RFA | យុវជន​កោរ​សក់ ដើម្បី​គោរព​​វីរភាព​របស់​លោក កើត សារ៉ាយ | hot news

By , Comment
Share on Facebook Tweet on Twitter

យុវជន​មួយ​ចំនួន​កោរ​សក់ ដើម្បី​គោរព​វីរភាព។ អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​កោរ​សក់​របស់​យុវជន​ទាំង​នេះ បង្ហាញ​ពី​ភាព​ក្លាហាន សាមគ្គីភាព​របស់​យុវជន និង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ឃុំខ្លួន​លោក កើត សារ៉ាយ។

យុវជន​ដែល​កោរ​សក់ ដើម្បី​បង្ហាញ​ការ​គោរព​ដល់​វីរភាព​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើក​ឡើង​ដូចៗ គ្នា​ថា លោក កើត សារ៉ាយ មិន​ត្រឹមតែ​ជា​បុគ្គល​គំរូ​ក្នុង​ការ​បំពេញ​តួនាទី​ជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូភាព​ក្នុង​ការ​លះបង់ ដើម្បី​យុត្តិធម៌​សង្គម​ផង​ដែរ។

យុវជន​រស់នៅ​ខេត្តត្បូងឃ្មុំ គឺ​លោក យ៉ិត យុតយូ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ ខែមេសា ថា ការ​លើក​កម្ពស់​សន្តិភាព​វិជ្ជមាន។ លោក​បន្ត​ថា ការ​កោរ​សក់​របស់​លោក​នេះ ក៏​ជា​ការ​បង្ហាញ​ថា ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម មិនមែន​សម្រាប់​តែ​អ្នក​ដឹកនាំ​នោះ​ឡើយ តែ​ក៏​ជា​ភារកិច្ច​របស់​ពលរដ្ឋ​ទូទៅ​ផង​ដែរ។

ស្រដៀង​គ្នា​នេះ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា លើក​ឡើង​ថា ការ​កោរ​សក់​របស់​លោក គឺ​ដើម្បី​បង្ហាញ​ការ​សោកស្ដាយ ចំពោះ​ការ​ឃុំ​ខ្លួន​លោក កើត សារ៉ាយ ដោយ​អយុត្តិធម៌។ លោក​អះអាង​ថា ការងារ​របស់​លោក កើត សារ៉ាយ គឺ ដើម្បី ពាំនាំ យក បញ្ហា របស់ ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ​ឱ្យ​សាធារណជន ជា​ពិសេស រដ្ឋាភិបាល​បាន​ដឹង និង​ជួយ​ស្វែងរក​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​កោរ​សក់​របស់​លោក គឺ​ដើម្បី​បង្ហាញ​ការ​មិន​គាំទ្រ ចំពោះ​ការ​ឃុំខ្លួន និង​ចោទ​ប្រកាន់​ពី​សំណាក់​តុលាការ​ទៅ​លើ លោក កើត សារ៉ាយ។

លោក កើត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ ខែមេសា នៅ​ទីស្នាក់ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅ​ក្នុង​បុរីឈូកមាស សង្កាត់ក្រាំងធ្នង់ រាជធានី​ភ្នំពេញ ក្រោយ​ពី​លោក បាន​ចុះ​ទៅ​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ឃុំស្រយ៉ង់ ដែល​កំពុង​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមិនា និង​ផ្ដល់​បទ​សម្ភាសន៍​នៅ​តាម​សារ​ព័ត៌មាន។ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក កើត សារ៉ាយ និង​គូកន ពី​បទ មិន​រាងចាល និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែមេសា ក្រោម​បទចោទ ញុះញង់ និង​មិន​រាងចាល។

ក្រៅ​ពី​ការ​កោរ​សក់ យុវជន​រាប់​រយ​នាក់​ផ្សេង​ទៀត ក៏​បាន​ប្ដូរ​ប្រូហ្វាល់ (Profile) ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ទៅ​ជា​រូប​លោក កើត សារ៉ាយ ជាមួយ​សារ​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments