RFA | កម្មករ​រោងចក្រ​មួយ​ចំនួន​គ្មាន​ប្រាក់​ទៅ​លេង​ស្រុក​កំណើត​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ | hot news

By , Comment
Share on Facebook Tweet on Twitter

កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​មាន​ជីវភាព​ខ្វះខាត និង​គ្មាន​ប្រាក់​ទៅលេង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឡើយ។ ការ​ខកខាន​ទៅ​លេង​ស្រុក​កំណើត​នេះ​គឺ​ដោយសារ​តែ​នៅ​បណ្ដា​រោងចក្រ​មួយ​ចំនួន​បាន​ព្យួរ​កិច្ច​សន្យា​ការងារ និង​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ ខណៈ​ប្រាក់​ឈ្នួល​របស់​ពួកគាត់​ទាប​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ។

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ត្អូញត្អែរ​ថា ស្ថានភាព​ជីវភាព​របស់​ពួកគាត់​កាន់តែ​លំបាក​ដោយសារ​ប្រាក់ឈ្នួល​ទាប និង​មិន​អាច​ធ្វើ​ការ​ថែម​ម៉ោង​បាន​ដូច​មុន ហើយ​រោងចក្រ​ខ្លះ​ទៀត​ប្រឈម​នឹង​ការ​បិទទ្វារ ដែល​ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​ប្រាក់​ជូន​ឪពុកម្ដាយ​នៅ​ស្រុក​កំណើត​នោះ​ទេ។

ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​នៃ​រោងចក្រ​កាត់​ដេរ​ដាប់ប៊ែលយូ អែនឌី​ខេមបូឌា (W&D Cambodia ) លោក សឿង ប្រុស ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ខែ​មេសា ថា ឆ្នាំនេះ​លោក​មិន​បាន​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​នោះ​ទេ ដោយសារ​គ្មាន​ប្រាក់​ធ្វើដំណើរ និង​ទិញ​សម្ភារៈ​ជូន​ឪពុកម្ដាយ។ លោក​បន្ត​ថា ប្រសិនបើ​ការងារ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​លោក​អាច​មាន​លទ្ធភាព​ចំណាយ ក្នុង ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត។

លោក សឿង ប្រុស៖ «ពីព្រោះ​ជា​ធម្មតា​ពេល​ទៅ​លេង​ស្រុក​ត្រូវការ​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រូវ​ការ​ជូន​ម៉ែ​ជូន​ឪ​បងប្អូន​កូន​ក្មួយ​ឬ​មួយ​ក៏​ទិញ​ម្ហូប​ទិញ​អី​ជូន​ពួកគាត់ ឬ​មួយ​ក៏​យើង​ត្រូវ​ការ​ហូបចុក​អី​បន្តិចបន្តួច​តាម​ផ្លូវ។ មាន​ការ​ជប់លៀង​អី​ជាមួយ​កូន​ក្មួយ​បន្តិចបន្តួច​អ៊ីចឹង​វា​ត្រូវ​ការ​ទិញ​ផ្លែឈើ​ទិញ​ទឹក​ផ្លែ​ឈើ ហើយ​អ៊ីចឹង​ទៅ​ឥឡូវ​ហ្នឹង​វា​អត់​មាន​លុយ​មិន​ធ្វើ​ម៉េច»

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ​ស្តារឡៃថ៍ (Starlight) ខេត្ត​កណ្ដាល លោកស្រី អ៊ីន គីមលាង ថ្លែង​ថា​ឆ្នាំនេះ​លោកស្រី​គ្មាន​ប្រាក់​ជូន​ឪពុកម្ដាយ​សម្រាប់​ធ្វើ​បុណ្យ​នោះ​ទេ។ លោកស្រី​បន្ត​ថា ដោយសារតែ​នៅ​ក្នុង​រោងចក្រ​បន្ថយ​ម៉ោង​ធ្វើ​ការ​ដូច្នេះ​ការ​ចំណាយ​ប្រចាំថ្ងៃ​ក៏​លោកស្រី​ត្រូវ​ត្បិតត្បៀត​ដែរ។

លោកស្រី អ៊ីន គីមលាង៖ «ប្រសិន​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​អី​មិន​ថា​រូប​ខ្ញុំ​មិន​ថា​បងប្អូន​ប្រជាពលរដ្ឋ​សប្បាយ​ចិត្ត​ហើយ​រីករាយ​ពេល​បាន​ប្រាក់ខែ​ច្រើន។ អ៊ីចឹង​មួយ​ចំណែក​ទុក​បង់​អង្គការ​ខ្លះ​ទៅ​មួយ​ចំនួន​ទុក​ធ្វើ​បុណ្យ​ខ្លះ​ទៅ​មួយ​ចំណែក​ទៅ​យើង​ឱ្យ​ទៅ​ក្រុម​គ្រួសារ​ទៅ​អ៊ីចឹង​គ្មាន​អី​សប្បាយ​ចិត្ត​ជាង​ពេល​បាន​ប្រាក់ខែ​ខ្ពស់​ទេ​ពេល​បាន​បែងចែក​ទៅ​បាន​គ្រប់គ្រាន់»

ការ​ត្អូញត្អែរ​របស់​កម្មករ​នេះ គឺ​ដោយសារ​ប្រាក់​ឈ្នួល​របស់​ពួកគាត់​ទទួល​បាន​តែ២០៤ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ដែល​មិន​សមាមាត្រ​ទៅ​នឹង​ការ​ចំណាយ​ស្រប​ពេល​ដែល​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ស្ទើរ​គ្រប់មុខ។ ក្រៅពី​ប្រាក់​ឈ្នួល​ទាប​ហើយ​នោះ​កម្មករ​មួយ​ចំនួន​ក៏​ប្រឈម​នឹង​ការ​ព្យួរ​កិច្ច​សន្យា​ការងារ ការ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការងារ និង​រោងចក្រ​មួយ​ចំនួន​បាន​បិទទ្វារ​ដោយ​មិន​ទូទាត់​ប្រាក់​សំណង​ឱ្យ​កម្មករ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី១០ ខែមេសា។

កន្លងទៅ​លោក ហ៊ុន ម៉ាណែត បាន​សន្យា​ជាមួយ​កម្មករ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ដំឡើង​ប្រាក់ឈ្នួល​គោល​ជូន​កម្មករ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​កម្មករ។ ទោះ​ជា​យ៉ាង​ណា កម្មករ​អះអាង​ថា ពួកគាត់​នៅ​តែ​មាន​ជីវភាព​ក្រក្រី​ដដែល ដោយ​អ្នកខ្លះ​ធ្វើការ​នៅ​រោងចក្រ​ជិត ១០ឆ្នាំ និង​ខ្លះ​ទៀត​រហូតដល់​ជិត ២០ឆ្នាំ ប៉ុន្តែ​ពួក​គាត់​គ្មាន​សល់​លុយកាក់ ឬ​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ ក្រៅពី​បំណុល និង​ជំងឺ ។

ទាក់ទិន​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ជីវភាព​របស់​កម្មករ​ជាពិសេស​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​ពួកគាត់​ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ទៅ​លេង​បងប្អូន​នៅ​ស្រុក​កំណើត។

លោក អាត់ ធន់៖ «ខ្ញុំ​គិត​ថា​ទី១ រៀបចំ​ការងារ​ធ្វើ​ម៉េច​ឱ្យ​មាន​គាត់​មាន​ការងារ​គ្រប់​គ្នា ទី២ ការងារ​ពួក​គាត់​ហ្នឹង​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​អាច​ឱ្យ​ពួកគាត់​អាច​ដោះស្រាយ​បញ្ហា​ជីវភាព ហើយ​អាច​លស់​លុយ​ខ្លះ​ក្នុង​ការ​ចូលរួម​ការងារ​សង្គម ឬក៏​តម្រូវ​ការ​ផ្សេងៗ ដែល​គាត់​ចាំ​បាច់​នៅ​ក្នុង​សង្គម​ហ្នឹង និង​គ្រួសារ​របស់​គាត់ ហើយ​បើ​អាច​ទៅ​រួច គឺ​គ្រប់គ្រង​បញ្ហា​តម្លៃ​ទំនិញ​ទីផ្សារ​ឱ្យ​វា​នៅ​កម្រិត​ដែល​ប៉ះពាល់​ការ​ចំណាយ​របស់​ពួកគាត់​អា​ហ្នឹង គឺជា​រឿង​សំខាន់​បំផុត»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈ​ពេល ៣ថ្ងៃ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃទី១៦ ខែមេសា ។

កម្មករ និង​មន្ត្រី​សហជីព​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​កម្មករ​ដូច​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​ពួកគាត់​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ហើយ​អាច​មាន​លទ្ធភាព​ទៅ​ស្រុក​កំណើត​នៅ​រដូវ​បុណ្យទាន​ម្តងៗ៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments