡើង​នេះធ្វើ​ឡើង​បន្ទាប់​ពីអភិបាល​ខេត្តកំពង់ស្ពឺលោក វ៉ី សំណាង កាល​ពី​ថ្ងៃទី២៤ ខែឧសភា បាន​ជូន​ដំណឹង​ដល់​គ្រប់​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និង​ក្រុមហ៊ុន​ចែកចាយ​ស្រាបៀ​ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ ត្រូវ​រុះរើ​ស្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​ចេញ​ឲ្យ​អស់​ពី​​ភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពង់ស្ពឺជា​បន្ទាន់ ក្នុង​រយៈពេល​មួយ​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី២៤ ខែឧសភា ត​ទៅ។

Kampong_spue_drop_Sign_of_win.jpg
ពលរដ្ឋខេត្តកំពង់ស្ពឺស្ម័គ្រចិត្តរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀគ្រប់ប្រភេទ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ (រូប៖ រដ្ឋបាលស្រុកគងពិសី)

សេចក្ដី​ជូន​ដំណឹង​ដដែលបង្ហាញ​ថា កន្លងមក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ សង្កេត​ឃើញ​ថា មាន​ការ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​ជាច្រើន នៅតាម​បណ្តោយ​​ចិញ្ចើម​ផ្លូវ​សាធារណៈ​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សោភ័ណ្ឌភាព​សេចក្តី​ថ្លៃថ្នូរ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ។

រដ្ឋបាល​ខេត្ត​នេះ ក៏​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រាបៀ​ទាំងអស់ ដែល​មាន​តាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​នៅ​ខាង​មុខ​ហាង ឬ​ជា​យីហោ​គ្រប់ប្រភេទ ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ១​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។

សេចក្តី​ជូន​ដំណឹង​ដដែល ក៏​បាន​ព្រមាន​ថា ករណី​ផុត​កាលបរិច្ឆេទ​កំណត់​ខាងលើ បើ​គ្រប់​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រាបៀ​ទាំងអស់ នៅ​តែ​ពុំទាន់​បាន​​​រុះរើ​ស្លាកសញ្ញា​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទាំងនោះ​ចេញ​ទៀត រដ្ឋបាល​ខេត្ត​នឹង​ចាត់​នីតិវិធី​រដ្ឋបាល​ចុះ​រុះរើ ដោយ​បន្ទុក​ចំណាយ និង​រាល់​ការ​ខូច​ខាត គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ជា​អ្នក​ទទួល​ខុសត្រូវ។

វិធានការ​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បញ្ជា​ទម្លាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅពេល​នេះ ធ្វើ​ឡើងស្របពេល​វិធានរដ្ឋបាល​របស់​រដ្ឋាភិបាល និង​បណ្តា​ខេត្ត​​រាជធានីកន្លង​មក​បាន​ដាក់​បម្រាម​មិន​ឲ្យ​លក់​គ្រឿងស្រវឹង និង​មិន​ឲ្យ​ជួបជុំគ្នា​ទទួលទាន​គ្រឿងស្រវឹង ក្នុង​អំឡុង​ពេល​ផ្ទុះ​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩។ មក​ដល់​ពេល​នេះ តាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួន នៅ​រក្សា​បម្រាម​ជួបជុំ​ទទួល​គ្រឿងស្រវឹង​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments