RFA | ប្រធាន​បក្ស​ភ្លើង​ទៀន​ប្រាប់​តុលាការ​ថា លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ក្រោម​អាណត្តិ​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​ពិត | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​បក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ឆ្លើយ​បំភ្លឺ​ទៅ​កាន់​តុលាការ​ថា លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ក្រោម​អាណត្តិ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​ពិត​ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ត្រូវ​បាន​គេ​ដាក់​កាមេរ៉ា​តាម​ដាន។ មន្ត្រី​សង្គម​ស៊ីវិល​ថា អ្នក​នយោបាយ​គ្រប់​រូប គួរ​ប្រកាន់​ជំហរ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​ចូល​រួម​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ។

សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​ទី២៥ ខែមេសា កោះ​ហៅ​ប្រធាន​បក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល មក​ឆ្លើយ​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​មេធាវី​តំណាង​រាជ​រដ្ឋាភិបាល​លោក ជូ សុធាផល និងលោក ម៉ម ចាន់ណែភ ដែល​បាន​ចោទ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់​សារព័ត៌មាន​អន្តរជាតិ​កាល​ពី​ខែ​​កុម្ភៈ។ ​

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ថ្លែង​ក្រោយ​ឆ្លើយ​បំភ្លឺ​ថា អ្វី​ដែល​អត្ថបទ​កាសែត​ជប៉ុន នីកេ អេស៊ា (Nikkei Asia) បាន​ចុះ​ផ្សាយ​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​លោក​ស្ទើរ​តែ​ទាំង​ស្រុង។ លោក ទាវ វណ្ណុល ថា នេះ​ជា​ការ​ពិត​ដែល​អាជ្ញាធរ​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ​ផ្ទះ​ថ្នាក់​ដឹក​នាំ​និង​អតីត​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដូច​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លោក ចេប គឹមអ៊ាង លោក រ៉ុង ឈុន និង​រូប​លោក​ផ្ទាល់​ជា​ដើម។

លោក ទាវ វណ្ណុល បន្ត​ថា នៅ​អំឡុង​ពេល​នៃ​ការ​សាកសួរ​របស់​តំណាង​អយ្យការ​ លោក​នៅ​តែ​រក្សា​ជំហរ​ថា លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​បន្ត​ធ្លាក់​ចុះ​នៅ​ក្រោម​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត។

លោក ទាវ វណ្ណុល «ព្រោះ​ជា​ការ​ប្រៀប​ធៀប​ទៅ​កាល​ពី​សម្ដេច​តេជោ​សម័យ​សម្ដេច​តេជោ និង​សម័យ​ឯកឧត្ដម ហ៊ុន ម៉ាណែត ហ្នឹង​មាន​ការ​ខុស​គ្នា ខ្ញុំ​ថា មាន​ការ​រឹតត្បិត​ខ្លាំង​ជាង​ជាង​សម័យ​សម្ដេច​តេជោ ឆ្លើយ​បញ្ជាក់​ប្រាប់​ប៉ុណ្ណឹង ខ្ញុំ​និយាយ​ការ​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង»

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ទាវ វណ្ណុល គឺ​លោក ជូង ជូងី លើក​ឡើង​ថា តាម​គោលការណ៍​ច្បាប់​ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល ជា​មួយ​អ្នក​សារព័ត៌មាន​នេះ មិន​គួរ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ បើ​ទោះ​ជា​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល ឬ​ក៏​អត់។ លោក ជូង ជូងី ថា ការ​មិន​មាន​កំហុស​នេះ គឺ​ដោយ​សារ​តែ​ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល ផ្អែក​លើ​ការ​ពិត​ប៉ុណ្ណោះ។

លោក ជូង ជូងី «អ៊ីចឹង​សម្រាប់​ខ្ញុំ​ជា​មេធាវី ឬ​ក៏​ជា​អ្នក​ច្បាប់​ប្រជាពលរដ្ឋ​សាមញ្ញ​មិន​អាច​ទៅ​ដាក់​កាមេរ៉ា​បាន​ទេ អាច​ជា​អាជ្ញាធរ​ដែន​ដី​គេ​ដាក់ អ៊ីចឹង​ប្រសិន​បើ​ជា​ដាក់​ក្នុង​គោលបំណង​ទូទៅ ឬ​នៅ​ក្នុង​ទី​សាធារណៈ​វា​មិន​ជា​បញ្ហា​អី​ទេ។ ប៉ុន្តែ ប្រសិនបើ​ក្នុង​គោលដៅ​ចាប់​យក​សកម្មភាព​របស់​គាត់​ផ្ទាល់ គឺ​ប៉ះពាល់​ទៅ​លើ​ជីវិត​ឯកជន​ភាព​របស់​គាត់។ អ៊ីចឹង ប្រសិនបើ​ដាក់​សម្រាប់​សុវត្ថិភាព​សាធារណៈ គួរ​តែ​ដាក់​ជា​ទូទៅ​កន្លែង​ណា ក៏​ដាក់​ដែរ។ ប៉ុន្តែ បើ​ដាក់​សម្រាប់​តែ​មុខ​ផ្ទះ​គាត់​ទេ ហើយ​មក​អះអាង​ថា សម្រាប់​សុវត្ថិភាព​សាធារណៈ​វា​មិន​សម​ស្រប​ទេ»

លោក ជូង ជូងី ថា ការ​សាក​សួរ​ទៅ​លើ​កូន​ក្ដី​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី២៥ ខែមេសា នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​ចេញ​ដីកា​កោះ លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែមីនា។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​នេះ​មិន​មែន​តែ​អ្នក​នយោបាយ​ទេ សូម្បី​តែ​ក្រសួង​ការ​បរទេស​អាមេរិក និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ដូច​គ្នា​ផង​ដែរ។

លោក អំ សំអាត ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​អ្នក​នយោបាយ​គ្រប់​រូប​ប្រកាន់​ជំហរ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​ចូល​រួម​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ។

លោក អំ សំអាត «អ្នក​នយោបាយ​ទាំង​អស់​គួរ​តែ​តម្កល់​ឧត្ដម​ប្រយោជន៍ជាតិ ឧត្ដម​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ប្រសិនបើ​មាន​បញ្ហា​អី​ យើង​គួរ​តែ​ជជែក​គ្នា​ដោយ​សន្តិ​វិធី ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដែល​ដើម្បី​ឧត្ដម​ប្រយោជន៍ជាតិ ឧត្ដម​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ»

លោក ទាវ វណ្ណុល បាន​ប្រាប់​ទៅ​កាន់​អត្ថបទ​កាសែត​ជប៉ុន នីកេ អេស៊ា អំឡុង​ពេល ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ថា លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​​​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់​តែ​ធ្លាក់​ចុះ​ និង​អាក្រក់​ជាង​ការ​ដឹក​នាំ​របស់​ឪពុក​លោក គឺ​លោក ហ៊ុន សែន។ លោក ទាវ វណ្ណុល បន្ត​ថា គណបក្ស​ភ្លើង​ទៀត​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឱ្យ​បោះ​ឆ្នោត ចំណែក​មន្ត្រី និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ត្រូវ​បាន​គំរាម​កំហែង ចាប់​ខ្លួន និង​ដាក់​កាមេរ៉ា​ឃ្លាំមើល។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២២ មេសា បាន​ចេញ​របាយការណ៍ ឆ្នាំ២០២៣ ស្ដី​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​រក​ឃើញ​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​សំខាន់ៗ រួមមាន ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អមនុស្សធម៌ ការព្យាបាទ និង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments