![](https://www.rfa.org/khmer/news/social-economy/cam-truck-drivers-protest-12232013044132.html/H122313MN-610.jpg)
មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យបានរិះគន់អាជ្ញាធររបបលោក ហ៊ុន សែន ថា អនុវត្តច្បាប់ស្តង់ដារ២ លើការឃុំខ្លួនជនជាតិបរទេសដែលធ្វើខុសច្បាប់នៅកម្ពុជា។ ការរិះគន់នេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិលទទួលដំណឹងថា ជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់ ដែលបើកបនល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់នៅក្រុងប៉ោយប៉ែត នឹងត្រូវដោះលែងឲ្យមានសេរីភាពក្នុងពេលឆាប់ៗ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា អាជ្ញាធរត្រូវចាត់វិធានការជនបរទេសដែលប្រព្រឹត្តិខុសច្បាប់នៅកម្ពុជា ទៅតាមច្បាប់កំណត់ ដូចពលករ
ខ្មែរដែលបានធ្វើខុសច្បាប់នៅឯក្រៅប្រទេសដែរ។លោកអះអាងថាការសម្រួលឲ្យមានការដោះលែងជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ឲ្យមានសេរីភាពឡើងវិញនេះ ដោយគ្រាន់តែពួកគេទទួលទោសមិនដល់២ខែនោះ គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះជាការអនុវត្តច្បាប់ស្តង់ដារ២ ហើយធ្វើឲ្យជនបរទេសដទៃទៀតមិនគោរពច្បាប់កម្ពុជា៖ «ហើយទុកឲ្យមេគេ និងរដ្ឋមន្ត្រីគេមកស្នើសុំទៅក៏ដោះលែងពេញទឹកពេញដីទៅ ដែលធ្វើឲ្យបាត់បង់អធិបតេយ្យភាព និងធ្វើឲ្យបរទេសមើលមកកម្ពុជាហាក់បីដូច មានតែច្បាប់គ្រាន់តែឲ្យមានតែមានៗ ទៅ ប៉ុន្តែអនុវត្តន៍តាមបបូរមាត់អ្នកធំនិងអ្នកមានអំណាច។ ដូច្នេះ រឿងនេះវាប៉ះពាល់ដល់ស្មារតីនៃច្បាប់និងគោលនយោបាយរបស់ជាតិទាំងមូល»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីទទួលដំណឹងថា អាជ្ញាធរកម្ពុជានឹងដោះលែងជនជាតិម៉ាឡេស៊ីចំនួន ៤៧នាក់ ដែលបានបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមខែធ្នូកន្លងទៅ។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មានប្រសាសន៍ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៨ កុម្ភៈថា ប៉ូលិសខេត្តបន្ទាយមានជ័យបានបញ្ជូនជនជាតិម៉ាឡេស៊ីទាំងនោះមកពន្ធនាគារ ដែលលោកគ្រប់គ្រងប្រហែលជិតមួយខែហើយ។ លោកបន្តថា ជនបរទេសទាំងនោះមានស្រីចំនួន ១០នាក់ និងប្រុសចំនួន ៣៧នាក់ ដែលពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗ ព្រោះជាបទល្មើសស្រាល៖ «ខ្ញុំអត់ដឹងច្បាស់ដែរ។ ប៉ុន្តែតាមនីតិវិធីតុលាការបើតាមដែលខ្ញុំដឹងរឿងនេះប្រហែលជាជាប់មិនយូរទេ យើងមិនដឹងយ៉ាងមិចផង ប៉ុន្តែគ្រាន់តែថាសមត្ថកិច្ចគេចាប់មកខ្ញុំចាំតែទទួលទេកន្លែងខ្ញុំ។ ពួកគេមិនបង្កការលំបាកនៅក្នុងពន្ធនាគារទេ គឺស្រួលគ្រប់គ្រងទេ គាត់មិនមានបង្កបញ្ហាអីទេ»។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៧ កុម្ភៈថា មានជនជាតិម៉ាឡេស៊ី ៤៧នាក់ នៅក្រុងប៉ោយប៉ែត បានជាប់ឃុំឃាំង ដោយសង្ស័យថា ជាប់ពាក់ព័ន្ធការបើកល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។ ក្រសួងការបរទេសម៉ាឡេស៊ី បន្តថានគរបាលខេត្តបន្ទាយមានជ័យគ្រាន់តែផ្ដល់ដំណឹងអំពីការចាប់ខ្លួននេះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ ក្រោយការផ្ដល់ដំណឹងនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំរាជាធានីភ្នំពេញ បានចុះសួរសុខទុក្ខជនជាប់ឃុំទាំងនោះ ហើយដឹងថា ពួកគេភាគច្រើន ត្រូវបានគេផ្ដល់ការងារឲ្យ ដែលមានប្រាក់ខែច្រើនគួរឲ្យទាក់ទាញនៅមុនការចាប់ខ្លួន។
មន្ត្រីស្ថានទូតបានជួបប្រជុំជាមួយមន្ត្រីពន្ធនាគារ និងចៅក្រមរួចហើយជុំវិញបញ្ហានេះ។ រីឯកំណត់ទូតរបស់ ស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ ក៏បានលើកយកបញ្ហានេះទៅជម្រាបដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដើម្បីសុំឲ្យដោះលែងជនជាប់ឃុំទាំងនោះ។
ស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញថាក្រសួងការបរទេសកម្ពុជាបានតាមដានករណីនេះយ៉ាងជិតដិត និងត្រៀមផ្ដល់ជំនួយនានាតាមការចាំបាច់។
លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បទល្មើសបើកបនល្បែងខុសច្បាប់ នៅក្នុងក្រុងប៉ោយប៉ែត មានទាំងជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃជាដើម។ លោកថាជាទូទៅសមត្ថកិច្ចចាប់បានជនល្មើសមួយចំនួនតូចយកមកផ្ដន្ទាទោស ខណៈដែលរឿងនេះអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានក៏ត្រូវមាន
ទោសដែរ ពីបទឃុបឃិតឲ្យមានការបើកល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់ឃើញសមត្ថកិច្ច ឬអាជ្ញាធរណាម្នាក់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments