RFA | សកម្មជន​នយោបាយ លោក ហៃ វណ្ណា ចុះចូល​គណបក្ស​កាន់អំណាច ក្រោយ​ពេល​រដ្ឋាភិបាល​ចាប់​ប្អូនប្រុស​ធ្វើ​ជា​ចំណាប់ខ្មាំង | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​នយោបាយ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA កក្រើក​ប្រទេស​ជប៉ុន កាលពី​ខែ​សីហា រហូត​ត្រូវ​បាន​លោក ហ៊ុន សែន គំរាមកំហែង​ដល់​សមាជិក​គ្រួសារ និង​ចាប់ខ្លួន​ប្អូនប្រុស​របស់​លោក​ដាក់​ពន្ធនាគារ ពេលនេះ បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។ អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ការ​សម្រេចចិត្ត​របស់​លោក ហៃ វណ្ណា គឺ​ដោយសារ​កាលៈទេសៈ​បង្ខំ ខណៈ​ប្អូនប្រុស​របស់​លោក ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កាន់អំណាច ចាប់​យក​ធ្វើ​ចំណាប់ខ្មាំង​ឃុំ​ក្នុង​ពន្ធនាគា។

ក្រៅពី​ការ​ប្រើប្រាស់​វិធី យក​សត្វ​លលក ទៅ​ទាក់​លលក និង​ការ​ប្រើប្រាស់​ខ្នោះដៃ ដើម្បី​បង្ខំ​ឱ្យ​អ្នក​ប្រឆាំង ឬ​សកម្មជន​ឱ្យ​ចុះចូល ពេល​នេះ​វិធី​ថ្មី​មួយទៀត របស់​លោក ហ៊ុន សែន ទទួល​បាន​ផល​ហើយ នោះ​គឺ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​អ្នក​ប្រឆាំង មក​ធ្វើ​ជា​ចំណាប់ខ្មាំង។

វីដេអូ​រយៈពេល ២នាទី​កន្លះ ដែល​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី១៨ ខែ​តុលា សមាជិក​ក្រុម​ប្រឹក្សា​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក ហៃ វណ្ណា បាន​សុំ​ការ​លើកលែង​ទោស​ពី​លោក ហ៊ុន សែន ដោយ​ប្រកាស​ខ្លួន​ផ្ដាច់​ចេញ​ពី​បក្ស​ប្រឆាំង ហើយ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្ដេជ្ញា​នាំ​យក​ចំណេះដឹង​មក​ចូលរួម​កសាង​ប្រទេស។

ភ្ជាប់​ជាមួយ​វីដេអូ របស់​លោក ហៃ វណ្ណា លោក ហ៊ុន សែន ដែល​ប្រើប្រាស់​សមាសភាព​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ស្វាគមន៍ លោក ហៃ វណ្ណា ដែល​ទទួល​ស្គាល់​កំហុស ហើយ​ផ្ដាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៉ី និង​ស្នើ​ដល់​អ្នក​ស្អប់​លោក ហៃ វណ្ណា ឱ្យ​ឈប់​ខឹងសំបារ​នឹង​សកម្មជន​ប្រឆាំង​រូប​នេះ​ត​ទៅ​ទៀត។

ការ​ចេញ​វីដេអូ​សុំទោស​របស់​លោក ហៃ វណ្ណា នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ក្នុង​រូបភាព​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA

សកម្មជន​នយោបាយ​ដែល​ភៀសខ្លួន​នៅ​ជប៉ុន លោក គង់ ជិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែ​តុលា​ថា នៅ​មុន​ការ​ចុះចូល​របស់​លោក ហៃ វណ្ណា បេសកជន​ពិសេស​របស់​លោក ហ៊ុន សែន គឺ​លោក យូ សិរីវុឌ្ឍ និង​លោក ភឹន ផល្លា បាន​មក​បញ្ចុះបញ្ចូល​លោក ហៃ វណ្ណា ដល់​ប្រទេស​ជប៉ុន ដើម្បី​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ដោះលែង ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត។

លោក គង់ ជិ៖ «នរណា​ក៏​គេ​ដឹង​ដែរ​ថា របប​លោក ហ៊ុន សែន ធ្វើ​តែ​រឿង​កំសាក​បំផុត ដែល​ពិភពលោក គេ​ស្អប់​ខ្ពើម ហើយ​កន្លង​មក គាត់​តែងតែ​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ គាត់​បង្ខំ​គេ​ឱ្យ​ចុះចូល​ជា​ថ្នូរ​នឹង​ការ​ដោះលែង​នេះ ជា​រឿង​កំសាក ដែល​មិន​អាច​យក​បេះដូង​គេ​បាន ប៉ុន្តែ បែរជា​បង្ខំ​គេ ហើយ​យើង​គ្រប់គ្នា​នៅ​ជុំវិញ​ពិភពលោក គឺ​នៅតែ​ថ្កោលទោស លោក ហ៊ុន សែន»

កាលពី​ថ្ងៃទី២៣ ខែ​កក្កដា លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​លោក ហៃ វណ្ណា ដែល​ចូល​ទៅ​បញ្ចេញ​មតិ នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន អំពី​ក្ដី​បារម្ភ​រឿង​ដាក់​បញ្ចូល​ខេត្ត​ភាគ​ឦសាន​របស់​ខ្មែរ​ចំនួន៤ ដើម្បី​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​វៀតណាម (Vietnam) និង​ឡាវ (Lao)។ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រូវ​ស្វែងរក​ក្រុម​គ្រួសារ​របស់​លោក ហៃ វណ្ណា និង​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត។

ក្រោយ​ពេល​លោក ហ៊ុន សែន គំរាមកំហែង​សមាជិក​គ្រួសារ​របស់​លោក ហៃ វណ្ណា ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន គំរាមកំហែង​រហូត​ដល់​ភៀសខ្លួន​ទៅ​ប្រទេស​ជប៉ុន។ ក៏ប៉ុន្តែ​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត ត្រូវ​បាន​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ម១ ដោយ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

បន្ទាប់ពី​ប្អូនប្រុស ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ លោក ហៃ វណ្ណា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​មាន​បំណង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន និង​ងាក​មក​ផ្លាស់ប្ដូរ​មេដឹកនាំ តាមរយៈ​ការ​បោះឆ្នោត​វិញ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែតុលា។

ទាក់ទិន​រឿង​នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា ការ​ចុះចូល​របស់​លោក ហៃ វណ្ណា គឺ​ដោយសារ​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក​មក​គំរាម។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក គឹម សុខ លើក​ឡើង​ថា វិធី​ចាប់​ឈ្លើយសឹក​យក​មក​គំរាម​ឱ្យ​ចុះចូល​របស់​លោក ហ៊ុន សែន នេះ មិន​ចំណេញ​ដល់​បក្ស​កាន់អំណាច​នោះ​ទេ ផ្ទុយ​ទៅ​វិញ វិធី​នេះ នឹង​ធ្វើ​ឱ្យ​មហាជន​មើល​ឃើញ​កាន់តែ​ច្បាស់​អំពី​ឧបាយកល​ទុច្ចរិត​របស់​មេ​បក្ស​កាន់​អំណាច ដែល​ប្រើប្រាស់​វិធី​ដូច​គ្នា​ទៅ​នឹង​ឧក្រិដ្ឋជន​ចាប់​ជំរិត មក​បង្ក្រាប​សំឡេង​ប្រឆាំង។

លោក គឹម សុខ៖ «ក៏ប៉ុន្តែ​ស្ថានភាព​ពិត ឃើញ​អ្នក​ចុះចូល​កាន់តែ​ច្រើន គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​លោក ហ៊ុន សែន កាន់តែ​មិន​ហ៊ាន​ប្រកួត​បោះ​ឆ្នោត។ ដូច្នេះ​មានន័យថា នយោបាយ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​គេ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ប្រសិទ្ធភាព​ទេ ក៏ប៉ុន្តែ បង្កើត​ទៅជា​សំអប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ លើ​គ្រួសារ​ត្រកូល​ហ៊ុន ទៅវិញ»

បន្ទាប់ពី​លោក ហ៊ុន សែន បង្ហោះ​វីដេអូ​របស់​លោក ហៃ វណ្ណា សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួចមក ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​តែងតាំង​លោកស្រី មាស ភារ៉ា ជា​ប្រធាន​បណ្ដោះអាសន្ន លោកស្រី ម៉ូរី បូរ៉ា ជា​អនុប្រធាន​បណ្ដោះអាសន្ន និង​លោកស្រី វ៉ាន់ លក្ខិណា ជា​អ្នក​នាំ​ពាក្យ​បណ្ដោះអាសន្ន។

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​របស់​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល ហ៊ុន តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ ដើម្បី​ដាក់​សម្ពាធ​បង្ខំ​ឱ្យ​សកម្មជន​សង្គម និង​នយោបាយ​ធ្វើការ​សុំ​ទោស ឬ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ប៉ុន្តែ សកម្មជន​នយោបាយ​មួយ​ចំនួន នៅតែ​ប្ដេជ្ញា​ចិត្ត​មិន​ព្រម​ចុះចូល ឬ​សុំទោស​លោក ហ៊ុន សែន ឡើយ ដោយ​សុខចិត្ត​ទទួល​ទោស​គ្រប់​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments