RFA | ព្រះតេជព្រះគុណ សំ គឹមសាធ បន្ត​ធ្វើ​ធម្មយាត្រា​ជាថ្មី​ជំរុញ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស | hot news

By , Comment
Share on Facebook Tweet on Twitter

ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម​លោក អ៊ុក ពេជ្រសំណាង កំពុង​ធ្វើ​ធម្មយាត្រា​ជា​ថ្មី​ទៀត ដើម្បី​ផ្សព្វផ្សាយ​អំពី​មេត្តាធម៌ និង​លើកកម្ពស់​សីលធម៌​ជា​លើក​ទី​៤ ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៨​រយ​គីឡូម៉ែត្រ​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ខេត្ត​រតនគិរី។ ធម្មយាត្រា​នេះ ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ធម្មយាត្រា​ផ្សព្វផ្សាយ​ធម៌​មេត្តាចិត្ត អប់រំ​អំពី​សិទ្ធិមនុស្ស និង​លើកកម្ពស់​សីលធម៌​សង្គម​របស់​ព្រះតេជព្រះគុណ សំ គឹមសាធ និង​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង គិត​ត្រឹម​ថ្ងៃទី​២២ ខែ​មីនា គឺ​មាន​រយៈពេល​១​សប្តាហ៍​និង​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ជាង​២​រយ​គីឡូម៉ែត្រ​ហើយ ដោយ​ចាប់​ផ្តើម​ចេញពី​ខេត្ត​ព្រះសីហនុ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្តរតនគិរី​។ ដំណើរ​ធម្មយាត្រា​នេះ​បាន​ទៅដល់​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បន្ត​ឆ្ពោះទៅ​ខេត្តព្រៃវែង ដោយ​ពុំ​មាន​អាជ្ញាធរ​តាម​រារាំង​ដូច​លើក​មុនៗ​នោះ​ឡើយ។

ក្រោម​កម្តៅថ្ងៃ​ខ្លាំង​នៅ​រដូវប្រាំង ព្រះអង្គ សំ គឹមសាធ និមន្ត​បណ្តើរ​សូត្រធម៌​ផ្សព្វផ្សាយ​មេត្តាធម៌​បណ្តើរ ចំណែក​លោក អ៊ុក ពេជ្រសំណាង ដែល​អមដំណើរ​ជាមួយ​ព្រះអង្គ​កាន់​ទង់ជាតិ ទង់សាសនា និង​បដា​ហាក់​អស់កម្លាំង​បន្តិច។ ប៉ុន្តែ​ធម្មយាត្រា​ផ្សព្វផ្សាយ​បញ្ហា​សង្គម​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ដែល​មាន​ទឹកចិត្ត​ជ្រះថ្លា​ជួយ​ឧបត្ថម្ភ​ជា​ទឹក និង​ប្រគេន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ហូរហែ។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​ថេរដីកា​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មូលហេតុ​ដែល​ព្រះអង្គ​និមន្ត​ធ្វើ​ធម្មយាត្រា​បន្ត​ទៀត​ដោយសារ​ព្រះអង្គ​ឈឺចាប់​ពេល​ទត​ឃើញ​បញ្ហា​រំលោភសិទ្ធិ រឿង​អយុត្តិធម៌ ការ​គំរាមកំហែង និង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ទន់ខ្សោយ​ចេញពីផ្ទះ​សម្បែង ដីស្រែ​ចំការ​ពី​អ្នក​មាន​អំណាច​នៅតែ​កើតឡើង​ច្រើន​នៅក្នុង​សង្គម។ ព្រះអង្គ​បិណ្ឌ​បាត្រ​ដល់​រដ្ឋាភិបាល​ទម្លាក់​ចោល​នូវ​អំពើ​បាប ការ​ចងគំនុំ​គ្នា ដោយ​ងាក​មក​កសាង​បុណ្យ​កុសល គោរព​សិទ្ធិមនុស្ស និង​បើក​ឱ្យ​ពលរដ្ឋ​ទាំង​អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​ចាប់​ដាក់គុក​ដើម្បី​កសាង​សង្គម​ឱ្យ​មាន​សុខ​សន្តិភាព​ពិតប្រាកដ។

ព្រះតេជព្រះគុណ សំ គឹមសាធ៖ «ធម្មយាត្រា​ដី​រាប់​រយ​គីឡូម៉ែត្រ​មិន​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​អ្នកដឹកនាំ​នយោបាយ​ដើរ​ឆ្ងាយ​ពី​បន្ទាត់​ប្រជាធិបតេយ្យ ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិមនុស្ស អាត្មា​យល់​ថា អស់​លោក​ជា​មន្ត្រី អ្នកមាន ល្មម​កែតម្រូវ​ខ្លួន​ហើយ ដល់ពេល​វិលត្រឡប់​ទៅ​រក​ភាព​ដើម​ហើយ​គឺ​ជរា ព្យាធិ និង​មរណៈ​តាម​ផ្ដន្ទា​ញោម​ហើយ ដូច្នេះ​អំពើ​អយុត្តិធម៌​សូមកុំ​ឱ្យ​កើត​មាន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត»

ធម្មយាត្រា​មេត្តាធម៌ និង​លើកកម្ពស់​សីលធម៌​សង្គម​ដើរ​ថ្មើរជើង​លើក​នេះ​គ្រោង​ចំណាយ​រយៈពេល ១​ខែ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨​រយ​គីឡូម៉ែត​ដែល​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន​៨ ដោយ​ផ្តើម​ចេញ​ពី​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្លង​កាត់​ខេត្ត​កំពង់ស្ពឺ កណ្ដាល ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​បញ្ចប់​នៅ​ខេត្តរតនគិរី​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សាកសួរ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២២ ខែ​មីនា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​ខ្លាំង គឺ​អ្នកបួស​គ្រប់​និកាយ​សាសនា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​មេត្តាចិត្ត អប់រំ​អំពី​គុណធម៌​ក្នុង​ទិសដៅ​ជួយ​ឱ្យ​មនុស្ស​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​សង្គម​ជាដើម​។ លោក​យល់ថា​រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត ហើយ​ទទួលយក​សំណើ​ទាំងនោះ​ទៅ​ពិនិត្យ​ដោះស្រាយ ដោយ​ផ្តើម​ចេញ​ពី​ការគោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​សម្រាប់​ផលប្រយោជន៍​ជាតិ​រួម។

លោក កើត សារ៉ាយ៖ «អ្វី​ដែល​ព្រះសង្ឃ​បិណ្ឌបាត្រ​សុទ្ធតែ​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បើសិន​ព្រះសង្ឃ​មិន​បិណ្ឌបាត្រ​ក៏ដោយ ក៏​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​ធានា និង​ការពារ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដូច្នេះ​ព្រះសង្ឃ បរិស័ទ តាជី យាយជី​ដែល​មាន​ឆន្ទៈ​ចង់ឱ្យ​រដ្ឋាភិបាល​កែ​លម្អ គឺ​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​លើ​រឿង​ហ្នឹង»

ព្រះតេជព្រះគុណ សំ គឹមសាធ តែងតែ​និមន្ត​ធ្វើ​ធម្មយាត្រា​ដើម្បី​អប់រំ​អំពី​សីលធម៌​សង្គម និង​ការ​លើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០២៣ កន្លងទៅ​ព្រះតេជព្រះគុណ សំ គឹមសាធ ធ្លាប់​ធ្វើ​ធម្មយាត្រា​ទៅ​ខេត្ត​ពោធិ៍សាត់ និង​ទៅ​ព្រំដែន​ថៃ ដែល​កាលណោះ​ព្រះអង្គ​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព ការរារាំង ការ​គំរាម​ចាប់​ផ្សឹក​ពី​សំណាក់​អាជ្ញាធរ និង​ការ​បណ្ដេញ​ចេញពី​វត្ត​ជាដើម ។ ទោះ​យ៉ាងណា​ព្រះអង្គ​មិន​រាថយ​នោះ​ទេ កាល​ពី​ពេល​ថ្មីៗ​នេះ​ព្រះអង្គ​បន្ត​ធ្វើ​ធម្ម​យាត្រា​ចម្ងាយ​ផ្លូវ​ជិត​៧​រយ​គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ខេត្ត​ចំនួន​៨ រួម​មាន​ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ។

ព្រះតេជព្រះគុណ សំ គឹមសាធ ព្រះជន្ម ៧២​ព្រះវស្សា ជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​មិន​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដោយ​ព្រះអង្គ​ហ៊ាន​ចេញ​មក​ធ្វើ​ធម្ម​យាត្រា​និមន្ត​ដោយ​ថ្មើរជើង​ស្នើ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ធ្វើ​ការងារ​សង្គម និង​ទាមទារ​លើកកម្ពស់​សីលធម៌​សង្គម​។ ព្រះអង្គ សំ គឹមសាធ មាន​ថេរ​ដីកា​ថា បើ​ទោះបី​ព្រះអង្គ​ជួប​ឧបសគ្គ​ក្នុង​ផ្សព្វផ្សាយ​មេត្តាធម៌​យ៉ាង​ណា​ក្តី ក៏​ព្រះអង្គ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​រហូត​សង្គម​មាន​សន្តិភាព ស្ថិរភាព និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments