ក្រុមការងារស្រាវជ្រាវករណីសំណុំរឿងចាត់ «វិធានការការពារ» ប្រឆាំងនឹងការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប នៅមិនទាន់ធ្វើសេចក្ដីសម្រេចជាស្ថាពរនៅឡើយទេ ថាតើត្រូវយកពន្ធលើការនាំចូលអង្ករពីកម្ពុជា និងភូមា ឬយ៉ាងណានោះ។ ក្រុមការងារស្រាវជ្រាវករណីនេះថា ខ្លួនកំពុងបន្តការស៊ើបអង្កេតជាបន្តទៀតលើសំណុំរឿងមួយនេះ មុននឹងឈានទៅរកការសម្រេចណាមួយនោះ។
កាលពីចុងឆ្នាំ២០១៨ ក្រុមប្រទេសទាំង ២៨ ដែលជាសមាជិករបស់សហភាពអឺរ៉ុប បានបរាជ័យម្ដងរួចមកហើយក្នុងការបោះឆ្នោតផ្អែកតាមមតិភាគច្រើន ដើម្បីអនុម័តលើ «វិធានការការពារ» ដែលជាសំណើរបស់ប្រទេសអ៊ីតាលី ឲ្យសហភាពអឺរ៉ុបគិតពន្ធលើអង្ករនាំចូលពីកម្ពុជា និងភូមា ក្រោយពីប្រទេសនេះ បានដាក់បណ្ដឹងតវ៉ាជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ប្រទេសអ៊ីតាលី បានដាក់សំណើតវ៉ានេះ ផ្អែកតាមមាត្រា ២៤ នៃច្បាប់ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ( GSP ) ដោយសារតែប្រទេសនេះយល់ថា បរិមាណ ឬតម្លៃអង្ករនាំចូលពីប្រទេសទាំងពីរ គឺកម្ពុជា និងភូមានេះ បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សមត្ថភាពប្រកួតប្រជែងដោយផ្ទាល់របស់ខ្លួន ខណៈប្រទេសកម្ពុជា និងភូមា ទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធពិសេស «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA»។
សហភាពអឺរ៉ុបគឺជាទីផ្សារទិញអង្ករធំជាងគេពីកម្ពុជា មានចំនួនស្មើនឹងជិត ២៧ម៉ឺនតោន ឬស្មើនឹងជិត ៤៣ភាគរយ នៅឆ្នាំ២០១៨។ ក្នុងឆ្នាំដដែលនេះ កម្ពុជាបាននាំចេញអង្ករទៅដាក់លក់នៅទីផ្សារអន្តរជាតិសរុបចំនួនជាង ៦ សែនតោន (៦២៦.២២៥តោន) ខណៈប្រទេសចិន ជាប្រទេសនាំមុខគេនៃការទិញអង្ករពីកម្ពុជា ក្នុងចំនួនដល់ទៅជាង ១៧ម៉ឺនតោន ស្មើនឹងជាង ២៧ភាគរយ។
ប្រសិនបើគណៈកម្មការអឺរ៉ុប សម្រេចយកពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាមែននោះ នោះប្រទេសទាំងពីរ ត្រូវបង់ពន្ធក្នុងអត្រាជិត ២០០ដុល្លារអាមេរិក (១៩៨,៣១ដុល្លារ) ក្នុងអង្ករមួយតោន សម្រាប់ឆ្នាំដំបូង ២០១៩។ អត្រាពន្ធនេះ នឹងធ្លាក់ចុះមកនៅត្រឹមជាង ១៧០ដុល្លារ ក្នុងអង្ករមួយតោនក្នុងឆ្នាំ២០២០ និងជាង ១៤១ដុល្លារ ក្នុងអង្ករមួយតោននៅឆ្នាំ២០២១។
អង្ករនាំចេញពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅសហភាពអឺរ៉ុប បានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាហេតុបណ្ដាលឲ្យតម្លៃអង្ករនៅសហភាពអឺរ៉ុប ប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក និងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីកសិករតាមបណ្ដាប្រទេសសហភាពអឺរ៉ុប ជាពិសេសនៅប្រទេសអ៊ីតាលី និងអេស្ប៉ាញ។
សំណើឲ្យគិតពន្ធលើអង្ករកម្ពុជា និងមីយ៉ាន់ម៉ានេះ គឺជាសំណុំរឿងដាច់ដោយឡែកមួយទៀត ពីរឿងដែលសហភាពអឺរ៉ុបកំពុងពិចារណាលើនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែអាវុធ ឬ EBA» ពីកម្ពុជា ដោយសារក្រុមមេដឹកនាំរបបក្រុងភ្នំពេញ បានគាស់រម្លើងប្រព័ន្ធប្រជាធិបតេយ្យជាស្ថាពរ ដែលនេះមានន័យថា កម្ពុជា ប្រឈមនឹងការយកពន្ធពីសហភាពអឺរ៉ុបលើគ្រប់មុខទំនិញទាំងអស់ បូករួមទាំងអង្ករផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments