RFA | ចលនាមាតាធម្មជាតិ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​ដោះស្រាយ​ករណី​រោងចក្រ​ចិន​បង្ហូរ​គីមី​ចូល​ស្ទឹង | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា បាន​ផ្សាយ​វីដេអូ​ជា​ថ្មី​ទៀត​ បង្ហាញ​ពី​បច្ចុប្បន្នភាព រោងចក្រ​ចិន​កែច្នៃ​ផ្លែ​ស្វាយ​មួយ​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​តែ​បន្ត​បង្ហូរ​សារធាតុ​គីមី​ចូល​ស្ទឹង​ធម្មជាតិ​ជា​ច្រើន​ខែ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​នេះ មិន​អើពើ​ដោះស្រាយ​នៅ​ឡើយ​ទេ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ និង​បរិស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ។

បើ​ទោះ​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៥​នាក់​កំពុង​ជាប់​ពន្ធនាគារ​ក្តី  ក៏​ក្រុម​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​បង្ហាញ​ពី​ការ​បំពុល​បរិស្ថាន ប៉ះពាល់​ជីវចម្រុះ​ក្នុង​ទឹក សុខភាព​ពលរដ្ឋ ដែល​បង្ក​ឡើង​ដោយ​រោង​ចក្រ​ចិន​ឈ្មោះ ខេមបូឌានហ្គូមហ្វាម ឯ. (Cambodian Gome Farm Food Co., Ltd) ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិបត្តិ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​បាន​ចុះ​ដល់​ទីតាំង​ទឹក​ស្ទឹង​ក្រាំងអាត​ដោយ​ផ្ទាល់​បង្ហាញ​ភស្តុតាង​ជាក់ស្តែង នូវ​បំពង់​បង្ហូរ​សារជាតិ​គីមី​ចូល​ទឹក​ស្ទឹង​នេះ ដោយមាន​ប្រភព​ចេញ​ពី​រោង​ចក្រ​ចិន​កែច្នៃ​ផ្លែ​ស្វាយ​មួយ​កន្លែង​ ឋិត​ក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ បណ្តាល​ឱ្យ​​មាន​ផល​ប៉ះពាល់​កាន់​តែ​រីក​ធំ​ឡើង

វីដេអូ ១នាទីកន្លះ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) បាន​រៀបរាប់​ថា រោង​ចក្រ​ចិន​កែច្នៃផ្លែស្វាយ​មួយនេះ នៅតែ​បន្ត​បង្ហូរ​សារធាតុគីមី​ចូល​ស្ទឹង​ក្រាំងអាត មានក្លិនស្អុយ ដោយ​មិន​ខ្វល់​ពី​សុខភាព​ពលរដ្ឋ រីឯ​អាជ្ញាធរ​ក៏​គ្មាន​ចំណាត់​ការ​​នៅ​ឡើយទេ។

ក្រុម​ចលនា​មាតា​ធម្មជាតិ កញ្ញា សុវណ្ណា ថ្លែង​ក្នុង​វីដេអូ​ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ ព្រោះ​បាតុភាព​នេះ​បង្ក​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​មូលដ្ឋាន​ដែល​ប្រើប្រាស់​ទឹក​នេះ បណ្តាល​ឱ្យ​កើត​ជំងឺ និង​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម ជាដើម។

កញ្ញា សុវណ្ណា៖ «ខាង​រោងចក្រ​នៅ​តែ​បង្ក​ភាព​អនាធិបតេយ្យ​មក​ដល់​ធនធាន​ធម្មជាតិ គឺ​ជា​ការ​បំពាន​កាន់តែ​ខ្លាំង​មក​លើ​ធម្មជាតិ​យើង​ យើង​ចង់​ឱ្យ​អ្នក​ពាក់ព័ន្ធ​គាត់​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ ព្រោះ​ថា ពួកគាត់​នៅ​មូលដ្ឋាន​ប៉ះពាល់​ខ្លាំង​មែន​ទែន ទាំង​ដំណាំ ទាំង​ស្បែក​ និង​ជំងឺ​នានា​ប្រឈម​មែន​ទែន»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

រីឯ​តំណាង​ក្រុមហ៊ុន​ចិន​ខេមបូឌាន ហ្គូមហ្វាម ឯ. ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏​ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ២០២៤ ​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​ការ​បង្ហូរ​សារជាតិ​គីមី​ពុល​ក្នុង​តំបន់​នោះ ក៏​ប៉ុន្តែ​ក្រុម​យុវជន​សង្កេត​ឃើញ​ថា អាជ្ញាធរ​នៅ​តែ​មិន​អើពើ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ទាំង​នេះ​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​ឆ្នាំ២០២៣ រហូត​មក​ទល់​ពេល​នេះ។

អ្នក​ជំនាញ​ធនធាន​ទឹក និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់ថា អាជ្ញាធរ​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ និង​ដោះស្រាយ​បញ្ហា​នេះ  ព្រោះ​ការ​បង្ហូរ​គីមី​ចូល​ស្ទឹង ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវចម្រុះ ជីវិត​មនុស្ស​សត្វ​ដែល​ប្រើ​ប្រាស់​ទឹក​ស្ទឹង ហើយ​ផល​ប៉ះពាល់​ទាំង​នេះ​នឹង​មាន​រយៈ​ពេល​វែង។

លោក​សង្កត់​ធ្ងន់​ថា ផ្អែក​តាម​ច្បាប់​មន្ត្រី​ពាក់ព័ន្ធ ដែល​ធ្វេស​ប្រហែស​រួម​គំនិត បំពុល​បរិស្ថាន ត្រូវ​មាន​ទោស ពិន័យ​រដ្ឋបាល និង​បញ្ជូន​ទៅ​តុលាការ។

លោក លាង ប៊ុនលាភ៖ «ការ​ប៉ះពាល់​នេះ​ដែរ​គឺ​មាន​រយៈ​ពេល​វែង ខ្លះ​រហូត​ដល់​ម្ភៃ​ទៅ​ សាមសិប​ឆ្នាំ​ទើប​កើត​ឡើង ខ្លះ​ទៀត​ក៏​កើត​ភ្លាមៗ នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​យកចិត្តទុកដាក់​ ពី​ព្រោះ​វា​ជា​កិច្ចការ​មួយ ដែល​មាន​នៅ​ក្នុង​ច្បាប់​កម្ពុជា​យើង​ស្រាប់»

ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ជាតិ​ពុល មាត្រា ៣៦ ចែងថា មន្ត្រី ឬ​ភ្នាក់ងារ​របស់​ក្រសួង​ពាក់ព័ន្ធ​​ធ្វេស​ប្រហែស​រួម​គំនិត ឬ​ឃុបឃិត​គ្នា ធ្វើ​ឱ្យ​ប៉ះពាល់​ទឹក​ស្ទឹង បឹងបួ ទន្លេ និង​អូរ ត្រូវ​ផ្ដន្ទាទោស​ផ្នែក​រដ្ឋបាល និង​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ​ដែរ។

រី​ឯ​អនុក្រឹត្យ​លេខ២៧ ឆ្នាំ​១៩៩៩ ស្តីពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក មាត្រា​២៩ ចែងថា ក្នុង​ករណី​ឃើញ​ថា តំបន់​ទឹក​សាធារណៈ​ទទួល​រង​ការ​បំពុល បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង ដល់​ជីវិត​មនុស្ស និង​ជីវចម្រុះ ក្រសួង​បរិស្ថានត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​បន្ទាន់ និង​ទប់ស្កាត់​ការ​បំពុល​ទឹក ហើយ​ស្ដារ​គុណភាព​ទឹក ក្នុងតំបន់​សាធារណៈ​នោះ​ឡើង​វិញ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments