RFA | ក្រុម​យុវជន​ចង់​ឲ្យ​មាន​ការ​កំណត់​ចំនួន​ស្ត្រី​ក្នុង​តំណែង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​តួនាទី​សង្គម ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​យុវជន ភាគច្រើន​ជា​នារី នៅ​ថ្ងៃ​ទី​២២ មករា បាន​ពិភាក្សា​គ្នា​ចង់​ឲ្យ​មាន​ការ​កំណត់​ចំនួន​ស្ត្រី​នៅ​ក្នុង​តំណែង​សាធារណៈ។

ក្រុម​យុវជន​យុវនារី​យល់​ថា ការ​កំណត់​ចំនួន​ស្ត្រី​នៅ​ក្នុង​តំណែង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គឺ​ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ស្មើ​ភាព និង​ពេញលេញ​ក្នុង​អភិបាលកិច្ច​សាធារណៈ។

ទន្ទឹម​គ្នា​នេះ យុវជន​ស្នូល​មក​ពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប មួយ​រូប ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ គឺ​កញ្ញា ចាន់ សុរិយា ថ្លែង​ថា ប្រការ​សំខាន់ គឺ​ការ​អនុវត្ត​ជាក់ស្ដែង ទោះ​ជា​កំណត់ ឬ​មិន​កំណត់​ចំនួន​ស្ត្រី​ក្ដី៖ «កំណត់​ដោយសារ​យើង​ឃើញ​ថា បច្ចុប្បន្ន​ភាព គឺ​មាន​បញ្ហា​ទាក់ទង​នឹង​សមភាព​យេនឌ័រ គឺ​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ។ បើ​សិន​ជា​យើង​ក្រឡេក​ទៅ​មើល​ជួរ​ក្នុង​រដ្ឋាភិបាល នៅ​ក្នុង​បក្ស​នីមួយៗ យើង​និយាយ​ជា​ទូទៅ បើ​សិន​ជា​មើល​នៅ​ក្នុង​បក្ស​នីមួយៗ ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តើ​យើង​ឃើញ​ថា​មាន​ប៉ុន្មាន​ភាគ​ដែល​ស្ត្រី​ជា​ថ្នាក់​ដឹកនាំ? សូម្បី​តែ​នៅ​ឃុំ-សង្កាត់ ស្ត្រី​ស្ទើរ​តែ​គ្មាន​តែ​ម្ដង។ ត្រង់​ហ្នឹង​ហើយ​បាន​ជា​យើង​ព្យាយាម​បណ្ដុះបណ្ដាល​យុវជន ក៏ដូចជា​និស្សិត​ទាំងអស់ ឲ្យ​គាត់​បាន​យល់​ដឹង​ពី​បញ្ហា​ហ្នឹង ដើម្បី​ធ្វើ​ម៉េច​ជួយ​លើក​ស្ទួយ​សំឡេង​ស្ត្រី ព្រោះ​អី​បើ​យើង​វិភាគ​ទៅ​ស្ត្រី​ក៏​ជា​មនុស្ស មនុស្ស​ប្រុស​ក៏​ជា​មនុស្ស ចុះ​ហេតុ​អី​បាន​ជា​យើង​ឲ្យ​ស្ត្រី​ហ្នឹង​នៅ​ពី​ក្រោយ​មនុស្ស​ប្រុស»

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ដេញដោល​គ្នា អំពី​តួនាទី​ចូលរួម​របស់​ស្ត្រី​ដោយ​ស្មើ​ភាព​គ្នា​នេះ បង្ហាញ​ថា សក្ដានុពល​របស់​យុវជន​យុវនារី​ទាំងនេះ​មាន​ច្រើន​ទៅ​អនាគត។ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​ការងារ​នេះ ព្រោះ​បញ្ហា​ស្ត្រី​នៅ​តែ​ញាំញី​ដោយសារ​តែ​វប្បធម៌​ទម្លាប់​សង្គម៖ «យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ច្បាប់​របស់​យើង ទាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត សុទ្ធតែ​ប្រាប់​ថា ដាក់​ស្ត្រី​នៅ​ជួរ​លើ។ នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ដាក់​ស្ត្រី​នៅ​ជួរ ដើម្បី​ឲ្យ​គាត់​បាន​ជាប់។ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ដាក់​ថា ស្ត្រី និង​បុរស​មាន​ភាព​ស្មើ​គ្នា។ ប៉ុន្តែ​ការ​អនុវត្ត​ទូទៅ​អត់​ទទួល​បាន​លទ្ធផល​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ នេះ​ហើយ​ដែល​ថា ការ​ដាក់​កំណត់​ជា​គោលការណ៍ វិធានការ​ពិសេស​ត្រូវ​តែ​មាន។ បើ​មិន​មាន​ទេ យើង​ពិបាក​នាំ​ស្ត្រី​ដើម្បី​ទៅ​ចូលរួម​ក្នុង​វិស័យ​សម្រេច​ចិត្ត​នេះ។ ខ្ញុំ​ថា​សមត្ថភាព​របស់​ស្ត្រី​ឥឡូវ​នេះ មិន​អន់​ជាង​បុរស​ទេ ដូច​យើង​មើល​ឃើញ​ហើយ ខាង​យុវជន​របស់​យើង​ក៏​បាន​លើក​ឡើង​ដែរ​ថា ស្ត្រី​បាន​ចូល​សាកលវិទ្យាល័យ​ច្រើន ហើយ​រៀន​ក៏​បាន​ច្រើន​ដែរ។ ដូច្នេះ​នៅ​តែ​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត និង​ផ្ដល់​ឱកាស​ដល់​គាត់​តែ​ប៉ុណ្ណឹង​ទេ»

អ្នកស្រី​បញ្ជាក់​ថា ចំណុច​ខ្វះខាត​ដែល​នាំ​ទៅ​រក​ភាព​មិន​ស្មើ​គ្នា ដោយសារ​តែ​បុរស​ចូល​ក្នុង​វិស័យ​នយោបាយ​មុន ហើយ​មិន​ឃើញ​លក្ខណៈ​សម្បត្តិ​ល្អ​របស់​ស្ត្រី នាំ​ភាព​ជា​វិជ្ជមាន​ដល់​សង្គម​ឡើយ៖ «មួយ​ទៀត​ដែរ ដូច​លោក​មួយ​គាត់​និយាយ​អ៊ីចឹង លម្អៀង​មួយ​ទៀត គាត់​ថា​តួនាទី​កន្លែង​ហ្នឹង​របស់​អញ ឯង​មក​រក​អី។ អា​ហ្នឹង​ជា​រឿង​មួយ ដែល​យើង​សង្កេត​ឃើញ​ថា វា​ជា​លក្ខណៈ​ដែល​យើង​ជួប​ដដែលៗ ហើយ​បុរស​ច្រើន​តែ​យក​ស្ត្រី​ដែល​សកម្ម​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន ធ្វើ​ការងារ​ខាង​ផ្នែក​មនុស្សធម៌ ប៉ុន្តែ​យក​ស្ត្រី​ធ្វើ​ជា​ឈ្នាន់ ធ្វើ​ជា​ឧបករណ៍។ ប៉ុន្តែ​ឥឡូវ​នេះ ដល់​ពេល​ឧបករណ៍​អស់​ហ្នឹង ត្រូវ​ក្លាយ​ជា​អ្នក​សម្រេច​ចិត្ត​ហើយ ពីព្រោះ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ ប៉ុន្តែ​ដល់​ឧបករណ៍​វា​អត់​ឆ្លើយតប វា​អត់​ស៊ី​សង្វាក់​គ្នា។ អ៊ីចឹង​ឲ្យ​ទៅ​តែ​ចែក​អំណោយ ឲ្យ​ដឹក​ទៅ​ពេទ្យ ប៉ុន្តែ​អត់​កែ​យន្តការ​ពេទ្យ កែ​ពី​រឿង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពេទ្យ​នោះ​ល្អ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​បាន​ដោយ​ល្អ អា​នោះ​វា​ត្រូវ​ការ​គោល​នយោបាយ​ជាតិ។ នោះ​ហើយ​ដែល​យើង​ត្រូវ​ការ​ស្ត្រី​ចូលរួម​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​អស់​នេះ​ឯង»

កិច្ច​ពិភាក្សា​ដេញដោល​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា យុវជន​ខ្លះ​យល់​ថា អ្នក​ធ្វើ​គោល​នយោបាយ​គួរ​ដាក់​ចំនួន​កំណត់​សម្រាប់​ស្ត្រី​នៅ​ក្នុង​តួនាទី​សាធារណៈ ដើម្បី​លើក​ស្ទួយ​ស្ត្រី​ក្នុង​នយោបាយ។ រីឯ​មតិ​មួយ​ក្រុម​ទៀត បដិសេធ​ថា ស្ត្រី​ត្រូវ​ពង្រឹង​សមត្ថភាព​សិន មុន​នឹង​កាន់​ការងារ​ទាំង​ក្នុង​តំណែង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

លោក សាន់ សៀកគីន ជំនួយការ​អនុប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ ថ្លែង​ថា ទាំង​មតិ​ស្រប និង​មតិ​បដិសេធ សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី ដែល​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​អាច​យក​ទៅ​ដាក់​ក្នុង​គោល​នយោបាយ​របស់​ខ្លួន៖ «ទីនេះ​មាន​នារី​វ័យ​ក្មេង​ជាច្រើន​ជា​បញ្ញវន្ត​វ័យ​ក្មេង មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ណាស់។ ប៉ុន្តែ​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ អ្នក​ដែល​ខ្ញុំ​សួរ​ថា តើ​ប្អូន​ចង់​ធ្វើ​នយោបាយ​ទេ? រួម​ទាំង​វាគ្មិន​ផង គាត់​ថា​អត់​ផង។ អា​ហ្នឹង​វា​ជា​ចំណុច​មួយ​គួរ​ឲ្យ​សោកស្ដាយ។ បើ​សិន​ជា​គាត់​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ហើយ​គាត់​ចូល​ផ្លាស់ប្ដូរ ចូល​ទៅ​ក្នុង​សរសៃ​ឈាម​រដ្ឋបាល​សាធារណៈ ជាពិសេស​សរសៃ​ឈាម​គណបក្ស​នយោបាយ ពីព្រោះ​ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​សព្វថ្ងៃ​ជា​ប្រព័ន្ធ​សមាមាត្រ បើ​សិន​ជា​មិន​ចូល​ក្នុង​គណបក្ស​នយោបាយ​ទេ គឺ​មិន​អាច​ក្លាយ​ជា​បេក្ខជន​នៅ​ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ​បាន​ទេ»

អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​របស់​យុវជន​យុវនារី​អំពី​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​ដោយ​ស្មើ​ភាព និង​ពេញលេញ​ក្នុង​អភិបាលកិច្ច​សាធារណៈ​នៅ​ពេល​នេះ គឺ​ក្នុង​កម្រិត​មូលដ្ឋាន​នៅ​ឡើយ​ទេ ហើយ​យុវជន​ទាំងនេះ​គួរ​តែ​ទទួល​បាន​ការ​គាំទ្រ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ចូលរួម​ធ្វើ​សកម្មភាព​សង្គម។

អ្នកស្រី​បន្ថែម​ថា យុវជន​នៅ​ពេល​នេះ​កាន់​តែ​មាន​សមត្ថភាព និង​សក្ដានុពល​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព​ជា​វិជ្ជមាន ដែល​អ្នក​ធ្វើ​គោល​នយោបាយ និង​មនុស្ស​ចាស់ៗ​គួរ​ងាក​មក​រក​យុវជន​យុវនារី ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ចូលរួម​គ្រប់​វិស័យ​ក្នុង​អភិបាលកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments