RFA | ស្ថានភាព​ទឹកជំនន់​នៅតែ​បន្ត​ឡើង និង​បាន​សម្លាប់​ប្រជាពលរដ្ឋ ៣នាក់ នៅ​ខេត្ត​ក្រចេះ | hot news

By , Comment
Share on Facebook Tweet on Twitter

ជំនន់​ទឹកភ្លៀង​មាន​ស្ថានភាព​កាន់តែ​អាក្រក់ ដោយ​ភ្លៀង​បន្ត​ធ្លាក់ លាយឡំ​ខ្យល់​រន្ទះ បាន​ឆក់​យក​ជីវិត​មនុស្ស ៣នាក់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយ​ចំនួន​ទៀត។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅតែ​បន្ត​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ជាពិសេស អ្នក​រស់នៅ​តាម​បណ្ដោយ​ទន្លេ និង​សមុទ្រ។

ជំនន់​ទឹកភ្លៀង​បណ្ដាលមកពី​ឥទ្ធិពល​ព្យុះ​ទីហ្វុង យ៉ាជី (Yagi) និង​ព្យុះ​មួយ​ចំនួន​ទៀត នៅតែ​បន្ត​វាយ​ប្រហារ​ខេត្ត​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដូចជា ខេត្តបាត់ដំបង ជាពិសេស ខេត្ត​ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ រួមមាន ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ត្បូងឃ្មុំ និង​ខេត្ត​កណ្ដាល​ជា​ដើម។

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របុរី កញ្ញា ហ៊ុយ ស្រីតូច ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២១ ខែ​កញ្ញា ថា ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ដារ បាន​ស្រក​ទៅវិញ​ខ្លះ​ហើយ ដោយ​បាន​បំផ្លាញ​ចម្ការ​ដំឡូង​មី និង​ស្រូវ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ទោះ​យ៉ាងណា កញ្ញា​ប្រាប់​ថា ទឹក​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះ ហាក់​មិន​មាន​ការ​ស្រក​ចុះ​នោះ​ទេ ដោយ​ទឹក​នៅតែ​បន្ត​ហូរ និង​កួច រហូត​ដល់​មាន​ការ​លិច​ទូក​បណ្ដាល​ឱ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ចំនួន៣ នាក់។

កញ្ញា ហ៊ុយ ស្រីតូច៖ «តែ​នៅ​ខាង​ខ្ញុំ​នេះ លិច​ត្រឹម​ក្នុង​ផ្ទះ ប៉ុន្តែ​បើ​ភូមិ​ផ្សេង គឺ​លិច​ខ្លាំង​ជាង​ហ្នឹង តែ​បើ​នៅ​តាម​ជួរ​មាត់​ព្រែក​អី​ហ្នឹង គឺ​អត់​ទាន់​ស្រក​ទេ បើ​មាន​ភ្លៀង​បន្ថែម​ទៀត គឺ​លិច​បន្ថែម​ទៀត​ហ្នឹងឯង។ ដូច​នៅ​វត្ត​ដារ និង​មណ្ឌលសុខភាព​ឃុំ​ដារ នៅ​ជិត​អូរ ដល់​ពេល​អ៊ីចឹង​ទៅ គឺ​ឆាប់​ជន់ ពេល​លិច​ម្ដងៗ យើង​យក​ម៉ូតូ ទៅ​ផ្ញើ​កន្លែង​គេ​នៅ​ទី​ខ្ពស់ៗ»

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី២០ ខែ​កញ្ញា មាន​ហេតុការណ៍​លិច​ទូក នៅ​ចំណុច​បឹងរាំង ក្នុង​ឃុំដារ ស្រុកចិត្របុរី បណ្ដាល​ឱ្យ​មនុស្ស​ប្រុស ៣នាក់​បាត់បង់​ជីវិត ខណៈ ២នាក់​ទៀត ហែល​ឡើង​លើ​គោក​រួចខ្លួន។ សមត្ថកិច្ច​អះអាង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​កម្លាំង​ខ្យល់​បក់​នៅ​កណ្ដាល​ទន្លេ បណ្ដាល​ឱ្យ​មាន​រលក​ទឹក​ធំៗ វាយ​ពន្លិច​ទូក​របស់​ពលរដ្ឋ ដែល​កំពុង​ដឹក​ដំឡូង​ឡើង​ទៅ​លើគោក។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ នៅ​ថ្ងៃទី២១ ខែ​កញ្ញា បាន​ប្រកាស​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ បាន​បន្ត​កើន​ឡើង​ជិត ២១ម៉ែត្រ(២០,៨៥) ខណៈ​កម្ពស់​ទឹក​ប្រកាស​អាសន្ន មាន​កម្ពស់ ២២ម៉ែត្រ។ ជាមួយគ្នា​នេះ ក្រសួង​បាន​រម្លឹក​ឱ្យ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ បង្កើន​ការ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ឡើង​ជាយថាហេតុ។

ដោយឡែក នៅ​ខេត្ត​កណ្ដាល ទឹកជំនន់​បាន​ហូរ​ច្រោះ បណ្ដាល​ឱ្យ​បាក់​ស្រុត​ច្រាំង​ស្ទឹង​ព្រែកត្នោត ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទើប​នឹង​សាងសង់ ក្នុង​គម្រោង​ទឹកប្រាក់ ៤០០លានដុល្លារ ចំនួន ៣ទីតាំង ស្ថិត​ក្នុង​ភូមិ​ព្រែកតាឡុង សង្កាត់​តាក្ដុល និង​ភូមិ​បត្តាជី១ បត្តាជី២ ក្នុង​សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ។

ចំណែក នៅ​ខេត្ត​ត្បូងឃ្មុំ កម្ពស់​ទឹក​ទន្លេ​មេគង្គ នៅតែ​បន្ត​ឡើង​ជា​បន្តបន្ទាប់ ដោយសារ​តែ​ភ្លៀង​ធ្លាក់​គ្រប់​ទីកន្លែង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដែល​បណ្ដាល​ឱ្យ​ផ្លូវ​មួយ​ចំនួន ស្ថិតនៅ​ស្រុក​ត្បូងឃ្មុំ ទទួលរង​ការ​ខូចខាត។ ក្នុង​នោះ អាជ្ញាធរ​មូលដ្ឋាន បាន​ផ្អាក​មិន​ឱ្យ​រថយន្ត​ធុន​ធំ បើក​ឆ្លងកាត់​លើ​ផ្លូវ​មួយ​ចំនួន ដែល​កំពុង​លិច​ទឹក ដើម្បី​បញ្ចៀស​ការ​បាក់​ស្រុត និង​ខូចខាត។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក សុទ្ធ គឹមកុលមុន្នី ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់ នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា។

ពាក់ព័ន្ធ​នឹង​គ្រោះ​ទឹកជំនន់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​បូកសរុប ពី​ផល​ប៉ះពាល់​នៅ​ឡើយ។ ចំណែក​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ក្រចេះ បាន​ប្រកាស​ថា គិត​ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២០ ខែ​កញ្ញា ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ស្រុក​ចំនួន៦ ខណៈ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់ មាន​ចំនួន​ជាង ៨ពាន់​គ្រួសារ (.៣២៤) ខូចខាត​ដំណាំ​ស្រូវ​អស់​ជិត ៥ពាន់​ហិកតារ (៤.៩២២) និង​ដំណាំ​ចម្ការ​រួម​ផ្សំ សរុប​ជាង ៤រយ​ហិកតារ (៤៣៨)

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជ​ពិសេស អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​រងគ្រោះ​ទឹក​ជំនន់ ការពារ​សុខភាព ដើម្បី​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រសួង​បាន​ត្រៀម​គ្រាប់​ពូជ និង​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ជួយ​សង្គ្រោះ​ដំណាំ​ជូន​កសិករ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង។

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត លោក សេក សុជាតិ លើក​ឡើង​ថា ករណី​មាន​មនុស្ស​ស្លាប់​ក្នុង​ពេល ដែល​ទឹក​ជំនន់​ទើបតែ​ចាប់​ផ្ដើម​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​បង្ការ​គ្រោះ​មហន្តរាយ​របស់​អាជ្ញាធរ។ ទន្ទឹម​គ្នា​នេះ លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ គួរ​គិតគូរ​សុវត្ថិភាព​របស់​ខ្លួន​ជា​ចម្បង ដោយ​មិន​ត្រូវ​ប្រថុយប្រថាន​អាយុ​ជីវិត​ទៅ​ការពារ​ទ្រព្យ​សម្បត្តិ ក្នុង​ស្ថានភាព​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ​ឡើយ។

លោក សេក សុជាតិ៖ «ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ពួក​គាត់ (អាជ្ញាធរ) អ្នក​ស្គាល់​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ហ្នឹង​ច្បាស់ អ៊ីចឹង​ពួក​គាត់​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ហើយ។ សំខាន់​ជាង​គេ តើ​យើង​មាន​យន្តការ​អ្វីខ្លះ ដែល​បាន​ណែនាំ​ឬ​ក៏​ប្រាប់​ទៅ​ពួក​គាត់ (ពលរដ្ឋ) អំពី​ការ​ត្រៀម​បម្រុង ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង ឬក៏​ការ​បញ្ចៀស​ខ្លួន​ឱ្យ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​ទាំង​អស់​ហ្នឹង”

កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​វិសម្ពាធ ដែល​ស្ថិតនៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ លាយឡំ​នឹង​ផ្គរ​រន្ទះ ចាប់ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២៣ ខែកញ្ញា។ ជាមួយ​គ្នា​នេះ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង ដោយសារ​តែ​មាន​ព្យុះ​ថ្មី​មួយទៀត​ឈ្មោះ​ថា ពូលឡាសាន (PULASAN)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments