RFA | អង្គការ​អន្តរជាតិ​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង លោកស្រី សំ សុខា | hot news

By , Comment
Share on Facebook Tweet on Twitter

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោកស្រី សំ សុខា ដែល​បាន​រិះគន់ និង​យក​ស្បែង​ជើង​គប់​ទៅ​លើ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្នុង​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ជា​បន្ទាន់។ លោកស្រី សំ សុខា ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ខ្លួន​ដោយ​បង្ខំ​ទៅ​ឱ្យ​សមត្ថកិច្ច​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឱ្យ​អង្គការ​សហប្រជាជាតិ ម្ចាស់​ជំនួយ និង​ប្រទេស​ដទៃ​ទៀត​ដែល​ទទួល​ស្គាល់​សិទ្ធិ​ជនភៀសខ្លួន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​ដោះលែង​លោកស្រី សំ សុខា ត្រឡប់​មក​វិញ និង​ជួយ​ឱ្យ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ណា​ដែល​មាន​សុវត្ថិភាព អាច​គេច​ចេញ​ពី​​ការ​ដាក់​ទោសទណ្ឌ​​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ មួយ​នេះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា ដោយ​បង្ខំ​ទៅ​ឱ្យ​សមត្ថកិច្ច​កម្ពុជា បើ​ទោះ​បី​ជា​លោកស្រី​ត្រូវ​បាន​សម្ភាស និង​ទទួល​ស្គាល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ពី​សំណាក់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន​ប្រចាំ​ទីក្រុង​បាងកក និង​កំពុង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ស្ថានទូត​ប្រទេស​លោក​ខាង​លិច​ដើម្បី​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​ទី​៣ រួច​ហើយ​យ៉ាង​ណា​ក្តី។

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម  (Brad Adams) អះអាង​ថា រដ្ឋាភិបាល​យោធា​ថៃ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្គាប់ផ្គុន​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​ជា​អ្នកជិតខាង​របស់​ខ្លួន។ លោក​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​របស់​ថៃ ទាំង​អស់​ឱ្យ​ថ្កោលទោស​ជា​ផ្លូវការ និង​ជា​សាធារណៈ​ចំពោះ​ទង្វើ​ដ៏​យង់ឃ្នង​របស់​រដ្ឋាភិបាល​យោធា​ថៃ ក្នុង​ការ​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រទេស​ដើម​វិញ ទាំង​ដឹង​ជា​មុន​ថា ជន​នោះ​មុខ​ជា​នឹង​ត្រូវ​កាត់​ឱ្យ​ជាប់​ទោស​នៅ​ពេល​បញ្ជូន​ទៅ​ដល់​ប្រទេស​កំណើត​របស់​ពួកគាត់​វិញ​នោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ទាំង​បង្ខំ​យ៉ាង​ដូច្នេះ គឺ​បំពាន​គោលការណ៍​ទំនៀមទម្លាប់​របស់​ច្បាប់​អន្តរជាតិ ដែល “ហាម​ឃាត់​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​ណា​ម្នាក់​ទៅ​កាន់​ទីកន្លែង​ណា​មួយ​ដែល​ជន​នោះ​នឹង​ប្រឈម​គ្រោះថ្នាក់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត”។

​លោក ប្រ៊ែដ អាដាម សង្កត់​ធ្ងន់​ថា ការ​ចាប់​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា ដោយ​បង្ខំ​ទៅ​កម្ពុជា​វិញ​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា រដ្ឋាភិបាល​យោធា​ថៃ នឹង​ធ្វើ​បែប​នេះ​ទៅ​លើ​ជនភៀសខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ។

​ចំណែក​ឯ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) វិញ​លើក​ឡើង​ថា ប្រទេស​ថៃ នៅ​តែ​ជាប់​កាតព្វកិច្ច​អនុវត្ត​តាម​គោលការណ៍​សាកល​នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម បើ​ទោះ​បី​ជា​ប្រទេស​ថៃ មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ ស្ដីពី​ជនភៀសខ្លួន​យ៉ាង​ណា​ក៏ដោយ។ ក្នុង​ករណី​នេះ អាជ្ញាធរ​ថៃ មិន​ត្រូវ​បញ្ជូន​ជន​ណា​ម្នាក់​ឲ្យ​ទៅ​គ្រោះថ្នាក់​បែប​នេះ​នោះ​ឡើយ។

​ប៉ុន្តែ មន្ត្រី​អន្តោប្រវេសន៍​ថៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន បាងកក ប៉ុស្ដិ៍ (The Bangkok Post) នៅ​មុន​ចាប់​បញ្ជូន​លោកស្រី សំ សុខា មក​កម្ពុជា​ថា ឲ្យ​តែ​អាជ្ញាធរ​ថៃ រក​ឃើញ​ថា ជនភៀសខ្លួន​ណា​ក៏ដោយ ដែល​រំលោភច្បាប់​ថៃ អាជ្ញាធរ​ថៃ នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់។

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី សំ សុខា នៅ​ប្រទេស​ថៃ ថា ការណ៍​ដែល​ចាប់​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា ត្រឡប់​ទៅ​កម្ពុជា​វិញ ដូច​ឲ្យ​បញ្ជូន​គាត់​ទៅ​ឲ្យ​ស្លាប់​អ៊‍ីចឹង។ មុន​ចាប់​បញ្ជូន​ខ្លួន មេធាវី​លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី សំ សុខា ព្រួយ​បារម្ភ​ខ្លាំង​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​នេះ។

មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) ថា លោកស្រី សំ សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ និង​បញ្ជូន​ទៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ នេះ ដើម្បី​ជាប់​ពន្ធនាគារ​​ទៅ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​នេះ។ លោក សម សាមួន បញ្ជាក់​ថា ការ​បញ្ជូន​ខ្លួន​លោកស្រី សំ សុខា គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា។

​អាស៊ីសេរី បាន​ទាក់ទង​ស្ថានទូត​ថៃ និង​ក្រសួង​ការបរទេស​ថៃ ជុំវិញ​ការ​បញ្ជូន​លោកស្រី សំ សុខា មក​ឲ្យ​អាជ្ញាធរ​ថៃ​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ នេះ។

លោកស្រី សំ សុខា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​តាម​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៦ (ជ) ចុះ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៨។ លោកស្រី​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​ជេរ​ប្រមាថ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ពាក់ព័ន្ធ​នឹង​រូបភាព​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ​លោកស្រី​បាន​យក​ស្បែក​ជើង​គប់​ទៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន។

លោកស្រី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ តាំងពី​ពេលនោះ​មក ដោយ​អះអាង​ថា លោកស្រី​រង​ការ​គំរាមកំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។ ក្រោយ​មក នៅ​ខែ​មករា ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃ បាន​ចាប់ និង​ឃុំ​ខ្លួន​លោកស្រី ដោយសារ​ស្នាក់នៅ​ប្រទេស​ថៃ ហួស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ។ លោកស្រី​នៅ​ជាប់​មន្ទីរ​ឃុំឃាំង​នៅ​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ចាប់​បញ្ជូន​មក​កម្ពុជា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments