RFA | អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ដល់​តំណាង​ស្ថានទូត​ប្រចាំ​​​​នៅ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ស៊ុន ចាន់ថុល បង្ហាញ​ព័ត៌មាន​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ដល់​តំណាង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពេល​មាន​ការ​រិះគន់ និង​ជំទាស់​ពី​វៀតណាម។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​និយាយ​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ នៅ​តែ​សង្ស័យ​ពី​មតិ​ជាតិ និង​អន្តជាតិ​ថា ប្រសិន​បើ​ការ​គ្រប់គ្រង​ព្រែក​ជីក​នេះ នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ចិន។

លោក ស៊ុន ចាន់​ថុល ប្រាប់​ឯកអគ្គរាជទូត និង​អ្នក​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ថា​​​​​សហរដ្ឋអាមេរិក​ និង​ប្រទេស​ជាប់​ទន្លេ​មេគង្គ​​រួម​មាន​ប្រទេស​ ឡាវ ថៃ មីយ៉ាន់ម៉ា មិន​បាន​ហាម​ឃាត់​ចំពោះ​ការ​សាង​សង់​ព្រែក​ជីក​នេះ​ទេ លើក​លែង​តែ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ។ លោក​ ស៊ុន ចាន់​ថុល​ បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​សិក្សា​​គម្រោង​នេះ​ជាង ២ឆ្នាំ និង​បញ្ជាក់​ថា គ្មាន​ផល​ប៉ះពាល់​​ទៅ​លើ​​បរិស្ថាន​នោះ​ដែរ។

លោក ស៊ុន ចាន់​ថុល៖ «ខ្មែរ វៀតណាម ថៃ ឡាវ ភូមា នេះ ប្រាំ​ហើយ​ណា។ ប្រាំ​ទៀត​នៅ​សមុទ្រ​ឯ​ណោះ គ្មាន​ព្រួយបារម្ភ​អី​ទេ​ តែ​​គេ​លើក​ចេះ​តែ​លើក​ទៅ តែ​អ្នក​ព្រួយ​បារម្ភ​ជាង​គេ​មិត្ត​វៀតណាម​នៅ​ក្រោម​នេះ​​ឯង។ អ៊ីចឹង​បាន​ខ្ញុំ​បាន​ពន្យល់​អស់​ហើយ ទឹក​ហូរ​ចេញ​តិច: យើង​សិក្សា​លំអិត​ណាស់​កុំ​បារម្ភ​អី​ កុំ​បារម្ភ​»

លោក ស៊ុន ចាន់ថុល ក៏​នឹង​បន្ត​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ជា​សាធារណៈ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ហៅ​កាត់​ថា តិចណូ (ITC) នៅ​ថ្ងៃ​ទី៤ ឧសភា។

ការ​បង្ហាញ​ជំហរ​របស់​កម្ពុជា​នេះ​​​ធ្វើ​ឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់​របស់​ប្រទេស​វៀតណាម​នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ព្រែក​ជីក​នេះ និង​អនុញ្ញាត​ឱ្យ​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ចូល​រួម​ស្រាវ​ជ្រាវ​ពី​ផល​ប៉ះពាល់​ពី​គម្រោង។

អត្ថបទ​ស្រាវជ្រាវ​របស់​វៀតណាម​មួយ​វាយតម្លៃ​ថា ព្រែកជីក​ហ្វូណន​តេជោ មិន​ត្រឹម​តែ​ជា​គម្រោង​មួយ​ដែល​បម្រើ​ឱ្យ​សេដ្ឋកិច្ច-សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព្រែកជីក​នេះ ក៏​មាន​តម្លៃ​ចម្បង​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន​ផង​ដែរ។ ក្រុម​អ្នកស្រាវជ្រាវ​វៀតណាម សន្និដ្ឋាន​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំងមូល ស្រប​ពេល​ដែល​ចិន​កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​កម្ពុជា​ស្រាប់។ នេះ​បើ​យោង​តាម​សេចក្តី​ដកស្រង់​របស់​សារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) នៃ​ប្រទេស​សិង្ហបុរី ផ្សាយ​កាលពី​ថ្ងៃ​ទី៦ ខែ​មេសា។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​កម្ពុជា​ព្យាយាម​បក​ស្រាយ​ពី​អត្ថប្រយោជន៍ នៃ​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​ជា​បន្ត​បន្ទាប់​ក្ដី លោក​យល់​ថា រដ្ឋាភិបាល​នៅ​តែ​មិន​ទទួល​បាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ។

លោក វន ចាន់ឡូត បន្ត​ថា ការ​មិន​ទទួល​បាន​ការ​ជឿជាក់​នេះ​ គឺ​ដោយ​សារ​តែ​គម្រោង​ព្រែក​ជីក​នេះ​សាង​សង់​ដោយ​លុយ​របស់​ក្រុមហ៊ុន​ចិន​​​​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង «ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ» (One Belt One Road) របស់​រដ្ឋាភិបាល​ចិន ហើយ​នឹង​ត្រូវ​គ្របគ្រង​​​ដោយ​ក្រុម​ហ៊ុន​ចិន​បន្ទាប់​ពី​សាងសង់​រួច។

លោក វន ចាន់ឡូត «ហើយ​ចំណុច​ទី​៣ រដ្ឋាភិបាល​គួរ​តែ​ប្រើ​ប្រាស់​ថវិកា​ជាតិ បើ​អាច​បាន​ទាំង​ស្រុង​ក៏​ល្អ បើ​ជា​ថវិកា​កម្ចី​ពី​បរទេស យើង​គួរ​ឱ្យ​មាន​ការ​ចូលរួម​កម្ចី​ច្រើន​ស្ថាប័ន នៅ​ពេល​ដែល​សាងសង់​ហើយ​​កម្ពុជា​ជា​អ្នក​គ្រប់​គ្រង​ប្រើ​ប្រាស់​ព្រែក​ជីក​ហ្នឹង យើង​មិន​ចាំបាច់​ទៅ​សម្បទាន​ឱ្យ​ប្រទេស​ដទៃ គេ​គ្រប់គ្រង ៣០ឆ្នាំ ឬ ៥០ឆ្នាំ​ហ្នឹង»

កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ក្រោម​កិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ដែល​មាន​រយៈ​ពេល ៥០ឆ្នាំ។ រដ្ឋមន្ត្រី​សាធារណការ​កម្ពុជា លោក ប៉េង ពោធិ៍នា ធ្លាប់​ប្រកាស​ថា គម្រោង​ដែល​មាន​តម្លៃ ១ពាន់ ៧រយ​លាន​ដុល្លារ​នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុង​ឆ្នាំ២០២៤ ហើយ​​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ២០២៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments