កម្ពុជានាំចេញផលិតផលវាយនភ័ណ្ឌទៅសហរដ្ឋអាមេរិក ចំនួនទឹកប្រាក់ជិត ៦៣០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៤ ដែលកើនឡើងជាង១១% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ ៥៦២លានដុល្លារ។
ក៏ប៉ុន្តែការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ នៅខែមករាឆ្នាំ២០២៤ មានទឹកប្រាក់ជាង ១៧លានដុល្លារ ($17.25 million) គឺថយចុះ៨% បើធៀបក្នុងខែមករាដូចគ្នា កាលពីឆ្នាំ២០២៣។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ឲ្យដឹងថា ទំហំការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទឹកប្រាក់ជាង ៩ពាន់ដុល្លារ ($9.15 billion) ក្នុងឆ្នាំ២០២៣ គឺថយចុះ ១,៤% បើធៀបកាលពីអំឡុងឆ្នាំ២០២២។ កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក ចំនួនជិត៩ ពាន់លានដុល្លារ ($8.9 billion) ហើយកម្ពុជានាំចូលទំនិញពីអាមេរិកវិញ ចំនួន ២៥៧លានដុល្លារ ក្នុងឆ្នាំ២០២៣។
ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក រួមមាន សំលៀកបំពាក់ ស្បែកជើង កាបូត កង់ និងផលិតផលកសិកម្ម ជាដើម។ ចំណែកការនាំចូលពីអាមេរិក មកកម្ពុជាវិញ មានរថយន្ត ម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងឧបករណ៍បរិក្ខារពេទ្យ។
ក្នុងជំនួបរវាងអតីតឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និមល កាលពីខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រីបានស្នើសុំឲ្យសហរដ្ឋអាមេរិក លើកទឹកចិត្តក្រុមហ៊ុនបញ្ជាទិញ បង្កើនការនាំចូលទំនិញមកអាមេរិក និងបង្កើនការដាក់ទុនបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments