RFA | ក្រុមពលករស្ត្រីរងការបង្ខាំងនៅប្រទេសអារ៉ាបមួយចំនួនឈឺងើបលែងរួច ដោយសារអត់អាហារ | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​ពលករ​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​មួយ​ចំនួន​កំពុង​រង​ការ​បង្ខាំង​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត (Saudi Arabia) កំពុង​ធ្លាក់​ខ្លួន​ឈឺ​ក្រោក​លែង​រួច និង​ខ្លះ​ទៀត​មាន​សភាព​ស្គម​ស្លេកស្លាំង​ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​គ្មាន​ទឹក​ផឹក និង​អាហារ​ហូប​គ្រប់គ្រាន់។ ក្រុម​ពលករ និង​មន្ត្រី​សហជីព នៅ​តែ​បន្ត​ទាមទារ​យ៉ាង​ទទូច​ឱ្យ​ស្ថាន​ទូត​ខ្មែរ និង​រដ្ឋាភិបាល​ពន្លឿន​ការ​ចាត់​ចែង​សំ​បុត្រ​យន្តហោះ​ក្នុង​ការ​បញ្ជូន​ពលករ​មក​ខ្មែរ​វិញ​ឱ្យ​បាន​ឆាប់ ដើម្បី​សុវត្ថិភាព និង​អាយុ​ជីវិត​ពួកគាត់។

ក្រុម​ពលករ​ខ្មែរ​ចំនួន ៣៥នាក់​បន្ថែម​នាក់​ទៀត​ដែល​ថៅកែ​នៅ​ប្រទេស​អារ៉ាប​បង្ខាំង​បង្អត់​អាហារ ត្រូវ​បាន​ស្ថាន​ទូត​ខ្មែរ​បាន​រក​ឃើញ និង​បាន​ជម្លៀស​ពួកគាត់​មក​ស្នាក់​នៅ​សណ្ឋាគារ (Hotel) បណ្ដោះ​អាសន្ន។ ក្រុម​ពលករ​បញ្ជាក់​ថា នៅ​មាន​ពលករ​ជា​ច្រើន​នាក់​ទៀត​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ថៅកែ និង​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​តែ​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់។

ពលករ​កំពុង​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប​គឺ​លោកស្រី យ៉េ ធឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា លោកស្រី ដឿន ភាព ដែល​ត្រូវ​បាន​ថៅកែ​បង្ខាំង​ក្នុង​បន្ទប់​ទាំង​ជាមួយ​លោកស្រី​នា​ពេល​នេះ​កំពុង​ឈឺ​ធ្ងន់ និង​ជាប់​សរសៃ​ចង្កេះ​ងើប​លែង​រួច​ហើយ។ ចំណែក លោកស្រី​នៅ​តែ​វិល​មុខ​ខ្លាំង ព្រោះ​តែ​គ្មាន​ទឹក​ផឹក និង​អាហារ​ហូប​គ្រប់គ្រាន់​ទេ​ក្នុង​រយៈពេល​ជិត មួយ​សប្ដាហ៍​មក​នេះ។

លោកស្រី​បញ្ជាក់​ថា ចំណែក​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​អារ៉ាប​នៅ​តែ​ប្រាប់​ឱ្យ​ពួក​លោកស្រី​រង់ចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​ស្ថានភាព​ឈឺ​កាន់​តែ​ទ្រុឌទ្រោម​ខ្លាំង និង​ពិបាក​ទ្រាំ​ក្នុង​ខ្លួន។

លោកស្រី យ៉េ ធឿន​៖ «ពូ​ស្ថាន​ទូត​គាត់​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់លាស់​ហើយ គាត់​ថា នឹង​មក​យក​ខ្ញុំ​ព្យាបាល​ហើយ នឹង​បញ្ជូន​ខ្ញុំ​ទៅ​ខ្មែរ​វិញ គាត់​ទើប​ខល​មក​ខ្ញុំ​ដែរ​ថា គាត់​នឹង​ព្យាយាម​មក​ឱ្យ​លឿន​បំផុត តែ​ខ្ញុំ​អត់​ស្រាកស្រាន្ត​ទេ គាត់ [លោកស្រី ដឿន ភាព] កាន់​តែ​ឈឺ ហើយ​ខ្ញុំ​កាន់​តែ​ទ្រុឌទ្រោម ដូច​ថា ខ្ញុំ​ឈឺ​ទាំង ២នាក់ ហើយ​នៅ​តែ​មួយ​កន្លែង​វា​ពិបាក​ត្រង់​ហ្នឹង»

ចំណែក ពលករ​ម្នាក់​ទៀត​គឺ​លោកស្រី ផល ចំរើន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ដែរ​ថា ស្ថាន​ទូត​បាន​ជម្លៀស​លោកស្រី​ពី​កន្លែង​ឃុំឃាំង​មក​ស្នាក់​នៅ​ក្នុង អូតែល​ជាមួយ​ក្រុម​ពលករ​ចំនួន ៣៤នាក់​ហើយ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​មិន​ដឹង​ថា ថ្ងៃ​ណា​ស្ថាន​ទូត​រៀប​ចំ​នីតិវិធី ដើម្បី​បាន​ត្រឡប់​ទៅ​ខ្មែរ​វិញ​ទេ។ លោកស្រី​បាន​រៀបរាប់​ពី​ការ​ឈឺចាប់​ពេល​ជាប់​ឃុំឃាំង​គឺ​ត្រូវ​បាន​ថៅកែ​វាយ​ធ្វើ​បាន​ចាក់​សោក​ក្នុង​បន្ទប់​ចំនួន ៥ជាន់ បង្អត់​អាហារ និង​ផឹក​តែ​ទឹក​ក្នុង​បន្ទប់​អស់​រយៈពេល​ជាង ១ខែ។

លោកស្រី ផល ចំរើន៖ «ពេល​ខ្លះ​គេ​ឱ្យ​បាយ​ផ្អូម​មក​ហូប ប៉ុន្តែ​ទឹក​គេ​អត់​មាន​ឱ្យ​យើង​ហូប​ទេ គេ​ឱ្យ​យើង​ហូប​ទឹក ឡាបូ​លាង​ដៃ តែ​បើ​បាយ​ផ្អូម​ញាំ​រាល់​ថ្ងៃ​ហ្មង គេ​អត់​មាន​បាយ​ល្អ​ឱ្យ​យើង​ហូប​ទេ។ ពេល​ខ្លះ​គេ​អត់​ឱ្យ​បាយ​យើង​ហូប​តែ​ម្ដង អា​ហ្នឹង​គេ​ឃុំ​ខ្ញុំ​ទេ ២នាក់​មិនមែន​ក្នុង​ចំណោម ២៩នាក់ ឬ ៣០នាក់​អត់​មាន​ទេ។ ធម្មតា​យើង​មក​ធ្វើ​ការ​ចង់​បាន​លុយ ចង់​បាន​ប្រាក់​ខែ​តែ​នេះ​ចូល ២ទៅ ៣ខែ​គេ​អត់​ទាន់​បើក​ឱ្យ​យើង​ទេ ពេល​អ៊ីចឹង​ខ្ញុំ​តវ៉ា​រឿង​ប្រាក់​ខែ វា​អត់​បើក​ឱ្យ​វា​ចាប់​ពួក​ខ្ញុំ​យក​ទៅ​ឃុំ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា​។

ក្រុម​ពលករ​អះអាង​ថា មាន​ពលករ​ជាង ១០០​នាក់​បាន​ដាក់​ពាក្យ​មក​ធ្វើ​ការ​នៅ​ក្នុង ប្រទេស អារ៉ាប៊ី សាអូឌីត តាមរយៈ​ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ (Fatina Manpower Co., Ltd)។ មុន​ពេល​ពលករ​ដាក់​ពាក្យ​មក​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប ក្រុមហ៊ុន​មួយ​នេះ​បញ្ជាក់​ថា ជា​ប្រភេទ​ការងារ​ផ្នែក​អនាម័យ បាន​ចំណូល ៤០០​ដុល្លារ​ក្នុង​មួយ​ខែ និង​ធ្វើ​ការ​តែ​៨​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ​ក្រុម​ពលករ​ចាប់​ផ្ដើម​ចេញ​ទាមទារ​រក​កិច្ច​អន្តរាគមន៍​តាម​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ដោយសារ​តែ​ពួកគាត់​មិន​អាច​ទ្រាំទ្រ​នឹង​ការងារ ព្រោះ​ថៅកែ​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជា​ស្ត្រី​ធ្វើ​ការ​ច្រើន​ម៉ោង ដោយ​អ្នក​ខ្លះ ១៨​ម៉ោង និង​អ្នក​ខ្លះ​ទៀត​រហូត ២២ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​ជួយ​រក​ការងារ​ជូន​ពលរដ្ឋ និង​ធានា​អំពី​សិទ្ធ​សុវត្ថិភាព​ជូន​ពលករ​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​លោក​ថា ក្រុម​ពលករ នៅ​ប្រទេស​អារ៉ាប​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​ច្រើន និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​ចាត់​វិធាន​ការ​ជួយ​សង្គ្រោះ​ពួកគេ។

លោក អាត់ ធន់៖ «ការងារ​ក្រៅ​ស្រុក​ក៏​ដោយ​រដ្ឋ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ក្រៅ​ដែរ។ ករណី​នៅ​អារ៉ាប​រួម​នេះ តាម​ខ្ញុំ​មើល​វា​ជា​បញ្ហា​មួយ​ដែល​កម្មករ​ទៅ​តាមរយៈ​ក្រុមហ៊ុន​ហើយ មាន​បញ្ហា​ច្រើន​ដូចជា​អត់​ឱ្យ​បាយ​ទឹក ឬ​សិទ្ធ​អី​ហ្នឹង​បាន​ល្អ​ទៅ​តាម​ច្បាប់ ហើយ​មាន​បញ្ហា​ច្រើន​ដូច​អ្វី​ដែល​ពួកគេ​ត្អូញត្អែរ។ ឥឡូវ​យើង​ដឹង​ថា ខាង​ក្រសួង និង​ជាមួយ​ក្រុមហ៊ុន​កំពុង​ធ្វើ​ការងារ​ហ្នឹង មិន​ដឹង​ថា វា​បាន​មក​តាម​អ្វី​ដែរ​ពួកគេ​ចង់​បាន ឬ​យ៉ាង​ណា យើង​កំពុង​តែ​តាម​ដាន»

ក្រុម​ពលករ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ដល់​អាយុ​ជីវិត បើ​ទោះ​បី​ជា ពលករ​ខ្លះ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កន្លែង​បង្ខាំង​ក៏​ដោយ​ដរាប​ណា​ពួកគេ​មិន​ទាន់​ដល់​កម្ពុជា​វិញ។ ក្រុម​ពលករ និង​មន្ត្រី​សហជីព ទាមទារ​ដល់​ស្ថាន​ទូត​បន្ត​ស្វែង​រក​ពលករ​ផ្សេង​ទៀត​ដែល​បាត់​ខ្លួន និង​រង​ការ​បង្ខាំង​ពី​សំណាក់​ថៅកែ និង​ពន្លឿន​នីតិវិធី​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments