សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងនៅខេត្តព្រៃវែង សម្ដែងក្តីព្រួយបារម្ភថា ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តនេះ ប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ពួកគេថា ពលរដ្ឋមួយចំនួនដែលបានចុះឈ្មោះបោះឆ្នោតរួច គឺពុំមានឯកសារគ្រប់គ្រាន់សម្រាប់យកទៅបោះឆ្នោតឡើយ។
នៅសល់ពេលប្រមាណ ១ខែទៀត កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនដែលបានចុះឈ្មោះបោះឆ្នោតរួច នៅតែមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនៅឡើយទេ។
បញ្ហានេះ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រៃវែង លោក ជុំ ចាន់ សម្ដែងក្តីព្រួយបារម្ភថា ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ជាច្រើនម៉ឺននាក់ អាចប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត។ លោកបន្តពន្យល់ថា ពលរដ្ឋមួយចំនួនបានទៅធ្វើអត្តសញ្ញាណប័ណ្ណរួចរាល់ហើយ ប៉ុន្តែពួកគេខ្លះមិនទាន់ទទួលបាននោះទេ ដោយមិនដឹងមូលហេតុ។
ដោយឡែកអ្នកដែលអត់អត្តសញ្ញាណប័ណ្ណ ហើយ គ.ជ.ប តម្រូវឲ្យធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនោះ គឺមានបញ្ហាស្មុគស្មាញច្រើន ដោយសារតម្រូវឲ្យប្រជាពលរដ្ឋយករូបថត ៣x៤ ចំនួន ៣សន្លឹក និងមានសាក្សី ៣នាក់ទៀត។ លើសពីនេះ លោកថាពលរដ្ឋនៅតំបន់ដាច់ស្រយាលភាគច្រើន ពុំសូវទទួលបានព័ត៌មានជុំវិញរឿងនេះឡើយ ដោយសារពួកគេជាប់រវល់ធ្វើចម្ការស្រែ និងធ្វើចំណាកស្រុក៖ «»។
គ.ជ.ប បានប្រកាសថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
អាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីអភិបាលរងខេត្តព្រៃវែង លោក ឡុង ថាត និងនាយករដ្ឋបាលខេត្តព្រៃវែង លោក អ៊ុយ សាគុណ បានទេនៅថ្ងៃទី៣ ខែឧសភា ដោយលោកទាំងពីរប្រាប់ថាជាប់រវល់។ ចំណែកប្រធាននាយកដ្ឋានប្រតិបត្តិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហ៊ឺ រ៉ុង មិនលើកទូរស័ព្ទ។
រីឯនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា លោកក៏មានការព្រួយបារម្ភដែរអំពីបញ្ហាពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោតនេះ។ លោកថា បើតាមរបាយការណ៍សវនកម្មបញ្ជីបោះឆ្នោត បង្ហាញថា ប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ មិនទាន់បានយល់ដឹងអំពីព័ត៌មានបោះឆ្នោតឲ្យបានច្បាស់លាស់នៅឡើយ ហើយមានពលរដ្ឋប្រមាណ ៣០ភាគរយទៀតដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលតម្រូវឲ្យពួកគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត។ លោកជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ជួយអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមការបោះឆ្នោតទាំងអស់គ្នា៖ «»។
លោក សំ គន្ធាមី ឲ្យដឹងដែរថា ក្នុងពេលចុះឈ្មោះបោះឆ្នោតកន្លងទៅ គឺប្រជាពលរដ្ឋខ្មែរប្រមាណ ៧០% ទៅ ៨០% បានប្រើអត្តសញ្ញាណប័ណ្ណសម្រាប់ចុះឈ្មោះបោះឆ្នោត។ ចំណែកអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៣០% ទៀត បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ដូច្នេះ ប្រជាពលរដ្ឋប្រមាណ ៣០% នោះ ត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតឡើងវិញ។
ទន្ទឹមគ្នានេះ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រៃវែង លោក ជុំ ចាន់ សំណូមពរឲ្យ គ.ជ.ប ជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចយកឯកសារដែលពួកគាត់បានយកទៅចុះឈ្មោះនោះ បោះឆ្នោតបាន ដើម្បីកុំឲ្យពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments