សមត្ថកិច្ចប្រចាំនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ នឹងជួបពិភាក្សាជាមួយភាគីថៃ ជុំវិញការដំឡើងថ្លៃពន្ធនាំត្រីចូលទៅប្រទេសថៃ ដែលបង្កឲ្យអាជីវករខ្មែរតវ៉ា។ តំណាងសហជីព និងមន្ត្រីច្រកទ្វារបស់ខ្មែរបារម្ភខ្លាចអាជីវករតវ៉ាបណ្ដាលឲ្យស្ទះផ្លូវជាថ្មីទៀត បន្ទាប់ពីពួកគេតវ៉ាប្រឆាំងអាជ្ញាធរថៃ ដោយចាក់ត្រីលើផ្លូវបង្កឲ្យស្ទះចរាចរណ៍ជិត ១ម៉ោង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។
ក្រុមអាជីវករខ្មែរដឹកត្រីឆ្ដោ និងត្រីរ៉ស់តាមរទេះពីកម្ពុជា ចូលទៅលក់នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ សម្ដែងការមិនពេញចិត្តចំពោះសមត្ថកិច្ចប្រចាំច្រកទ្វារបស់ថៃ ដែលដំឡើងថ្លៃពន្ធនាំត្រីចូលជាបន្តបន្ទាប់។ ដើមឡើយ សមត្ថកិច្ចថៃ បានតម្រូវឲ្យអាជីវករខ្មែរបង់ពន្ធ ៣៤០បាត ឬស្មើនឹងជាង ៣ម៉ឺន ៤ពាន់រៀល ក្នុងរទេះមួយផ្ទុកត្រីក្រោម ១០០គីឡូក្រាម ហើយចុងក្រោយនេះបានដំឡើងដល់ ១.៥០០បាត។
ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក វួច អូន ឲ្យដឹងថា មន្ត្រីគយ និងអន្តោប្រវេសន៍ខ្មែរបានចំណាយពេលជាច្រើនម៉ោងចាប់តាំងពីម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីជួបជាមួយភាគីថៃ ដោះស្រាយបញ្ហានេះ។ ជាលទ្ធផល ភាគីថៃ យល់ព្រមឲ្យរទេះដឹកត្រីខ្មែរប្រមាណ ៤០ ឆ្លងទៅលក់ដោយបង់ប្រាក់ ៣៥០បាតបណ្ដោះអាសន្ន ប៉ុន្តែថៃ នៅតែប្រកាន់ជំហរយកពន្ធ ១.៥០០បាតដដែល៖ «និយាយបីបួនម៉ោងអត់ត្រូវគ្នា! តាមការជួបនោះតាំងពីម៉ោង ៧ម្ល៉េះ មានដំណាក់កាលទី១ ដំណាក់កាលទី២ នៅកណ្ដាលវាល នៅក្នុងបន្ទប់ទម្រាំតែគេឯកភាពលើគោលការណ៍ចូលបណ្ដោះអាសន្ននៅថ្ងៃហ្នឹង។ ខ្ញុំមិនសង្ឃឹមថា ដោះស្រាយបាន ហើយក៏មិនកកស្ទះដែរ ព្រោះកាលណាខាងគាត់រឹតបន្ដឹង បងប្អូនអាជីវករក៏គាត់មានការជ្រួលច្របល់ គាត់ដោះស្រាយមិនបាន គាត់មានតែប្រមូលផ្ដុំគ្នាបិទ (ច្រក) ដើម្បីដោះស្រាយមានវិធីណាបើគេមិនព្រម»។
លោក វួច អូន បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា នឹងសុំជួបពិភាក្សាជាមួយភាគីថៃ ម្ដងទៀតនៅម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្រែងមានការតវ៉ា ឬកកស្ទះពេលអាជីវករយកត្រីចូលត្រូវបង់ពន្ធថ្លៃ។ ក្នុងពេលដែលសមត្ថកិច្ចថៃ អនុគ្រោះលើការបង់ពន្ធទាបមួយថ្ងៃនេះ លោកបានស្នើឲ្យអាជីវករខ្មែរជញ្ជូនត្រីសម្រាប់លក់ថ្ងៃស្អែកដែលមានប្រហែល ៦តោនចូលក្នុងដីថៃ ឲ្យហើយ។
សមាជិកសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក សេង អឿន មានប្រសាសន៍ថា នៅម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ក្រុមអាជីវករបានខឹងសម្បាចំពោះសមត្ថកិច្ចថៃ ដែលតម្រូវឲ្យពួកគេបង់ពន្ធលើត្រីនាំចូលទៅប្រទេសថៃ ចំនួន ១.៥០០បាត ឬស្មើប្រហែល ១៧ម៉ឺនរៀលក្នុង ១រទេះក្រោម ១០០គីឡូក្រាម។ ការតម្រូវនេះ គឺខុសរាល់ដងដែលតម្រូវឲ្យបង់តែ ៣៥០បាតប៉ុណ្ណោះ៖ «ឃើញគ្នាគាត់ច្រើន មកស្រុះគ្នាប្រហែលចង់ ១០០នាក់ដឹង! អាជ្ញាធរថៃ និងអាជ្ញាធរខ្មែរបានមកសម្រួលចរចាគ្នា បានត្រូវក៏ប្រជាពលរដ្ឋអូសរទេះត្រីក៏បានយល់ព្រម ហើយកើបត្រីដាក់រទេះគាត់ អូសចូលបង់ឲ្យគេដូចសព្វដងទៅ។ ឥឡូវបានដំណើរការស្រួលវិញហើយបង។ ខ្ញុំសំណូមពរឲ្យអាជ្ញាធរខ្មែរយើង ជួយសម្រួលធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្មែរយើងបានអូសរទេះ និងបន្ថយការបង់ពន្ធ»។
សង្គមស៊ីវិល និងសមត្ថកិច្ចខ្មែរប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថារាល់ការនាំចូលទំនិញ ឬសម្ភារៈប្រើប្រាស់ពីប្រទេសថៃ មកកម្ពុជា មានភាពងាយស្រួល ប៉ុន្តែកសិផលរបស់របរពីធម្មជាតិនាំចេញពីកម្ពុជា ទៅប្រទេសថៃ មានការរឹតត្បិតខ្លាំង។ ពួកគេថា កុំថាឡើយសម្ភារៈសំខាន់ៗរបស់កម្ពុជា នាំចូលទៅថៃ មានការលំបាក សូម្បីតែនំប៉័ង ពងទា និងត្រីសាច់ ក៏មានការលំបាកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments