RFA | លោក ហ៊ុន ម៉ាណែត គំរាម​ដក​ហូត​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ពី​អ្នក​ឧកញ៉ា គិត ម៉េង បន្ទាប់​ពី​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ដក​ម្ដង​កាល​ពី​ឆ្នាំ២០១៩ | hot news

By , Comment
Share on Facebook Tweet on Twitter

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គំរាម​ដក​ហូត​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ពី​អ្នក​ឧកញ៉ា គិត ម៉េង បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ដក​ម្ដង​កាល​ពី​ឆ្នាំ២០១៩។ អ្នក​ឃ្លាំមើល លើក​ឡើង​ថា ការ​ព្រមាន​ដដែលៗ តែ​គ្មាន​វិធានការ​ដែល​មាន​ប្រសិទ្ធភាព គ្រាន់​តែ​ជា​មធ្យោបាយ​បន្លំ​យក​រួច​ខ្លួន ពី​អសមត្ថភាព​នៃ​ការ​ដឹក​នាំ ឬ​អាច​មាន​អាថ៌កំបាំង​ដែល​មើល​នឹង​ភ្នែក​មិន​ដឹង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ព្រមាន​ថា ប្រសិន​បើ​មិន​សម្រេច​បាន​នូវ​អនុស្សរណៈ​យោគ​យល់​គ្នា រវាង​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ជាមួយ​អ្នក​ឧកញ៉ា គិត ម៉េង ដើម្បី​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​ចុង​ឆ្នាំ​នេះ​ទេ លោក​នឹង​ដក​គម្រោង​ផ្លូវ​ដែក​ពី​អ្នក​ឧកញ៉ា គិត ម៉េង។

នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២០ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ទោះបី​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ សំខាន់​ឱ្យ​មាន​ដំណើរ​ការ​ចាប់​ផ្ដើម ហើយ​ចាំ​ពង្រីក​បន្ថែម​ទៀត​ជា​គោល​ការណ៍ ដោយ​លោក​អះអាង​ថា ភាគី​ចិន​ក៏​បាន​ផ្ដល់​ ជំនួយ​ឥត​សំណង​ចំនួន ៣០០លាន​យ័ន សម្រាប់​ការ​ជួស​ជុល​ផ្លូវ​ដែក​នេះ​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​សូម​អ្នក​ឧកញ៉ា ហើយ​ឯកឧត្ដម ប៉េង ពោធិ៍នា មក​ទេ ធ្វើ​ម៉េច​ចរចា​ឱ្យ​ចប់ (MOU) រឿង​ផ្លូវ​នេះ ឱ្យ​ចប់​ត្រឹម​ឆ្នាំ​នេះ ដើម្បី​យើង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ពង្រឹង​អា​ហ្នឹង ព្រោះ​បើ​អត់​ចរចា​ចប់ ខ្ញុំ​ដក​ហើយ»

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់​ វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែតុលា ថា ការ​ព្រមាន​ដែល​ខ្វះ​ឆន្ទៈ និង​គ្មាន​ការ​ទទួល​ ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ គ្រាន់​តែ​ជា​មធ្យោបាយ​បន្លំ​យក​រួច​ខ្លួន​ពី​អសមត្ថភាព​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ករណី​បែប​នេះ មិន​មែន​ដោះស្រាយ ដោយ​ត្រឹម​តែ​ជា​ការ​ព្រមាន​នោះ​ទេ តែ​ត្រូវ​ទាមទារ​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន ដែល​មាន​សមត្ថភាព​វិនិយោគ​ជាក់ស្ដែង។

លោក វ៉ន ចាន់ឡូត៖ «របៀប​នៃ​ការ​គំរាម​នេះ វា​គ្រាន់​តែ​ទម្រង់​មួយ ដើម្បី​បង្ហាញ​ថា អ្នក​កាន់​អំណាច​បាន​យក​ចិត្ត​ទុក​ដាក់ អ្នក​កាន់​អំណាច​មិន​មាន​កំហុស​ទៅ​បញ្ហា​ទាំងអស់​ហ្នឹង គ្រាន់​តែ​រូប​ភាព​ដោះ​ខ្លួន​ឯង​ឱ្យ​មហាជន​មើល​ឃើញ​ថា ខ្លួន​នៅ​តែ​ល្អ​ខ្លួន​នៅ​តែ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ​ជា​រឿយៗ យើង​ឃើញ​ថា បន្ទាប់​ពី​មាន​នូវ​ការ​ព្រមាន​អី​ជាដើម អ្នក​ផ្សេងៗ អ្នក​ទទួល​រង​ការ​ព្រមាន​ត្រង់​កន្ទុយ​តែ​មួយ​ភ្លេត​អ៊ីចឹង បន្ទាប់​មក​រឿង​វា​នៅ​តែ​ជា​ដដែល»

ការ​ព្រមាន​របស់​លោក ហ៊ុន ម៉ាណែត ដក​គម្រោង​វិនិយោគ​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) របស់​អ្នក​ឧកញ៉ា គិត ម៉េង នេះ មិន​មែន​ជា​លើក​ទី១ នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន ជា​ឪពុក ក៏​ធ្លាប់​បាន​ប្រកាស​សេចក្ដី​សម្រេច​ម៉ឺងម៉ាត់​របស់​លោក ក្នុង​ការ​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​ពី​អ្នក​ឧកញ៉ា គិត ម៉េង ដែរ។ កាល​នោះ លោក ហ៊ុន សែន បាន​លើក​ហេតុ​ផល​ថា ក្នុង​រយៈពេល​ជិត ១០ឆ្នាំ​មក​នេះ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក មិន​បាន​ជោគជ័យ​ឡើយ។

លោក ហ៊ុន សែន ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ពេល​នោះ បាន​ថ្លែង​ខ្លាំងៗ ថា បើ​ទុក​ឱ្យ​អ្នក​ឧកញ៉ា គិត ម៉េង បន្ត​វិនិយោគ​ទៀត មាន​តែ​ដួល​រលំ​ទាំង​អស់​គ្នា គឺ​ផ្លូវ​ដែក ក៏​ដួល​រលំ ហើយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ទំនិញ ក៏​ទៅ​មិន​រួច​ដែរ។ លោក ហ៊ុន សែន ថា អ្នក​ឧកញ៉ា គិត ម៉េង ទើប​តែ​បាន​ផ្គត់ផ្គង់​ទូរ​រថភ្លើង និង​ក្បាល​ម៉ាស៊ីន​រថភ្លើង តែ​ប៉ុន្មាន​គ្រឿង​ក្នុង​ការ​វិនិយោគ​ជា​ច្រើន​ឆ្នាំ​របស់​ខ្លួន។

លោក ហ៊ុន សែន៖ «ក្រុមហ៊ុន Royal Railway Cambodia ជា​ទូទៅ​មិន​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន និង​បាន​ដាក់​ទុន​លើ​ក្បាល​រថភ្លើង​ទូរ​រថភ្លើង​គ្រឿង​បរិក្ខារ​នានា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន ដែល​រួម​មាន​ដូច​ជា ក្រុមហ៊ុន​ដឹក​ជញ្ជូន ក្រុមហ៊ុន​នាំ​ចេញ-ចូល ពាណិជ្ជករ កសិករ និង​អ្នក​ដំណើរ​ជា​ដើម។ ជា​រឿយៗ មាន​រថ​ភ្លើង​មួយ​ចំនួន​ខូច គាំង​មិន​ដំណើរ​ការ»

តែ​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​អំពី​អសមត្ថភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​អ្នក​ឧកញ៉ា គិត ម៉េង និង​ប្រកាស​បញ្ចប់​សិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ ក្រសួង​សាធារណៈ​ការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៩ បាន​ប្រគល់​សិទ្ធិ​វិនិយោគ​ឱ្យ​អ្នក​ឧកញ៉ា គិត ម៉េង វិញ​ដដែល។

គ្រា​នោះ ក្រសួង​សាធារណៈ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លើក​ហេតុផល​ ថា ត្រូវ​ការ​ពេល​គ្រប់គ្រាន់ ក្នុង​ការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​លើ​លក្ខខណ្ឌ​ គតិយុត្តិ និង​បច្ចេក​ទេស​ពាក់ព័ន្ធ ក្នុង​ការ​គ្រប់​គ្រង​ផ្លូវ​ដែក​និង​ថា​ក្រសួង​សហការ​ រួម​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) រៀបចំ​នីតិវិធី​ជ្រើស​រើស​ក្រុមហ៊ុន​ជំនាញ ដែល​មាន​សមត្ថភាព ដើម្បី​ធ្វើ​ទំនើប​កម្ម​ផ្លូវ​ដែក​កម្ពុជា។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក វិស័យ​វិនិយោគ​ផ្លូវ​ដែក​របស់​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក​ឧកញ៉ា គិត ម៉េង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ លើក​ឡើង​ថា ការ​ដក​យក​មក​គ្រប់​គ្រង​ខ្លួន​ឯង ឬ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ណា​មួយ ដែល​សមត្ថភាព​គ្រប់​គ្រាន់ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង និង​ច្បាប់​វិនិយោគ គឺ​ជា​ សិទ្ធិ​របស់​រដ្ឋាភិបាល បើ​ក្រុមហ៊ុន​ដែល​កំពុង​ទទួល​សិទ្ធិ​វិនិយោគ មិន​អាច​ធ្វើ​បាន​ តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល។

ទោះជាយ៉ាង​ណាក្ដី លោក សេក សុជាតិ ថា អាច​មាន​បញ្ហា​ពី​ក្រោយ​នៃ​ការ​រៀបចំ ដែល​មើល​នឹង​ភ្នែក​មិន​ដឹង។

លោក សេក សុជាតិ ៖«បើ​សិន​ករណី​ក្រុមហ៊ុន​ឯកជន​ហ្នឹង ឱ្យ​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល។ អ៊ីចឹង​រដ្ឋាភិបាល​អាច​ពិចារណា​ថា គួរ​ដក​មក​កាន់​ខ្លួន​ឯង ឬ​អាច​ផ្ទេរ​ទៅ​ក្រុមហ៊ុន​ណា​មួយ ដែល​មាន​លទ្ធភាព​ជាង​ក្រុមហ៊ុន​របស់​អ្នក​ឧកញ៉ា គិត ម៉េង នា​ពេល​បច្ចុប្បន្ន​ជា​ដើម។ ដូច្នេះ​ នេះ​សុទ្ធ​សឹង​តែ​ជា​ប្រធាន​បទ​ដែល​យើង​មើល​ឃើញ​ថា នៅ​ពី​ក្រោយ​ខ្នង​មាន​ភាព​អាថ៌កំបាំង​រវាង​វិស័យ​ឯកជន​និង​រាជរដ្ឋាភិបាល ដែល​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ឱ្យ​ឃើញ​នឹង​ភ្នែក​ធម្មតា​បាន»

អ្នក​ឧកញ៉ា គិត ម៉េង គឺ​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា ហើយ​ជា​អ្នក​ជំនួញ​សិ្នទ​នឹង​គ្រួសារ​ ត្រកូល​ហ៊ុន ដែល​កំពុង​កាន់​អំណាច។

អ្នក​ឃ្លាំមើល លើក​ឡើង​ថា ការ​ព្រមាន​ដក​ការ​វិនិយោគ​ផ្លូវ​ដែក​ដដែលៗពី​លោក គិត ម៉េង តាំង​ពី​នាយករដ្ឋមន្ត្រី​ឪ​ដល់​នាយករដ្ឋមន្ត្រី​កូន  ប៉ុន្តែ​នៅ​តែ​ប្រគល់​សិទ្ធិ​វិនិយោគ​ឱ្យ​ឧកញ៉ា​រូប​នេះ​ដដែល អាច​មាន​ហេតុ​ផល ដែល​រដ្ឋាភិបាល​ត្រកូល​ហ៊ុន កំពុង​ប្រឈម​នឹង​ភាព​ស្មុក​ស្មាញ ក្នុង​វិស័យ​ដឹក​ជញ្ជូន ដែល​ធ្វើ​ឱ្យ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា មាន​តម្លៃ​កាន់​តែ​ខ្ពស់ ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។  

ការ​ព្រមាន​ជា​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ជួប​ ផល​លំបាក ដោយសារ​តែ​បន្ត​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ពាណិជ្ជ​កម្មEBA របស់​ អឺរ៉ុប ២០ភាគរយ និង​ខក​ខាន​ទាំង​ស្រុង ក្នុង​ការ​បន្ដ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​ កម្មGSP របស់​សហរដ្ឋ​អាមេរិក នៅ​ស្រប​ពេល​ដែល​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​កាន់​តែ​ចង្អៀត ក្នុង​វិស័យ​វិនិយោគ​អន្តរជាតិ​របស់​ខ្លួន ខណៈ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម លើ​អ្នក​ជំនួញ​ជំនិត​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន គឺ​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់។

ផ្លូវ​ដែក​ប្រទេស​កម្ពុជា​មាន​ចំនួន ២ខ្សែ  មាន​ប្រវែង​សរុប ៦៥១ គីឡូម៉ែត្រ។ ខ្សែ​ទី ១ ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា-ថៃ មានប្រវែង ៣៨៥ គីឡូម៉ែត្រ  ដោយ​ឆ្លង​កាត់​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែល​សាង​សង់​កាល​ពី​សម័យ​អាណា​និគម​និយម​បារាំង។

ខ្សែ​ពីរ គឺ​ភ្នំពេញ​ទៅ​ដល់​កំពង់​ផែ​ខេត្តព្រះសីហនុ មានប្រវែង២៦៦ គីឡូម៉ែត្រ ដោយ​ឆ្លង​កាត់​ភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពត កែប និង​ខេត្តព្រះសីហនុ ដែល​សាង​សង់​នៅ​សម័យ​សង្គម​រាស្ត្រ​និយម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments