RFA | សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជនជាតិ​ចិន និង​ខ្មែរ ៧នាក់​ពាក់ព័ន្ធ​ករណី​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ខេត្តប៉ៃលិន | hot news

By , Comment
Share on Facebook Tweet on Twitter

កម្លាំង​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ខេត្តប៉ៃលិន​បាន​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​ជនជាតិ​ចិន (China) ចំនួន ៥នាក់ និង​ខ្មែរ ២នាក់​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ខែសីហា។ មន្ត្រី​សិទ្ធិមនុស្ស​ស្វាគមន៍​លើ​ការ​នេះ និង​ចាត់​ទុក​ការ​ធ្វើ​របាយការណ៍​មិន​ប្រក្រតី​របស់​ប៉ូលិស​ខេត្តប៉ៃលិន ដែល​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្លួន​ឯង​នោះ គឺ​មាន​ចេតនា បិទ​បាំង​ការ​ពិត និង​សម្រួល​ឱ្យ​ជន​ដៃ​ដល់​រួច​ផុត​ពី​សំណាញ់​ច្បាប់។

កម្លាំង​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​សាកសួរ​ជនសង្ស័យ​ចំនួន ៧នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ខេត្តប៉ៃលិន នៅ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​កំពុង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ខេត្តប៉ៃលិន។

អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹម សុខខឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែតុលា​ថា ក្រោយ​សាកសួរ​ជន​សង្ស័យ មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​កំពុង​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន។

លោក ឆាយ គឹម សុខខឿន៖ «មកដល់ពេលនេះ យើង​ធ្វើ​ការ​ស៊ើបអង្កេត​ឃាត​ខ្លួន ៧នាក់ ជនជាតិ​ចិន ៥នាក់ និង​ខ្មែរ​ជា​អ្នក​ការពារ​នៅ​ទីតាំង ២នាក់ ដើម្បី​យក​មក​សួរ​បំភ្លឺ។ ចំពោះ​បញ្ហា​ផ្សេង​ទៀត យើង​ទាន់​អាច​បញ្ជាក់​បាន​ទេ ដោយសារ​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ និង​សួរ​បញ្ជាក់ នៅ​មាន​អ្នក​ដែល​យើង​ត្រូវ​តាម​ចាប់​ទៀត តែ​ផ្អែក​ទៅ​លើ​ការ​សួរ​ចម្លើយ សួរ​បំភ្លឺ ពី​អ្នក​ដែល​យើង​ឃាត់​ខ្លួន​សិន ឥឡូវ​នៅ​ក្នុង​នីតិវិធី​របស់​យើង អត់​ទាន់​បញ្ជាក់​ច្បាស់លាស់​អី​បាន​ទេ»

ចំណែក​ស្នងការ​រង​ទទួល​បន្ទុល​ផែនការ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តប៉ៃលិន លោក ស្រី សាម៉ុន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ដែរ​ថា កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​កំពុង​ដឹក​ជនសង្ស័យ​ទាំង ៧នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ហើយ​ នៅ​ថ្ងៃ​ទី១៦ ខែតុលា ហើយ​លោក​ក៏​កំពុង​រៀប​ចំ​សំណុំ​រឿង​នេះ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ដែរ។ ស្នងការ​រង​ខេត្ត​រូប​នេះ​បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​ជនជាតិ​ចិន​ឈ្មោះ ស៊ូ ជុនហ័រ (Zhou Chunhua) គឺ​ពិត​ជា​ស្លាប់​ដោយសារ​តែ​រង​នូវ​អំពើ​ទារុណកម្ម​ធ្ងន់ធ្ងរ​កាល​ពី​អំឡុង​ខែសីហា។

លោក ស្រី សាម៉ុន៖ «ខ្ញុំ​ដឹកនាំ​ក្រុម​កោសល្យវិច័យ​មាន​នាយការិយាល័យ​កោសល្យវិច័យ​កម្លាំង​បច្ចេកទេស គ្រូពេទ្យ​ជំនាញ​កោសល្យវិច័យ និង​អយ្យការ​ទៅ​ពិនិត្យ និង​ឃើញ​ស្នាម​ស្នាម និង​ពិនិត្យ​របួស​ស្នាម​ការ​ធ្វើ​ទារុណកម្ម​នេះ យើង​បាន​កំណត់​ថា ស្លាប់​ដោយ​ករណី​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ និង​ត្រូវ​របួស។ ចំណែក​ការណ៍ ដែល​យើង​សង្ស័យ​គឺ យើង​បាន​នាំ​ខ្មែរ ៤នាក់ និង​ចិន​មក​ម្នាក់​មក​សួរ​នាំ​ប្រគល់​ជូន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​ស្នងការ​រង​ជំនួយ​ការ​ដឹកនាំ​ដោយ ឌិត ជិន និង​មេ​ការិយាល័យ​ឈ្មោះ មាស សុផុន ជា​អ្នក​សួរ​នាំ»

Seven_Chinese_Nationals_and_Cambodians_arrested_in_connection_with_torture_to_death_a_Chinese_in_Pailin_FB_Criminal_Investigation_Department_101424_២.jpg
កម្លាំង​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៤ ចាប់​ជន​សង្ស័យ​ជនជាតិ​ចិន ៥នាក់ និង​ខ្មែរ ២នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់​កាល​ពី​ខែសីហា។ រូប៖ ហ្វេសប៊ុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ

ជន​រង​គ្រោះ​ជន​ជាតិ​ចិន​ឈ្មោះ ស៊ូ ជុនហ័រ (Zhou Chunhua) ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​អគារ​កាស៊ីណូ ញូវ ហ្វ័រធូណា (New Fortuna Casino) ស្ថិត​នៅ​ច្រក​អន្តរជាតិ​ផ្សារ​ព្រំ​ខេត្តប៉ៃលិន ដែល​ជា​តំបន់​រង​ការ​ចោទ​ប្រកាន់​ថា សម្បូរ​ទៅ​ដោយ​អគារ និង​បនល្បែង​កាស៊ីណូ​បង្ខាំង​មនុស្ស​បង្ខំ​ឱ្យ​បុគ្គលិក​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ (Online)។ ជនជាតិ​ចិន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​នៅ​តំបន់​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​កាល​ពី​ថ្ងៃ​ទី១៧ ខែសីហា ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ដឹកនាំ​ដោយ​ស្នងការ​នគរបាល លោក សេង សុគន្ធ បាន​កសាង​សំណុំ​រឿង​នេះ ដោយ​បញ្ជាក់​ប្រាប់​តុលាការ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់ ដោយសារ​តែ​មិន​បាន​ហូប​អាហារ​ជា​ច្រើន​ថ្ងៃ។

លោក ឆាយ គឹមខឿន មិន​បាន​បញ្ជាក់​អំពី​ចំណាត់​ការ​ស៊ើបអង្កេត​ស្នងការ​នគរបាល​ខេត្តប៉ៃលិន លោក សេង សុគន្ធ និង​កម្លាំង​ជំនាញ​ផ្សេង​ទៀត ដែល​កសាង​សំណុំ​រឿង​ទៅ​តុលាការ​បែប​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ករណី​នេះ មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ដែល​បាន​តាម​ដាន​រឿង​នេះ សន្និដ្ឋាន​ថា ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ស្លាប់ គឺ​មិន​បាន​ស្លាប់​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ហើយ​ជន​ដៃ​ដល់​អាច​ដឹក​ជនរងគ្រោះ​ទៅ​ទម្លាក់​ចោល​នៅ​កន្លែង​ផ្សេង​ទៀត។ លោក​យល់​ថា ការណ៍​ដែល​ក្រុម​មេការ​កាស៊ីណូ ញូវ ហ្វ័រធូណា ដឹក​ជន​រង​គ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង រឿង​ជំពាក់​លុយ នៅ​ចំពោះ​មុខ​កង​រាជ​អាវុធហត្ថ​ខេត្តប៉ៃលិន នៅ​មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​នោះ អាច​គ្រាន់​តែ​ជា​ល្បិច​កល​របស់​ជន​ដៃ​ដល់ ដើម្បី​បង្វែងដាន​ដាក់​បន្ទុក​តែប៉ុណ្ណោះ។

លោក អ៊ិន គង់ជិត៖ «ចំណុច ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​លោក​ធ្វើ​របាយការណ៍​មិន​ប្រក្រតី​នេះ ក្នុង​គោលបំណង​ចង់​ឱ្យ​មាន​អ្នក ដែល​ពាក់ព័ន្ធ ដែល​ជា​ជនជាតិ​ចិន រួច​ផុត​ពី​សំណាញ់​ច្បាប់ គឺ​ចង់​ទម្លាក់ និង​ដាក់​បន្ទុក​ដល់​ជន​រង​គ្រោះ​ខ្លួន​ឯង​ផ្ទាល់។ អ៊ីចឹង ជន​សង្ស័យ ឬ​ជន​ពាក់ព័ន្ធ​ទាំង​ឡាយ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ គឺ​រួច​ខ្លួន។ មន្ត្រី​នគរបាល​យុត្តិធម៌​ទាំង​អស់​សុទ្ធតែ​បាន​ស្បថ​មុន​នឹង​ចូល​ប្រកប​វិជ្ជាជីវៈ ឬ​កាន់​មុខ​តំណែង​នគរបាល​យុត្តិធម៌ សុទ្ធតែ​បាន​ស្បថ​នៅ​សាលាឧទ្ធរណ៍។ ការ​ស្បថ គឺ​តម្រូវ​ឱ្យ​មន្ត្រី​នគរបាល​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ស្មោះត្រង់ ត្រូវតែ​គិត​គោលការណ៍​យុត្តិធម៌​ជា​ចម្បង ស្វែងរក ស៊ើបអង្កេត​ដឹង​ការ​ពិត គឺ​ត្រូវតែ​និយាយ​ការ​ពិត មិន​មែន​រឿង​ត្រូវ​ធ្វើ​ស ឱ្យ​ទៅ​ជា​ខ្មៅ ឬ​ខ្មៅ​ឱ្យ​ទៅ​ជា​ស​នោះ​ទេ»

លោក អ៊ិន គង់ជិត រំពឹង​ថា សមត្ថកិច្ច​នឹង​បន្ត​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ និង​ជន​ដៃ​ដល់​ផ្សេង​ទៀត ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់។ លោក​ចាត់​ទុក​ចំណាត់​ការ​របស់​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ស៊ើបអង្កេត​ករណី​ជនជាតិ​ចិន​ស្លាប់​នៅ​ខេត្តប៉ៃលិន​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ស្វែងរក​ការ​ពិត​ជូន​ជន​រង​គ្រោះ និង​ស្នើ​ដល់​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដូចគ្នា​នេះ ដើម្បី​បោសសម្អាត​ក្រុម​ឧក្រិដ្ឋជន ដែល​កំពុង​សម្ងំ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ខេត្តប៉ៃលិន និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments