អាជ្ញាធរខេត្តបាត់ដំបងស្វែងរកប្រភពទឹកដើម្បីធ្វើប្រឡាយបង្ហូរទឹកបញ្ជូនទៅឲ្យប្រជាពលរដ្ឋចំនួន៦ឃុំនៅស្រុកគាស់ក្រឡប្រើប្រាស់និងស្រោចស្រពផលដំណាំ។ ការរកប្រភពទឹកនេះ ដោយសារតែដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនហិកតារនៅស្រុកគាស់ក្រឡក្រៀមស្វិតខូច ដោយសារជួបគ្រោះរាំងស្ងួត ហើយគ្មានទឹកស្រោចស្រព។
អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ ធ្នូ ថា ក្រសួងធនធានទឹកនិងអាជ្ញាធរខេត្តរួមគ្នាស្វែងរកឃើញប្រភពទឹកបានមួយកន្លែងនៅអាងទឹកបាសាក់ស្រុកមោងឬស្សី ដើម្បីត្រៀមធ្វើប្រឡាយបង្ហូរទឹកចែកចាយទៅឲ្យពលរដ្ឋនៅស្រុកគាស់ក្រឡប្រើប្រាស់ ព្រោះពលរដ្ឋស្រុកគាស់ក្រឡជាច្រើនគ្រួសារខ្វះខាតទឹកប្រើប្រាស់និងទឹកស្រោចស្រពផលដំណាំជាពិសេសដំណាំស្រូវ។ លោក ងួន រតនៈបន្ថែមទៀតថា ឆ្នាំនេះអាជ្ញាធរមិនអាចជួយសង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋចំនួន៦ឃុំក្នុងស្រុកគាស់ក្រឡបានទេ ព្រោះនៅទីនោះគ្មានប្រភពទឹក ដូច្នេះហើយបានជាសហការជាមួយមន្ត្រីក្រសួងធនធានទឹកធ្វើប្រឡាយទឹកចេញពីស្រុកមោងឬស្សីសម្រាប់ឲ្យកសិករស្រោចស្រពដំណាំស្រូវនៅឆ្នាំក្រោយ ដើម្បីកុំឲ្យខ្វះខាតទឹកប្រើប្រាស់ដូចឆ្នាំនេះទៀត៖ «ដោយឡែកក្នុងភូមិសាស្ត្រនោះយើងបានសិក្សាមួយទៀត នៅចំណុចខ្ពស់មួយទៀត ដែលអភិបាលស្រុក និងក្រសួងធនធានទឹកបានទៅសិក្សាព្រឹកមិញទៀត ដើម្បីឲ្យដឹងភូមិសាស្ត្រ ហើយបើបានក្រសួងនិងសិក្សាចំណុចនឹងមួយទៀត ហើយបើសិនជាយើងធ្វើប្រឡាយបានទាំង២នេះយើងអាចជួយស្រុកគាស់ក្រឡបានទាំងស្រុងហើយ»។
ចំណែកពលរដ្ឋនៅឃុំព្រះផុសស្រុកគាស់ក្រឡ លោក យួម យឿប ថ្លែងប្រាប់អាស៊ីសេរីថា ដំណាំស្រូវតំបន់ពួកគាត់រស់នៅឆ្នាំនេះជួបគ្រោះរាំងស្ងួតតាំងពីចុងខែសីហាមក បណ្ដាលឲ្យដើមស្រូវរបស់ពួកគាត់រាប់រយគ្រួសារក្រហមស្វិតខូចអស់គ្មានសល់ ដោយគ្មានគ្រួសារណាទទួលបានផលនោះឡើយ។ពលរដ្ឋរូបនេះបន្ថែមទៀតថា ក្រៅអំពីដំណាំស្រូវខូចអស់ហើយ សព្វថ្ងៃពួកគាត់នៅភូមិតានួត ឃុំព្រះផុសក៏ចាប់ផ្ដើមខ្វះទឹកប្រើប្រាស់ដែរ រីឯអាជ្ញាធរស្រុកកាលពីថ្ងៃទី១ ធ្នូ បានត្រឹមតែចុះពិនិត្យមើលតំបន់ពួកគាត់រស់នៅ ប៉ុន្តែមិនទាន់មានចំណាត់ការយ៉ាងណាដើម្បីជួយពួកគាត់នៅឡើយទេ៖ «តំបន់ដែលខ្ញុំនៅនេះគឺដីប្រហែល១៣គីឡូម៉ែត្រពីសាលាឃុំព្រះផុស ប៉ុន្តែគ្មានទឹកប្រើទេ ទឹកគោក្របីក៏វាវេទនា បើគិតឲ្យដល់ទៅដើរទៅស្រះនិមួយៗ គេហៅថាត្រង់ណាមានស្រះចេះតែដើរដឹកគោឲ្យផឹកទឹកទៅ និងដងទឹកយកមកប្រើឲ្យផុតមួយថ្ងៃសម្រាប់មួយថ្ងៃ។ ធម្មតាមនុស្សយើងអត់ទឹកចេះតែដើររកភូមិគេស្រុកគេត្រង់ណាមានទឹកចេះតែនាំគ្នាទៅដឹកតាមគោយន្តនិងតាមម៉ូតូមកប្រើទៅ»។
អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ដំណាំស្រូវរបស់ពលរដ្ឋក្នុងស្រុកគាស់ក្រឡជិត១ម៉ឺនហិកតារ(១០,០០០)ជួបគ្រោះរាំងស្ងួតខូចខាត ហើយរហូតមកទល់ពេលនេះមិនទាន់អាចជួយសង្គ្រោះបាននៅឡើយទេ ព្រោះគ្មានប្រភពទឹកទើបធ្វើឲ្យពិបាកក្នុងការជួយដល់ប្រជាពលរដ្ឋ។លោកបន្ថែមទៀតថា បើទោះបីជាមានគ្រោះរាំងស្ងួតយ៉ាងនេះក្ដី ប៉ុន្តែប្រជាពលរដ្ឋក្នុងខេត្តនេះ មិនខ្វះស្បៀងនោះទេ ព្រោះឆ្នាំនេះកសិករដាំដុះបានជាង ៣៦ម៉ឺនហិកតារ(៣៦០,០០០)ឯណោះ ក្នុងនោះផ្ទៃដីដែលមានគ្រោះរាំងស្ងួតជាង២ម៉ឺនហិកតារ។ អភិបាលរូបនេះអះអាងទៀតថា ក្នុងចំណោមដំណាំស្រូវជាង២ម៉ឺនហិកតារនោះ នៅស្រុកបវេល និងស្រុកថ្មគោល អាជ្ញាធរបានដាក់ម៉ាស៊ីនបូមទឹកដាក់ស្រែជួយសង្គ្រោះបានជាង១ម៉ឺនហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments