RFA | អាជ្ញាធរ​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ម្ចាស់​សំណង់​អត់​ច្បាប់​នៅ​តំបន់​ឆ្នេរ​និង​រំលោភ​ចំណី​ផ្លូវ | hot news

By , Comment
Share on Facebook Tweet on Twitter

រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅលើ​ម្ចាស់​សំណង់​ដែល​សង់​គ្មាន​ច្បាប់​អនុញ្ញាត ប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ​សាធារណៈ និង​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​នេះ។ ប៉ុន្តែ មន្ត្រី​ឃ្លាំមើល​សង្គម គ្មាន​ជំនឿ​ថា អាជ្ញាធរ នឹង​ចុះ​អនុវត្ត​ការងារ​នេះ មាន​ប្រសិទ្ធភាព​ទេ។

រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ ព្រមាន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ មិន​ឲ្យ​សង់​សំណង់​ថ្មី ដែល​គ្មាន​ច្បាប់ បន្ត​កើត​មាន​នៅ​តាម​តំបន់​ឆ្នេរ​ទៀត​ទេ ហើយ​ក្នុង​ករណី​មិន​គោរព​តាម​ទេ អាជ្ញាធរ​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅកាន់​តុលាការ​ផ្ដន្ទាទោស។

អភិបាល​រង​ក្រុង​ព្រះសីហនុ លោក សន កុសល ដែល​បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ណែនាំ​ដល់​អាជីវករ​អ្នក​លក់​ដូរ នៅ​តាម​តំបន់​ឆ្នេរ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា ចាប់​ពី​ពេល​នេះ​តទៅ អាជីវករ​លក់ដូរ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នានា ជា​ពិសេស​តាម​តំបន់​ឆ្នេរ​សមុទ្រ ដែល​មាន​សង់​រោង ឬ​ស្តង់​លក់ដូរ​វត្ថុ​អនុស្សាវរីយ​ជូន​ភ្ញៀវ​ទេសចរ ត្រូវ​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ។

មន្ត្រី​រូប​នេះ ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អាជីវករ​លក់ដូរ​ត្រូវ​ចូលរួម​អនុវត្ត​តាម​ការណែនាំ របស់​រដ្ឋបាល​ក្រុង​-​ខេត្ត​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ជៀស​ផុត​ពី​ការ​ពិន័យ ឬ​ផ្ដន្ទាទោស។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​នា​មូលដ្ឋាន​នេះ មិន​ត្រូវ​បើក​ការដ្ឋាន​សាងសង់​សំណង់​អ្វីមួយ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុន​នោះ​ទេ៖ «ចំពោះ​មុខ​ហ្នឹង​ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ គឺ​ថ្មីៗ​ហ្នឹង​អាជ្ញាធរ​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន បាន​រួម​គ្នា ចុះ​វាយ​កម្ទេច​សំណង់​សង់​អត់​ច្បាប់​មួយ​ចំនួន​ចោល។ ហើយ​ករណី​នេះ តទៅ​ថ្ងៃ​ខាងមុខ​ទៀត រដ្ឋបាល​ក្រុង​ខេត្ត នឹង​ចុះ​អនុវត្ត​ជា​បន្ត​ទៅលើ​រាល់​សំណង់​រំលោភ​ទៅលើ​ដី​ចំណី​ឆ្នេរ និង​សង់​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ​ជាដើម តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ​វាយ​សំណង់​ទាំងនោះ​ចោល​វិញ។ ករណី​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ស៊ីញ៉េ​លិខិត​រំលឹក​ដល់​អភិបាល​ក្រុង និង​ស្រុក​ទាំងអស់ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ ការពារ​ទប់ស្កាត់ ដី​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដែល​កន្លងមក ត្រូវ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សង់​សំណង់​ផ្សេងៗ​រំលោភ»

បន្ថែម​លើ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​តម្រូវ​ឲ្យ​រដ្ឋបាល​សង្កាត់​នីមួយៗ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ទី​ប្រជុំជន​ក្នុង​ក្រុង តាម​ទីផ្សារ ឲ្យ​មាន​សោភ័ណភាព ជាពិសេស​នៅ​តាម​ឆ្នេរ​សមុទ្រ ត្រូវ​សម្អាត​អនាម័យ​បរិស្ថាន​ជាប្រចាំ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​តទៅ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រីរាជការ​ថ្នាក់​ទាប និង​អាជីវករ​មានមុខ​របរ​តូចតាច បាន​រិះគន់ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ថា កន្លង​មក​នេះ បាន​អនុវត្ត​ច្បាប់​សំណង់ មិន​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​អត់​បុណ្យ​ស័ក្ដិ ឬ​គ្មាន​ខ្នងបង្អែក​នោះ​ទេ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​កត់​សម្គាល់​ថា អាជ្ញាធរ​ខេត្ត​នេះ អនុវត្ត​ច្បាប់​សំណង់ មិន​ទាន់​ត្រឹមត្រូវ​ទេ ដោយ​ភាគច្រើន​លម្អៀង ទៅលើ​ភាគី​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​ខ្លះ ដែល​ជា​ម្ចាស់​សំណង់​សង់​អត់​ច្បាប់​ទាំងនោះ៖ «នៅ​ខេត្ត​ព្រះសីហនុ​ពេល​បច្ចុប្បន្ន​នេះ​សំណង់​អាគារ​ធំៗ កំពុងតែ​រីក​ដុះដាល ហើយ​អ្នក​សាងសង់​សំណង់​ធំៗ​ទាំងអស់​ហ្នឹង គឺ​អ្នកខ្លះ​សង់​អត់​ទាន់​មាន​ច្បាប់​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា ការសាងសង់ នៅតែ​បន្ត​ដំណើរ​ការ​រហូត ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ហាមឃាត់​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ គ្រាន់តែ​ពួកគាត់​សង់​សំណង់​រោង ឬ​តូប​លក់ដូរ តិចតួច ត្រូវ​បាន​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចុះ​រុះរើ កម្ទេច​ចោល។ ករណី​នេះ​យើងខ្ញុំ​គ្រាន់តែ​សំណូមពរ​ថា ច្បាប់​តែមួយ​ដូចគ្នា ទីកន្លែង​តែមួយ​ដូចគ្នា ហេតុអ្វី​បានជា​មាន​ស្តង់ដារ​ពីរ។ យើង​គិត​ថា ប្រសិទ្ធភាព​នៃ ការ​គោរព​ច្បាប់​ហ្នឹង សូម​ឲ្យ​បាន​ស្មើភាព​គ្នា និង​ស្នើ​ឲ្យ​មាន​វិធានការ​អនុវត្ត​ដាក់​ពិន័យ​ដាក់ទោស​ជា​ដើម​ហ្នឹង ឲ្យ​បាន​ដូចៗ​គ្នា​ផង» )

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិនិត្យ​ទៅ​លើ​ប្រសិទ្ធភាព នៃ​ការ​ចុះ​អនុវត្ត​ច្បាប់​សំណង់ របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​ពង្រឹង​ច្បាប់​សំណង់ ឲ្យ​បាន​ជោគជ័យ និង​ស្មើភាព រវាង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ដើម្បី​ជៀស​ឲ្យ​ផុត​ពី​មតិ​រិះគន់​ផ្សេងៗ​ពី​សាធារណជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments