RFA | ក្រុមហ៊ុន​ចិន​នៅ​កំពង់ធំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចំការ​របស់​ប្រជា​ពលរដ្ឋ | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុមហ៊ុន​ចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​កំពង់ធំ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដីស្រែ​ចំការ​របស់​ពលរដ្ឋ​​ប្រមាណ​ជិត​២០០​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋ​មុន​នឹង​សម្បទាន​អ្វី​មួយ​គួរ​សិក្សា​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។

ប្រជា​ពលរដ្ឋ​រស់នៅ​​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជិត​២រយគ្រួសារ កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​នៅ​ជុំវិញ​តំបន់​នោះក្រុមហ៊ុន​បាន​ខួង​រណ្ដៅ​យក​រ៉ែ៥​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​រួមមាន អូវផ្អាវ អូរ​ប្រហ៊ូត អូរខ្វាវ ស្រែព្រីង និង​ភូមិ​ស្នង​អន ដោយ​ដាក់​គ្រឿង​ចក្រ ជីក​និង​ខួង​រណ្ដៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ដី​ចំការ​ដាំ​ដំណាំ​​ដំឡូង ស្វាយចន្ទី និង​ស្វាយ​ជា​ដើម។ លើស​ពី​នោះពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក៏​អះអាង​ថា មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ នៅ​ក្នុង​រណ្ដៅ​ ជីក​យក​រ៉ែ​មាស​នោះ​ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​លាក់បាំង។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែព្រីង ដែល​ត្រូវ​ក្រុមហ៊ុន​កំពុង​ខួង​រណ្ដៅ​ចំ​កណ្ដាល​ដីចំការ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា ដី​ចំការ​របស់​លោក​ចំនួន​៥ហិកតារ ដែល​បាន​ដាំដំឡូង​រួច​រាល់​ហើយ​នោះ ត្រូវ​ក្រុមហ៊ុន​ខួង​រណ្ដៅ​ធំៗ​ស្វែង​រក​រ៉ែ​មាស​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ឲ្យ​ខូច​ខាត​ដំឡូង​របស់​លោក​មួយ​ចំនួន​ធំលោក​បន្ត​ថា ដី​ចំការ​និង​ដី​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​គឺ​ភូមិ​ស្រែព្រីង និង​ភូមិ​ស្នងអន មិន​ទាន់​មាន​ដំណោះស្រាយ ឬ​សំណង​សមរម្យ​នោះ​ទេ លើស​ពី​នោះ​ក្រុមហ៊ុន​នេះ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ពលរដ្ឋ នៅ​ជុំវិញ​តំបន់​នោះ​មិន​អាច​ប្រើប្រាស់​ទឹក​អូរ​មួយ​នោះ​បាន​ទេ

«ពី​មុន​បោះឆ្នោត​មាន​ក្រុម​ហ៊ុន​ចិន​ប៉ះពាល់​ដីធ្លី​អី​ឲ្យ​ដឹង​ដល់​គាត់ ដល់​ពេល​ប៉ះពាល់​ទៅ​ប្រាប់​គេច​អស់​បាត់​ប៉ូលិស​មេ​ឃុំ មុន​បោះឆ្នោត​បញ្ឆោត​យើង ព្រួយ​បារម្ភ​អត់​ដី​អត់​ទឹក​ប្រើ​ប្រាស់​រាល់​ថ្ងៃ​អត់​មាន​ទឹក​ហូប»

រី​ឯ​មេ​ភូមិ​ស្រែព្រីង លោក វង ហឿន បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​អូរ​ធម្មជាតិ បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មាន​ជំងឺ​ផ្សេង​ៗ។ លោក​ក៏​ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួប​ដោះ​ស្រាយ​និង​ទប់​ស្កាត់ ប៉ុន្តែ​នៅ​មិន​មាន​ដំណោះ​ស្រាយ​នោះ​ទេ​ ។ ក្រៅ​ពី​បង្ហូរ​ទឹក​កខ្វក់​លោក​ថា ការ​ជីក​យក​រ៉ែ​នេះ ក៏​បង្ក​​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​រណ្ដៅ​ជា​ច្រើន​នាក់​ថែម​ទៀត។

លោក វង ហឿន «មាន​តែ​ទិន្នន័យ​ខ្ញុំ​ក្ដោប​អត់​បាន គ្រាន់​តែ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ក្នុង​រណ្ដៅ​ខាង​ស្ទឹង​មាន​៤នាក់​ហើយ​នៅ​ក្នុង​រណ្ដៅ​ចិន​វា​អត់​ប្រាប់​យើង​ទេ ដឹង​ថា​មាន​ស្លាប់​ប៉ុន្តែ​ស្លាប់​ប៉ុន្មាន​នាក់​វា​អត់​ប្រាប់​យើង»

ពលរដ្ឋ​នៅ​ឃុំ​សុចិត្រ​អះអាង​ថា ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) បាន​ធ្វើ​អាជីវកម្ម​រ៉ែ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២២​មក​ម្ល៉េះ

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។ រីឯ​តំណាង​ក្រុមហ៊ុន​ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២២ កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ដោយ​ដក​ស្រង​សម្ដី របស់​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ថា ក្រុមហ៊ុន​ចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD)នឹង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០២៣​ ដោយ​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋ

ជុំវិញ​រឿង​នេះ នាយក​រង​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា រាល់​ការ​ផ្ដល់​សម្បទាន​ណា​មួយ​រដ្ឋ​ត្រូវ​​សិក្សា និង​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ដីធ្លី​ប្រជា​ពលរដ្ឋ និង​បរិស្ថាន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ជៀសវាង​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ និង​ត្រូវ​ដោះ​ស្រាយ​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ជា​មុន​សិន​ មុន​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ។ លើស​ពី​នោះ​លោក​ថា​ ប្រសិន​មាន​ករណី​មនុស្ស​ស្លាប់​ក្នុង​រណ្ដៅ​មែន​នោះ អាជ្ញាធរ​ត្រូវ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់។

លោក អំ សំអាត៖ «ព្រោះ​នេះ​ជា​ទឹក​ដី​ខ្មែរ​បើ​ទោះបី​ជា​ក្រុមហ៊ុន​រ៉ុករក​រ៉ែ​ជា​ក្រុមហ៊ុន​បរទេស​ក៏​ដោយ​ប៉ុន្តែ នៅ​លើ​ទឹក​ដី​ខ្មែរ អ៊ីចឹង​អនុវត្ត​ទៅ​លើ​ច្បាប់​ខ្មែរ បើ​សិន​ជា​មាន​មនុស្ស​ស្លាប់​ក្នុង​ទីតាំង​ក្រុមហ៊ុន ហើយ​មិន​មាន​ការ​បញ្ជាក់​ហេតុផល​ណា​មួយ​ច្បាស់​លាស់​ទេ វា​ស្ថិត​ក្នុង​ការ​សង្ស័យ​ដែល​អាជ្ញាធរ​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​ដែល​ស្លាប់»

ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ទទួល​បាន​លិខិត​អនុញ្ញាត​រុករក​រ៉ែ លោហធាតុ ពី​រដ្ឋាភិបាល កាល​ពី​ចុង​ខែ​មីនា​ឆ្នាំ​២០២០ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​១ម៉ឺន ៥ពាន់​ហិកតារ ( ១៥.១០០)ហិកតារ ស្ថិត​នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ខាង​ត្បូង​នៃ​ដែន​ជម្រក​សត្វព្រៃ-ព្រៃឡង់​ជាប់​តំបន់​ទេសចរណ៍​ភ្នំ​ជី

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments