RFA | វត្តមានយោធាចិនជាអចិន្ត្រៃយ៍នៅកំពង់ផែរាមបាន«ចាប់ផ្ដើម»ហើយ | hot news

By , Comment
Share on Facebook Tweet on Twitter

វត្តមាន​យោធា​របស់​ចិន​ជា​អចិន្ត្រៃយ៍​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម បាន​«ចាប់ផ្ដើម»​ហើយ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​ចុងក្រោយ​របស់​អ្នក​ជំនាញ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។

ប្រធាន​កម្មវិធី​អាស៊ីអាគ្នេយ៍ និង​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) របស់​អាមេរិក លោក ក្រិកហ្គោរី ផលីង (Gregory Poling) ត្រូវ​បាន​ទស្សនាវដ្ដី Newsweek ដក​ស្រង់​ប្រសាសន៍​យក​មក​ចុះផ្សាយ​កាលពី​ថ្ងៃទី២៦ ខែ​មេសា ថា វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​នៅ​កំពង់ផែ​រាម​បាន​ចាប់ផ្ដើម​ហើយ ហើយ​យើង​ទំនង​ជា​នឹង​បន្ត​ឃើញ​នាវា​ចម្បាំង​នានា​របស់​ចិន​នឹង​ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​កំពង់ផែ​រាម​ឆ្លាស់​វេន​គ្នា សម្រាប់​រយៈពេល​យូរ។

មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា បាន​វាយតម្លៃ​ថា​ ផ្អែក​តាម​រូបភាព​តាម​ផ្កាយរណប​ពាណិជ្ជកម្ម នាវា​ចម្បាំង​ពីរ​គ្រឿង​​របស់​ចិន​បាន​ចូល​ចត​នៅ​កំពង់ផែ​រាម​អស់​រយៈពេល​​ជាង​៤ខែ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០២៣ មក ដោយ​ពុំ​ទាន់​ចាកចេញ​វិញ​នៅឡើយ​ទេ។ មជ្ឈមណ្ឌល​នេះ ថា​នាវា​ចម្បាំង​របស់​ចិន​ទាំង​ពីរ​គ្រឿង​នេះ មាន​វត្តមាន​នៅ​កំពង់ផែ​រាម​ស្ទើរ​តែ​ជា​ប្រចាំ​ចាប់​តាំង​ដើម​ថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០២៣​រហូត​មក ហើយ​បាត់​វត្តមាន​តែ​ក្នុង​ចន្លោះ​ថ្ងៃទី១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​មករា និង​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ប៉ុណ្ណោះ។ អ្នក​ជំនាញ​អាមេរិក​រូប​នេះ ពន្យល់​ថា រូបភាព​តាម​ផ្កាយរណប​បញ្ជាក់​យ៉ាង​ច្បាស់​ថា នាវា​ចម្បាំង​ទាំងពីរ​គ្រឿង​របស់​ចិន​នេះ មិន​ដែល​បាន​ចាកចេញ​ពី​កំពង់ផែ​រាម​ឡើយ។ លោក​ថា ចន្លោះ​ពេល​ខ្លី​ដែល​នាវា​ចម្បាំង​ទាំងនេះ មិន​មាន​វត្តមាន​នៅ​ផែ​សំចត គឺ​ទំនងជា​ដោយសារ​តែ​នាវា​ទាំងនេះ​ធ្វើ​សម​យុទ្ធ​រយៈពេល​ខ្លី​នៅ​សមុទ្រ។

កម្ពុជា​ធ្លាប់​អះអាង​ថា​ការ​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​នេះ គឺ​ដើម្បី​ត្រៀម​«ហ្វឹកហ្វឺន»​នាយ​នាវិក​កងទ័ព​ជើង​ទឹក​កម្ពុជា។ ក៏ប៉ុន្តែ ពុំ​បាន​បញ្ជាក់​ពី​រយៈពេល​ជាក់លាក់​នៃ​ការ​«ហ្វឹកហ្វឺន»​នេះ​ទេ​។

សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​បស្ចិម​លោក​មួយ​ចំនួន តែង​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​ជា​ប្រចាំ​ថា ចិន​អាច​ប្រើប្រាស់​មួយ​ផ្នែក​នៃ​កំពង់ផែ​រាម ធ្វើ​ជា​មូលដ្ឋាន​ទ័ព​«ផ្ដាច់មុខ»​របស់​ខ្លួន។ ក៍​ប៉ុន្តែ ព័ត៌មាន​នេះ ត្រូវ​បាន​ភាគី​កម្ពុជា​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់​ថា កម្ពុជា​គ្មាន​មហិច្ឆតា និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ខ្លួន​ឯង ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹក​ដី​ខ្លួន​ឡើយ។

ការិយាល័យ​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (ODNI) ដែល​ជា​បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន​១៧ស្ថាប័ន ក្នុង​នោះ​រួម​ទាំង​ភ្នាក់ងារ ស៊ី.អាយ.អេ (CIA) ផង បន្ត​លើកឡើង​ក្នុង​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ​ប្រចាំ​ឆ្នាំ​២០២៤​របស់​ខ្លួន កាលពី​ដើម​ខែ​កុម្ភៈ ថា ចិន​បាន​បង្កើន​មហិច្ឆតា​យោធា​របស់​ខ្លួន រួម​ទាំង​ការសាងសង់​មូលដ្ឋាន​ទ័ព​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​វត្តមាន​កាន់តែ​កើន​ឡើង​របស់​ក្រុង​ប៉េកាំង (Beijing) ​នៅ​លើ​លម្ហ​សមុទ្រ។ បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ដដែល​នេះ សរសេរ​ថា ក្រៅតែ​ពី​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​ជីបូទី (Djibouti) និង​ការសាងសង់​មូលដ្ឋាន​របស់​ខ្លួន​នៅ​កំពង់ផែ​រាម​របស់​កម្ពុជា​ហើយ​នោះ ក្រុង​ប៉េកាំង​ត្រូវ​គេ​រាយការណ៍​ថា​ក៏​កំពុង​ពិចារណា​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​តាម​ទីតាំង​ជាច្រើន​ទៀត រួម​ទាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) គុយបា (Cuba) ប៉ាគីស្ថាន (Pakistan) និង​ស្រីលង្កា (Sri Lanka) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments