RFA | ក្រសួង​ការងារ​គ្រោង​សម្របសម្រួល​វិវាទ​ការងារ ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ក្រោយ​កម្មករ​កំណត់​ថ្ងៃ​កូដកម្ម | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហៅ​តំណាង​កម្មករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍​(NAGA World) ដើម្បី​ជួបពិភាក្សា​និង​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ មួយ​នេះ បន្ទាប់ពី​ក្រុម​បុគ្គលិក​បាន​កំណត់​ថៃ្ង​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ រំពឹង​ថា ក្រសួង​ការងារ​នឹង​ជួយ​ផ្តល់​ដំណោះស្រាយ​សមរម្យ ដើម្បី​បញ្ចៀស​កូដកម្ម​ដែល​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ទាំងសងខាង។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ទេស រុក្ខាផល នឹង​ជួប​ជាមួយ​តំណាង​កម្មករ​និយោជិក ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​វិវាទ​ការងារ។

លិខិត​អញ្ជើញ​របស់​មន្ត្រី​ក្រសួង​ការងារ​លោក ទេស រុក្ខាផល ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​២៩ ខែ​ធ្នូ បញ្ជាក់​ថា ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​នឹង​មាន​តំណាង​ក្រុមហ៊ុន ចូលរួម​ប្រជុំ​ដែរ ឬ​យ៉ាងណា​នោះ​ទេ។

ការ​អញ្ជើញ​តំណាង​កម្មករ​ចូលរួម​ប្រជុំ​ពិភាក្សា​ដោះស្រាយ​វិវាទ​ការងារ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​បាន​កំណត់​ថ្ងៃ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០​ខាងមុខ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៦​ចំណុច​រួមមាន​៖ ការ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ទូទាត់​ប្រាប់​សំណង​ចាប់​តាំង​ពី​ថ្ងៃ​ក្រុមហ៊ុន​ព្យួរ​ការងារ អនុញ្ញាត​ឱ្យ​កម្មករ​ឈប់សម្រាក និង​ធ្វើការ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​នៅ​ថ្ងៃបុណ្យ​ជាតិ បញ្ឈប់​ប្រធាន​ប្រតិបត្តិការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់ ដែល​មាន​ចរិត​មិន​ល្អ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន ៣០០ ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង ៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ និង​ក្រុមហ៊ុន ត្រូវ​បង្កើត​បទបញ្ញត្តិ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្ត្រី​នៅ​កន្លែង​ការងារ ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

ឈឹម ស៊ីថរ
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។ រូប៖ ហ្វេសប៊ុក Sithar Chhim

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា កញ្ញា​នឹង​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង​តាម​លិខិត​អញ្ជើញ ប៉ុន្តែ​កញ្ញា មិន​សូវ​មាន សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​នោះ​ទេ៖ «ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ដែល​បុគ្គលិក អត់​អាច​ទទួល​យក​បាន​ទេ នៅ​ថ្ងៃស្អែក​នេះ គឺ​បុគ្គលិក​ទាំងអស់​នៅតែ​រក្សា​ជំហរ​ថា យើង​ធ្វើ​កូដកម្ម​ដដែល​នៅ​ថ្ងៃ​ទី៩ ខែ​មករា ខាងមុខ»

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ រាប់រយ​នាក់ គ្រោង​ជួបជុំគ្នា​នៅមុខ​ក្រសួង​ការងារ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​របស់​ពួកគេ និង​រង់ចាំ​ស្ដាប់​លទ្ធផល​ប្រជុំ​នៅ​ព្រឹក ថ្ងៃ​ទី​៣០ ខែ​ធ្នូ ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ទាំងនេះ បាន​ប្រកាស​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ គឺ​ពួកគេ​នឹង​រួម​កម្លាំង​សាមគ្គី​គ្នា​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ទាល់​តែ​មាន​ដំណោះស្រាយ។អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថា​រ៉ូ មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​តំណាង​កម្មករ​ទៅ​ពិភាក្សា​នេះ អាច​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ លោក​បញ្ជាក់​ថា ចំណុច​វិជ្ជមាន​គឺ​ក្រសួង​ការងារ​អាច​ព្យាយាម​ជួយ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​កូដកម្ម​កើតឡើង ដោយសារ​ថា ការ​ទាមទារ​របស់​បុគ្គលិក គឺ​ក្រុមហ៊ុន​មានលទ្ធភាព​ផ្តល់​ជូន​បាន​។ ចំណែក​ចំណុច​អវិជ្ជមាន​វិញ គឺ​លោក​បារម្ភ​ថា ក្រសួង​ការងារ អាច​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដើម្បី​រំខាន​ដល់​គម្រោង​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​៖ «ទោះ​យ៉ាងណា ខ្ញុំ សង្ឃឹម​ថា នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើន​ទៅ​ចុះ ប្រសិនបើ​ក្រសួង​ការងារ មាន​ឆន្ទៈ​ដោះស្រាយ​ឱ្យ​អស់ពី​លទ្ធភាព​គឺ​ករណី​វិវាទ​ការងារ​នេះ អាច​ដោះស្រាយ​បាន ព្រោះ​យើង​បាន​សិក្សា​ទៅលើ​ប្រាក់​ចំ​ចេញ​របស់​ក្រុមហ៊ុន​ណាហ្គា វើលដ៍ គឺ​ក្រុមហ៊ុន មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិក។ សម្រាប់ ការ​ទទួល​យក​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ ក៏​មិន​ពិបាក​ដែរ»

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា បន្ទាប់ពី​ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ។ ការ​ព្យួរ​ការងារ​នេះ ដោយសារតែ​ស្ត្រី​សហជីព​វ័យក្មេង​រូប​នេះ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»​។ ក្រុមហ៊ុន​ចោទ​កញ្ញា​ថា ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

ទោះ​យ៉ាង​ណា​ក្តី ក្រុម​សង្គម​ស៊ីវិល ជាង​២០ ស្ថាប័ន បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ ថា​ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អយុត្តិធម៌​។ ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រកបដោយ​វិជ្ជាជីវៈ​ឯករាជ្យ​តំណាង​ឱ្យ​កម្មករ​ជាង ៤​ពាន់​នាក់ ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក​ណាហ្គា វើលដ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ការ​បន្ត​សកម្មភាព​ទាមទារ​របស់​កម្មករ​ន​យោ​ជិត​ប្រកបដោយ​អហិង្សា និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដែល​ធានា​ដោយ​ច្បាប់ ដើម្បី​ធានា​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយក​ប្រធាន​សហជីព​ចូល​ធ្វើ​ការ​វិញ និង​ធានា​លុបបំបាត់​ការរើសអើង​រាល់​ទម្រង់​ប្រឆាំង​នឹង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments