RFA | អ្នក​ឃ្លាំ​មើល​ថា រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​គ្រប់គ្រាន់ ដើម្បី​កុំ​​​ឱ្យ​សហភាព​អឺរ៉ុប​ ​ដាក់​​កម្ពុជា​​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​​នៅ​ឡើយ​ទេ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ឃ្លាំ​មើល​ព្រួយ​បារម្ភ​ថា បើ​សហភាព​អឺរ៉ុប​សម្រេច​ជាធរមាន​ដាក់​​កម្ពុជា​​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​នៅ​ខែ​តុលា​ខាង​មុខ​នេះ ​​នឹង​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា​ជួប​វិបត្តិ​​ធ្ងន់ធ្ងរ។ កង្វល់​នេះ​ក្រោយ​ពួក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​បំពេញ​នូវ​អ្វី ដែល​សហភាព​អឺរ៉ុប ទាមទារ​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​អះអាង​ថា ​ រដ្ឋាភិបាល​​បាន​ធ្វើ​ការងារ​នេះ​ច្រើន​ និង​រំពឹង​ថា​កម្ពុជា​មិន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អឺរ៉ុប​ឡើយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា លើក​ឡើង​ថា​ ប្រសិន​សហភាព​អឺរ៉ុប​សម្រេច​បោះ​ឆ្នោត​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ជា​ផ្លូវការ​មែន​នោះ ​​​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​​នយោបាយ​ការទូត​​​លើ​ឆាក​អន្តរ​ជាតិ និង​ពិបាក​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​ទុក​ចិត្ត​ក្នុង​ការ​មក​រក​ស៊ី​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ លោក​ថា កម្ពុជា​នឹង​ងាយ​រង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ថែម​ទៀត​ផង។ លោក​យល់​ថា កម្ពុជា​មិន​សល់​ពេល​ច្រើន​ទៀត​ទេ​ក្នុង​ការ​កែប្រែ​ខ្លួន ដូច្នេះ​លោក​ថា​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់​បាន ដែល​​លើស​ពី​ការ​ធ្វើ​ច្បាប់។ នោះ​គឺ ការ​បើក​លំហ​សេរីភាព​ សិទ្ធិមនុស្ស ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​គណបក្សប្រឆាំង ​​និង​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ ព្រម​ទាំង​អ្នក​សារព័ត៌មាន​ឯករាជ្យ​អាច​ដំណើរ​ការ​ឡើង​វិញ៖ «គឺ​កម្ពុជា​គេ​ត្រូវ​ជ្រើសរើស​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​លាង​លុយ​កខ្វក់​ហ្នឹង​ហើយ​យើង​អត់​ទាន់​ឆ្លង​ផុត​ទេ គ្រាន់​តែ​យើង​បាន​អនុម័ត​ច្បាប់ ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​យន្តការ​ណា​បង្ហាញ​ថា យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​កម្ចាត់​សម្អាត​លុយ​កខ្វក់​ទេ»

កង្វល់របស់​អ្នក​​ឃ្លាំ​មើល​បែប​នេះ​ ក្រោយ​ពី​គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​កាល​ពី​ឧសភា ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ ​គណៈកម្មការ​អឺរ៉ុប​នឹង​​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចូល​ជា​ធរមាន​​នៃ​វិធានការ​នេះ។

ឆ្លើយ​តប​ការ​ព្រួយ​បារម្ភ​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​ថា អាស៊ី​សេរី​ថា រដ្ឋាភិបាល​​បានការ​ទប់​ស្កាត់ និង​បង្ក្រាប​ចរាចរណ៍​នៃ​ការ​លាង​លុយ​កខ្វក់​នេះ។ លោក​អះអាង​ទៀត​​​ថា​ ​កម្ពុជា​បាន​ធ្វើ​ច្បាប់​​ប្រឆាំង​អំពើ​លាង​លុយ​កខ្វក់ និង​ចាប់​បាន​ជន​សង្ស័យ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ។ លោក​រំពឹង​ថា ក្រោយ​កិច្ច​ប្រឹងប្រែង​នេះ​កម្ពុជា​មិន​ត្រឹម​តែ​មិន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នោះ​ទេ​ ប៉ុន្តែ​អាច​រួច​ផុត​ចេញ​ពី​បញ្ជី​ប្រផេះ​ថែម​ទៀត​ផង៖ ព្រោះ​នៅ​ពេល​គេ​ដាក់​យើង​ក្នុង​បញ្ជី​ប្រផេះ​ហ្នឹង​មក​ដោយសារ​យើង​អត់​មាន​ច្បាប់ ដែល​ឆ្លើយ​តប​បច្ចុប្បន្នភាព​ក្នុង​ពិភព​លោក​ឥឡូវ​យើង​ធ្វើ​ច្បាប់​ឆ្លើយ​តប​នឹង​កម្រិត​បច្ចុប្បន្ន​ហ្នឹង​ហើយ ដូច្នេះ​យើង​អត់​មាន​អី​ត្រូវ​បារម្ភ​ទេ»

កាល​ពី​មិថុនា ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់​នូវ​ច្បាប់​ចំនួន​បី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់។ ច្បាប់​ទាំង​នោះ​រួម​មាន៖ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ស្ដីពី​ការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ។ ច្បាប់​ទាំងនេះ​ត្រូវ​របប​លោក ហ៊ុន សែន ធ្វើឡើង​ភ្លាមៗ​ក្រោយ​គណៈកម្មការ​អឺរ៉ុប​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ខណៈ​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង «បញ្ជី​ប្រផេះ» រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​របស់​អង្គការ​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​នៅ​ទូទាំង​ពិភពលោក​ ឈ្មោះ FATF

ទោះ​យ៉ាង​ណា​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TI-Cambodia) លោក ប៉ិច ពិសី​ សង្កេត​ឃើញ​ថា​ ការ​មាន​ត្រឹម​ច្បាប់​​មិន​ទាន់​គ្រប់​គ្រាន់​ទេ​​។​ លោក​ថា​​ កត្តា​សំខាន់​​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​បន្ត​ទៀត​នោះ​គឺ​កែទម្រង់​ប្រព័ន្ធ​តុលាការ​និង​ពង្រឹង​សមត្ថភាព និង​​បច្ចេកទេស​លើ​មន្ត្រី​អនុវត្ត​ច្បាប់​និង​ការ​បើក​ទូលាយ​លើ​សេរីភាព​សារព័ត៌មាន៖ «បញ្ហា​សំខាន់​មួយ​ទៀត ដែល​យើង​ចង់​លើក​ទឹក​ចិត្ត​ហ្នឹង គឺ​ការ​អនុវត្ត​ច្បាប់​ជា​ទូទៅ​ប្រទេស​យើង​មាន​កង្វះ​ខាត​ខ្ពស់​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព»

ក្រុម​អ្នក​សង្កេតការណ៍​ពិនិត្យ​​​ឃើញ​ថា កន្លង​មក​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​មិន​ទាន់​បាន​ឆ្លើយ​តប​ពេញលេញ​ទៅ​នឹង​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់​បាន​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ​​​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​ថែម​ទាំង​ចាប់​ខ្លួន​សកម្មជន​ការងារ និង​កិច្ច​ព្រំដែន​លោក រ៉ុង ឈុន ព្រះសង្ឃ​ យុវជន​និង​សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត។

កម្ពុជា​ទទួល​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ម្ដង​រួច​ហើយ​កាល​ពី​ខែ​សីហា​ដោយ​គណៈកម្មការ​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ចូល​ជា​ធរមាន​នៃ​​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ លោក ឯម សុវណ្ណរ៉ា ថា បើ​កម្ពុជា​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នេះ នឹង​រងគ្រោះ​ធ្ងន់​ជាង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ទៅ​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments