RFA | តើ​មូល​ហេតុអ្វី​បាន​ជា​លោក ហ៊ុន ម៉ាណែត ការពារ​ក្រុម​ឈ្មួញ​ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ទុច្ចរិត? | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​អ្នករិះគន់​និង​សកម្មជន​គណបក្ស​ប្រឆាំង គឺ​ជា​គោលដៅ​បង្ក្រាប​របស់​រដ្ឋាភិបាល។ អ្នក​ទាំង​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ទុច្ចរិត​មួយ​ចំនួន បែរ​ជា​រដ្ឋាភិបាល​ការពារ​ទៅ​វិញ។

តើ​ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​ចាប់​ខ្លួន​ពួក​គេ?

មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ អ្នក​ឃ្លាំមើល​សង្គម សង្ស័យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ពង្រឹង​អំណាច​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​របស់​ត្រកូល ហ៊ុន។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចោទ លោក ហ៊ុន ម៉ាណែត ថា កំពុង​នៅ​ពី​ក្រោយ​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​បង្កើត​ប្រព័ន្ធ​ឆបោក​នៅ​កម្ពុជា។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​ថ្ងៃ​ទី១៦ មេសា លោក សម រង្ស៊ី បាន​លើក​ឧទាហរណ៍​ជាក់​ស្ដែង គឺ​ក្រុមហ៊ុន​ស៊ីអាយស៊ី (CIC) ដែល​ដឹកនាំ​ដោយ​លោក គុយ វ៉ាត ជា​ក្រុមហ៊ុន​បោក​លុយ​អ្នក​ចូលហ៊ុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ។

ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី​ នេះ​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​ថ្លែង​ការពារ​ក្រុម​ឈ្មួញ​មួយ​ចំនួន រួម​ទាំង​ម្ចាស់​បុរី​សង់​ផ្ទះ​លក់​ផង។ លោក ហ៊ុន ម៉ាណែត​ ថ្លែង​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថា រដ្ឋាភិបាល​របស់​លោក​មិន​ចេះ​តែ​ចាប់​ក្រុម​ឈ្មួញ​នោះ​ទេ។

បន្ថែម​ពី​នេះ​ លោក ហ៊ុន ម៉ាណែត​ បាន​ប្រៀបធៀប​រឿង​ថា លោក​មិន​អាច​យក​រូបមន្ត សម្លាប់​មេមាន់​នោះ​ទេ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មេមាន់​រស់ ដើម្បី​យក​ពង​មាន់។

លោក ហ៊ុន ម៉ាណែត មិនបាន​ចាត់​ទុក​ម្ចាស់ក្រុមហ៊ុន​មួយ​ចំនួន ដែល​ជាប់​សង្ស័យ​ថា​ បាន​បោកប្រាស់​ប្រជាពលរដ្ឋ​នេះ គឺ​ហាក់​មាន​ស្តង់ដារ​ពី។

សម្រាប់​សកម្មជន​សង្គម ដែល​ធ្វើ​សកម្មភាព ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​គេ​មើល​ឃើញ​ថា មិនបាន​ប្រព្រឹត្ត​ខុស​ច្បាប់ បែរជា​អាជ្ញាធរ​របស់​លោក​ហ៊ុន ម៉ាណែត ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត​ និង​គ្មាន​ត្រា​ប្រណី​ឡើយ​ ដូចជា​ លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ ជាដើម។

អ្នក​អធិប្បាយ​ពី​បញ្ហា​នយោបាយ លោក គឹម សុខ ​មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ជា​យុទ្ធសាស្ត្រ​ ការពារ​ឧក្រិដ្ឋជន មិនមែន​ការពារ​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ មេសា។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា រដ្ឋាភិបាល​មិន​ចាប់​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ទាំង​នោះ មិនមែន​មាន​ន័យ​ថា រដ្ឋាភិបាល​ការពារ​ក្រុម​ឈ្មួញ​ទាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ការ​បើក​ឱកាស​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​រក​លុយ​មក​សង​ប្រជាពលរដ្ឋ។ លោក សុខ ឥសាន អះអាង​បន្ត​ថា ដូច​ជា បុរី ឡេង ណាវ៉ាត្រា កំពុង​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ជា​បណ្ដើរៗ ហើយ។

ទោះ​បី​ជា​បែប​នេះ​ក្ដី លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន ម៉ាណែត ថ្លែង​ការពារ​មេមាន់ ដើម្បី​បើក​ឱកាស​ឲ្យ​មេមាន់ ដែល​ខូច​នោះ ធ្វើ​សកម្មភាព​បោកប្រាស់​បន្ត​ទៀត។ លោក​អះអាង​ថា អ្នក​បោកប្រាស់​គេ​អាច​ផ្លាស់ប្ដូរ​រូបភាព​ផ្សេងៗ ដូចជា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន ជាដើម។

លោក ហ៊ុន ម៉ាណែត ការ​ប្រកាស​ការពារ​ក្រុម​ឈ្មួញ​ជាប់​សង្ស័យ ក្នុង​អំពើ​ឆបោក​មួយ​ចំនួន​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​រឿង​អាស្រូវ​របស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី (CIC) កំពុង​ផ្ទុះ​ឡើង​ ជាប់​សង្ស័យ​ក្នុង​ការ​បោកប្រាស់​លុយ​របស់​ម្ចាស់​ភាគហ៊ុន​វិនិយោគ និង​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន។

ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ ទាំង​នោះ រួម​មាន បុរី​ពិភព​ថ្មី​របស់​ឧកញ៉ា ហុង ពីវ ដែល​រឹបអូស​ផ្ទះ​ពី​ប្រជាពលរដ្ឋ​វិញ​ ក្រោយពី​ពួកគេ​មិន​មាន​លទ្ធភាព​បង់​ប្រាក់​រំលស់​បន្ត​ ដោយ​ក្រុមហ៊ុន​មិន​ប្រគល់​ប្រាក់​មួយ​ចំនួន​ជូន​ពលរដ្ឋ​វិញ តាម​កិច្ចសន្យា។

ចំណែក បុរី ឡេង ណាវ៉ាត្រា ដែល​បាន​ប្រមូល​លុយ​ពី​អ្នក​ទិញ មុន​ពេល​សាងសង់ ហើយ​ក្រោយ​ ពី​បាន​ប្រមូល​លុយ​គ្រប់​ចំនួន​ហើយ​ មកទល់​ពេលនេះ​ អតិថិជន​ មួយ​ចំនួន​មិន​ទទួល​បាន​ផ្ទះ​តាម​ការ​ចុះ​កិច្ច​សន្យា​ឡើយ។ តែ​ទន្ទឹមគ្នា​នោះ លោក ឡេង ណាវ៉ាត្រា ប្រគល់​លុយ​សុទ្ធ​រាប់​សែន​ដុល្លារ​ឲ្យ​ទៅ​អតីត​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន សែន ​និង​ភរិយា​របស់​លោក។ ទោះបីជា​ពលរដ្ឋ​ធ្លាប់​ចេញ​តវ៉ា​ទាមទារ​ផ្ទះ ទារ​សង​លុយ​វិញ​យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​អាជ្ញាធរ ឬ​តុលាការ​ចេញ​ដីកា​កោះហៅ​សួរ​នាំ​អ្វី​ដែរ។ ខុស​ពី​សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ធ្វើសកម្មភាព​ទាមទារ​សិទ្ធិ​ សេរីភាព ស្របតាម​ច្បាប់​ក្ដី ក៏​តុលាការ​អាច​ចេញ​ដីកា​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​បង្ក​អសន្តិសុខ​សង្គម​បាន​ងាយ​ដូច​បក​ចេក។

រីឯ​ម្ចាស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) អ្នកស្រី ឡេង ចាន់ណា បាន​ប្រមូល​លុយ​ ពី​ប្រជាពលរដ្ឋ​ប្រមាណ ៨០០នាក់ ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៣០០លាន​ដុល្លារ។ ករណី​នេះ តុលាការ​បាន​ចាប់​ខ្លួន​អ្នកស្រី ឡេង ចាន់ណា ដាក់​ពន្ធនាគារ ក្រោយ​ពី​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ។ ករណី​នេះ បាន​ត្រឹម​តែ​ចាប់​ខ្លួន​អ្នកស្រី ឡេង ចាន់ណា ដាក់​ពន្ធនាគារ​ទេ​ មក​ទល់​ពេល​នេះ គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ឬ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ ម្ចាស់ក្រុមហ៊ុន​នេះ​ យក​មក​សង​ពលរដ្ឋ​វិញ​ឡើយ។

នៅ​មុន​ពេល​ចាប់ខ្លួន​ អ្នកស្រី ឡេង ចាន់ណា បាន​ថ្លែង​នៅ​ក្នុង​វីឌីអូ​ខ្លី​មួយ​ ដែល​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ប្រាប់​បុគ្គលិក​របស់​ខ្លួន​ថា កុំ​ព្រួយ​បារម្ភ​ ក្រុមហ៊ុន​របស់​អ្នកស្រី​ មាន លោក ហ៊ុន ម៉ាណែត ជា​បង្អែក។

ក្រៅពី​នេះ​ទៀត​ គេ​ឃើញ​រូបថត​របស់​អ្នកស្រី ឡេង ចាន់ណា ជា​ច្រើន ពាក់អាវ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​ថត​ជាមួយ​លោក ហ៊ុន ម៉ាណែត ជា​ដើម។

មេបក្ស​ប្រឆាំង​ និង​អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម​អះអាង​ថា របប​ដឹកនាំ​ដោយ​ត្រកូល​ ហ៊ុន  ពឹង​អាស្រ័យ​លើ​ក្រុម​ឈ្មួញ​ទុច្ចរិត​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ ដើម្បី​ពង្រឹង​ អំណាច​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​របស់​ពួក​គេ។ បញ្ហា​នេះ​ហើយ ទើប​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ការពារ​ក្រុម​ឈ្មួញ​ទាំងនោះ។​ ក្រៅពី​ការពារ​ហើយ​នោះ មាន​ឧកញ៉ា​មួយ​ចំនួន ត្រកូល ហ៊ុន ថែមទាំង​ផ្ដល់​តួនាទី​ថែម​ទៀត​ផង។ ជាក់ស្ដែង​ អតីត​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​យក​មេ​ឈ្មួញ​កាប់​ព្រៃឈើ លោក ទ្រី ភាព មក​បំពាក់​តួនាទី​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសមាជិក​ថែម​ទៀត​ផង។

ឧកញ៉ា​មួយ​ចំនួន​ទៀត​ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​បណ្ដេញ​ពលរដ្ឋ​ ចេញ​ពី​លំនៅ​ឋាន ដូចជា​ឧកញ៉ា ឡៅ ម៉េងឃិន និង​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ធ្លាប់​មាន​ឈ្មោះ ជួញដូរ​គ្រឿងញៀន កាល​ពី​ទស្សវត្ស​ឆ្នាំ១៩៩០ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments