RFA | ថ្នាក់ដឹកនាំ​សហជីព​កាស៊ីណូ ណាហ្គា វើលដ៏ ៣​នាក់​ត្រូវ​ក្រុមហ៊ុន​កោះហៅ​ទៅ​បញ្ចប់​កិច្ចសន្យា​ការងារ | hot news

By , Comment
Share on Facebook Tweet on Twitter

ថ្នាក់ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ (Naga World) ចំនួន​៣​រូប​ត្រូវ​បាន​ក្រុមហ៊ុន​នេះ កោះហៅ​ទៅ​ប្រាប់​ពី​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​។ ការ​កោះហៅ​នេះ ធ្វើឡើង​បន្ទាប់ពី សហជីព​នេះ ស្នើ​ឲ្យ​ភាគី​ថៅកែ​បញ្ឈប់​គម្រោង​បញ្ចប់​កិច្ចសន្យា​កម្មករ​និយោជិត​ជាង ១ ពាន់ ៣​រយ​នាក់ (.៣២៩) ពី​ការងារ ដែល​ក្រុមហ៊ុន​សំអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ យល់​ថា ការ​បញ្ចប់​កិច្ចសន្យា​ការងារ គឺជា​ការ​រើសអើង និង​ចង់​លុប​បំបាត់​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ថ្លែង​នៅ​យប់​ថ្ងៃទី២៧ ឧសភា ថា ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ ៣ នាក់​ក្នុង​នោះ​មាន​កញ្ញា​ផង​ត្រូវ​បាន​ក្រុមហ៊ុន​កោះហៅ​ទៅ​បញ្ចប់​កិច្ចសន្យា​ការងារ។ កញ្ញា​បន្ត​ថា ថ្នាក់ដឹកនាំ​ទាំង ៣​រូប រួម​ទាំង​សកម្មជន​សហជីព​គ្រប់​ផ្នែក មាន​ឈ្មោះ​ក្នុង​បញ្ជី​កាត់​ចេញពី​បុគ្គលិក​ក្រុមហ៊ុន និង​ត្រូវ​បញ្ចប់​កិច្ចសន្យា​ការងារ​។ កញ្ញា​បញ្ជាក់​ថា នេះ​បាន​ធ្វើ​ឲ្យ​ឃើញ​រូបភាព​កាន់តែ​ច្បាស់លាស់​ថា ក្រុមហ៊ុន​មាន​ចេតនា​លុបបំបាត់​សហជីព និង​រើសអើង​សហជីព​យ៉ាង​ជាក់ច្បាស់ ដែល​ក្រុមហ៊ុន​មិន​គោរព​តាម​នីតិវិធី​ច្បាប់​ឡើយ៖ «យើង​ឃើញ​ថា ថ្នាក់ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ទាំងអស់​គឺ​មាន​ច្បាប់​អនុញ្ញាត​ពី​អធិការកិច្ច​ការងារ​សិន​ថា មានការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​អី​ឲ្យ​បញ្ឈប់​ក្រោម​ហេតុផល​អី​ទៀត ហើយ​រដ្ឋមន្ត្រី​និង​អធិការកិច្ច​ការងារ​ហ្នឹង​មិនមែន​ចេះតែ​យើង​ព្រម​ដោយ​គ្មាន​ហេតុផល​ទៀត។ ប៉ុន្តែ​យើង​អត់​ឃើញ​មាន​លិខិត​ក្នុង​ការ​យល់ព្រម​អី​ទេ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ចាត់ចែង​ជា​ឯកតោភាគី​តែម្ដង​ក្នុង​ការ​លុបបំបាត់​សហជីព​តាមរយៈ​ការ​បញ្ឈប់​ទាំង​ក្រុម​ពី​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ហ្នឹង​តែម្ដង»

ថ្នាក់ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៏ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​នេះ ជូនដំណឹង​កោះហៅ​ទាំង​៣ នាក់ នោះ គឺ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ អនុប្រធាន​សហជីព អ្នកស្រី ឈុន សុខា និង​អគ្គលេខាធិការ កញ្ញា ឈឹម សុខន។ ពួកគេ​ត្រូវ​ក្រុមហ៊ុន​ចេញ​លិខិត​ជូន​ដំណឹង​កោះហៅ​ទៅ​ជួប​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី២៧ និង​ថ្ងៃទី២៨ ឧសភា ក្រោម​ការ​សម្រេច​របស់​ក្រុមហ៊ុន​អំពី​ការ​អនុវត្ត​ផែនការ​កាត់​បន្ថយ​បុគ្គលិក តាមរយៈ​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​មាន​ការ​ព្រមព្រៀង។

អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ឌី សីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ទេស រុក្ខាផល បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃទី​២៧ ឧសភា​។​

កញ្ញា ឈឹម ស៊ីថរ មាន​ជំហរ​ថា ពួកគាត់​នឹង​ទៅ​ជួប​ក្រុមហ៊ុន​លុះណាតែ​អម​ជាមួយ​ថ្នាក់ដឹកនាំ​ចរចា​ក្នុង​នាម​សហជីព​ជា​ក្រុម មិនមែន​ទៅ​ក្នុង​នាម​បុគ្គល​ម្នាក់ៗ​ជាមួយ​ក្រុមហ៊ុន​នោះ​ឡើយ​។ ចំណែក​ដំណើរការ​ប្រមូល​ស្នាម​មេដៃ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ​ក៏​នឹង​ធ្វើឡើង​ស្របគ្នា​ដែរ​៖ «មែនទែន​ទៅ​ជួប​ជា​លក្ខណៈ​បុគ្គល​អ៊ីចឹង​គឺ​យើង​អត់​អាច​ទៅ​ជួប​បានទេ គឺ​យើង​ទៅ​ជួប​ក្នុង​ក្របខណ្ឌ​ជា​ការ​ចរចា​រវាង​ក្រុមហ៊ុន និង​ក្រុម​សហជីព​តំណាង​បុគ្គលិក ហ្នឹង​បាន​យើង​ទៅ​ជួប​ចរចា ព្រោះ​យើង​មិនមែន​ជា​បុគ្គលិក​ធម្មតា​ទេ យើង​ជា​ថ្នាក់ដឹកនាំ​ហើយ​មាន​ច្បាប់​ការពារ​ពិសេស ច្បាប់​ស្ដីពី​ការងារ ហើយ​ច្បាប់​សហជីព​ក៏​មាន​និយាយ​ដែរ ហើយ​ច្បាប់​អន្តរជាតិ​ក៏​មាន​ចែង​ដែរ ព្រោះ​យើង​ទាំងអស់គ្នា​សុទ្ធ​តែ​មាន​តួនាទី​នៅក្នុង​ថ្នាក់ដឹកនាំ​សហជីព»

ថ្នាក់ដឹកនាំ​សហជីព និង​កម្មករនិយោជិត​ជាង ១ ពាន់ ៣​រយ​នាក់ (.៣២៩) ក្នុងចំណោម​ជាង ៨​ពាន់​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ មាន​គម្រោង​បញ្ឈប់​ពី​ការងារ ដោយ​ក្រុមហ៊ុន​សំអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

សហជីព​ស្នើសុំ​ឲ្យ​ក្រសួង​ការងារ ចុះ​ធ្វើ​កិច្ច​អន្តរាគមន៍​ដល់​ក្រុមហ៊ុន​នេះ រក្សាទុក​ពួកគេ​ឲ្យ​នៅ​បន្ត​ធ្វើ​ការ​តាម​ផ្នែក​ដដែល គិតគូរ​ផ្ដល់​អត្ថប្រយោជន៍​ការងារ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ ហើយ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​ដែល​បាន​ពន្យារ​ពេល​កន្លង​មក ឲ្យ​កម្មករនិយោជិត​នៅ​ពេល​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ខ្វះខាត​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments