RFA | ស្ថានទូត និងក្រសួងការងារព្រមានពលករមិនឱ្យបញ្ចេញព័ត៌មានរឿងឃុំឃាំងនៅប្រទេសអារ៉ាប | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រសួង​ការងារ និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត (Saudi Arabia) ព្រមាន​ដល់​ក្រុម​ពលករ​រង​គ្រោះ​មិន​ឱ្យ​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ថៅកែ​បង្ខាំង​ពួកគេ​នោះ​ទេ។ ស្ថាន​ទូត​និយាយ​ថា ក្រុមហ៊ុន​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត ក៏​មិន​បាន​បង្ខាំង​ស្ត្រី​ខ្មែរ​ដែរ។ ចំណែក ពលករ​ដែល​រង​គ្រោះ​វិញ​បញ្ជាក់​ថា ដោយ​សារ​តែ​ស្ថានទូត​មិន​បាន​ជួប​បញ្ហា​ផ្ទាល់​ទើប​មិន​ដឹង​ពី​ការ​ឈឺចាប់​ដែល​ត្រូវ​គេ​ឃុំឃាំង​ក្នុង​បន្ទប់​បង្អត់​បាយទឹក និង​ឱ្យ​តែ​ផឹក​ទឹក​បង្គន់។

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចង់​ឱ្យ​ក្រុម​ពលករ​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ក្រសួង និង​ស្ថាន​ទូត​មិន​បាន​ផ្ដល់​កិច្ច​គាំពារ​ពេញលេញ​លើ​ក្រុម​ពលករ​ដែល​រង​គ្រោះ និង​យឺតយ៉ាវ​បញ្ជូន​ក្រុម​ពលករ​ជា​ស្ត្រី​មក​កម្ពុជា​វិញ។

កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ប្រាប់​ក្រុម​ពលករ​រង​គ្រោះ​មួយ​ចំនួន​ឱ្យ​រង់ចាំ​ការ​ដោះស្រាយ​តាម​ដំណាក់កាល និង​ព្រមាន​ដល់​ក្រុម​ពលករ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​កុំ​បញ្ចេញ​ព័ត៌មាន​នានា ដើម្បី​ទុក​ពេល​ឱ្យ​លោក​ធ្វើ​ការ​ជាមួយ​មន្ត្រី​ប្រទេស អារ៉ាប៊ី សាអូឌីត។ លោក​បញ្ជាក់​ថា ក្រុម​ពលករ​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត ក៏​ពុំ​បាន​រង​នូវ​ការ​បង្ខាំង​នោះ​ទេ ខណៈ​ពួកគេ​អាច​បញ្ចេញ​ព័ត៌មាន និង​អាច​និយាយ​ឆ្លើយឆ្លង​ជាមួយ​អ្នក​កាសែត​បាន​ជា​បន្តបន្ទាប់។

ទោះ​បី​ជា​យ៉ាង​ណា ពលករ​ដែល​អះអាង​ថា ខ្លួន​ត្រូវ​បាន​ថៅកែ​បង្ខាំង​លោកស្រី អាត់ ថា ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​ស្ថានទូត​ថា មិន​បាន​ជួប​ស្ថានការណ៍​ជាក់ស្ដែង ទើប​មិន​យល់​ពី​ការ​ឈឺចាប់​របស់​ក្រុម​ពលករ។ លោកស្រី​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេល​ថៅកែ​ចាប់​លោកស្រី​ឃុំ​ក្នុង​បន្ទប់ និង​ចាក់​សោ​ទ្វារ ៥ជាន់ គេ​មិន​ផ្ដល់​បាយ​ទឹក​ឱ្យ​លោកស្រី​បាន​ហូប​គ្រប់គ្រាន់​ទេ។

លោកស្រី អាត់ ថា៖«មិន​ឃុំ​យ៉ាង​ម៉េច? បើ​ចាក់​សោ​ពួក​ខ្ញុំ​ហើយ​ឱ្យ​នៅ​តែ​ក្នុង​បន្ទប់ ហើយ​ហូប​ទឹក​ទុយយោ បង្អត់​បាយ​អា​ហ្នឹង​គេ​ហៅ​ឃុំ ឬ​អត់ខ្ញុំ​សុំ​ឱ្យ​គាត់ [ស្ថាន​ទូត​បកស្រាយ] នៅ​ខាង​អារ៉ាប​នេះ គេ​កំពុង​តែ​ប្ដឹង​យើង ចង់​កៀប​ពលករ​ទុក អ៊ីចឹង​កាលណា​មាន​ព័ត៌មាន​ថែម​គេ​អត់​ឱ្យ​យើង​ទៅ​ទេ ដោះស្រាយ​អត់​ងាយ​ចេញ​តាម​ច្បាប់»

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្រុម​ពលករ ខណៈ​ក្រសួង​ការងារ និង​ស្ថានទូត​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ក្រុម​ពលករ​មក​កម្ពុជា​វិញ។ លោក​ជំរុញ​ឱ្យ​ស្ថានទូត​ពន្លឿន​នីតិវិធី​ដោះស្រាយ និង​ផ្ដល់​កិច្ច​គាំពារ​ចំពោះ​ក្រុម​ពលករ​កំពុង​ជាប់​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត​។

លោក អាត់ ធន់៖ «ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត ទាល់​តែ​យើង​ចាំ​មើល​សេចក្ដី​សម្រេច យ៉ាង​ម៉េច​ៗ បាន​ច្បាស់ ព្រោះ​ឥឡូវ​ស្ថិត​ក្នុង​ការ​ចាំ​មើល​តើ​ថា ក្រសួង​គេ​ធ្វើ​បាន​ប៉ុណ្ណា។ បើ​អត់​ទាន់​ចប់​ទេ​ថា កម្មករ​នៅ​តែ​បន្ត​ទាមទារ​ម៉េច​ៗ​ទៀត ចាំ​យើង​ដោះស្រាយ​ឱ្យ​គាត់។ ពេល​នេះ ស្ថិត​ក្នុង​នីតិវិធី​ដោះស្រាយ យើង​ពិបាក​ចូលរួម​មែនទែន ព្រោះ​ឥឡូវ​នេះ យើង​គ្រាន់​តែ​ចូលរួម​តាម​ដាន​ទេ​បាទ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​បកស្រាយ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៨ ខែ​មេសា​។

នៅ​ថ្ងៃ​ទី២៨ ខែ​មេសា មាន​ស្ត្រី​ខ្មែរ​ចំនួន ១២នាក់​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​កម្ពុជា​វិញ​ហើយ។ ពួកគាត់​ទាំង​នោះ​ភាគច្រើន​មាន​សុខភាព​ខ្សោយ​ទ្រុឌទ្រោម និង​អ្នក​ខ្លះ​ទៀត​ហូរ​ឈាម​ច្រមុះ។

ពលករ​ដែល​បាន​មក​ដល់​ខ្មែរ​លោកស្រី រស់ សុធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ចំណោម​ពលករ ១២នាក់ មាន ៣នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត ដោយ​សារ​មាន​បញ្ហា​សុខភាព ចំណែក ៩នាក់​ផ្សេង​ទៀត​កំពុង​នៅ​ជុំ​គ្នា​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​បញ្ជាក់​ថា ពេល​នេះ លោកស្រី​អស់​កម្លាំង ហើយ​ពលករ​ផ្សេង​ទៀត​ក៏​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ដែរ។

លោកស្រី រស់ សុធី​៖ «បញ្ហា​សុខភាព​មាន​តែ​បង​ឈ្មោះ ស្រី ម៉ៅ ដែល​គាត់​ធ្លាប់​ហូរ​ឈាម​តាម​ច្រមុះ ក្រៅ​ពី​ហ្នឹង​គ្រាន់​តែ​ខ្សោយ ទ្រុឌទ្រោម​ទេ អត់​ទាន់​ឈឺ​ខ្លាំង​អី​ទេ»

មក​ទល់​ពេល​នេះ ក្រុម​ពលករ​មួយ​ចំនួន​បើ​ទោះ​បី​ជា​ត្រូវ​បាន​ស្ថាន​ទូត​ជម្លៀស​ពួកគេ​ចេញ​ពី​កន្លែង​បង្ខាំង​ឱ្យ​ស្នាក់​នៅ​សណ្ឋាគារ​បណ្ដោះ​អាសន្ន ក៏​ពួកគេ​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​នោះ​ទេ។ ចំណែក ក្រុម​ពលករ​ខ្លះ​ទៀត​កំពុង​ស្ថិត​ក្នុង​ផ្ទះ​ថៅកែ​នៅ​ឡើយ និង​រង​ការ​ឃុំឃាំង​រហូត​ធ្លាក់​ខ្លួន​ឈឺ ដោយ​មិន​បាន​ថ្នាំ​ពេទ្យ និង​អាហារ​ហូប​គ្រប់គ្រាន់​ទេ ខណៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត នៅតែ​ប្រាប់​ឱ្យ​ពួកគាត់​រង់ចាំ​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments