RFA | អ្នក​ឃ្លាំមើល​ថា កម្ពុជា​ខាត​បង់​ផល​ប្រយោជន៍​ធំធេង ក្រោយ​ពេល​ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ក្រុងភ្នំពេញ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ឃ្លាំមើល​ថា ប្រទេស​ស៊ុយអែត ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​តែងតែ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រកាស​បិទ​ការិយាល័យ​ស្ថានទូត​របស់​ខ្លួន​នៅ ភ្នំពេញ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ឡើយ។ ពួក​គាត់​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​ប្រសើរ​ឡើង​វិញ ដើម្បី​ស្ដារ​ទំនុក​ចិត្ត និង​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ការណ៍​ដែល​ស៊ុយអែត​សម្រេច​ដក​ស្ថានទូត ផ្ដាច់​ជំនួយ និង​បិទ​ការិយាល័យ​របស់​ខ្លួន​ចេញ​ពី​កម្ពុជា​នៅ​ពេល​នេះ មក​ពី​ប្រទេស​នេះ​អស់​ជំនឿ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ទោះបី​កន្លង​មក ពួក​គេ​បំពេញ​តួនាទី​ជួយ​កម្ពុជា​ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ យ៉ាង​ណា​ក្តី។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា​ថា ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក សហភាព​អឺរ៉ុប​តាម​រយៈ​ប្រទេស​ស៊ុយអែត បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ចំណែក​ប្រទេស​ស៊ុយអែត ក៏​បាន​សម្រេច​ចិត្ត​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា ដោយសារ​តែ​ប្រទេស​ទាំង​នោះ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្រោយ​ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧។ លោក សេក សុជាតិ យល់​ថា បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់​ការ​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ប្រញាប់​ដោះ​ស្រាយ​នោះ​ទេ។

លោក សេក សុជាតិ៖ «ការ​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​បាន​ល្អ គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដ៏​រឹងមាំ សម្រាប់​ជំរុញ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ និង​នីតិរដ្ឋ ដូច្នេះ កម្ពុជា​គួរតែ​ត្រិះរិះ ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ប្រើប្រាស់​គោល​នយោបាយ​ឈ្នះៗ ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់ ដែល​ជា​ដៃគូ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​វា​អាច​ឈ្នះៗ ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ពលរដ្ឋ​ខ្មែរ ជាមួយ​ពលរដ្ឋ នៃ​ប្រជាជាតិ​ដទៃ នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ»

ការិយាល័យ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុងភ្នំពេញ (Embassy of Sweden Section Office in Phnom Penh) កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​ថា ការិយាល័យ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បិទ​ជា​ផ្លូវការ និង​ឈប់​ធ្វើការ ចាប់​ពី​ថ្ងៃ​ទី៣០ ខែកញ្ញា​ត​ទៅ បន្ទាប់​ពី​រដ្ឋាភិបាល​ស៊ុយអែត​សម្រេច​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុងបាកក ប្រទេស​ថៃ នឹង​បន្ត​តំណាង​ឱ្យ​ប្រទេស​ស៊ុយអែត​នៅ​កម្ពុជា ហើយ​ការ​គ្រប់គ្រង ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​យោង​ទៅ​តាម​យុទ្ធសាស្ត្រ​តំបន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​អាស៊ី និង​ប៉ាស៊ីហ្វិក ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ​អភិវឌ្ឍន៍​ស៊ុយអែត ស៊ីដា (Sida) ក្នុង​ទីក្រុងស្តុកហូម (Stockholm)

ក្នុង​ពេល​កន្លង​មក រដ្ឋាភិបាល​ស៊ុយអែត​តែងតែ​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ពាក់ព័ន្ធ​ការ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​បន្ត​បន្ទាប់ និង​ចុង​ក្រោយ ស៊ុយអែត​បាន​បន្ត​រិះគន់​ករណី​ចាប់​អ្នក​នយោបាយ និង​យុវជន​សង្គម​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ក្រៅ​ពី​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ភ្នំពេញ កាល​ពី​ខែតុលា ឆ្នាំ២០១៧ ឯកអគ្គរាជទូត​ស៊ុយអែត​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ អ្នកស្រី អ៊ែននីកា ប៊ែន ដេវីដ (Annika Ben David) ធ្លាប់​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ នឹង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ស៊ុយអែត គិតគូរ​ឡើង​វិញ អំពី​ទំនាក់ទំនង​ជាមួយ​កម្ពុជា។

ជាក់ស្តែង រដ្ឋាភិបាល​ស៊ុយអែត កាល​ពី​ខែមិថុនា ឆ្នាំ២០២០ បាន​សម្រេច​ឈប់​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​ប្រទេស​នេះ​មើល​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទទួល​រង​ការ​រឹតត្បិត​ខ្លាំង ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស៊ុយអែត​ពិបាក​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ទូលំទូលាយ និង​ជិតដិត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​សោកស្ដាយ ដែល​ប្រទេស​ស៊ុយអែត​បាន​បិទ​ស្ថានទូត ផ្ដាច់​ជំនួយ​ដល់​កម្ពុជា និង​ឈប់​បន្ត​ការិយាល័យ​ប្រចាំ​នៅ​ក្រុងភ្នំពេញ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ផល​ប្រយោជន៍ ពីព្រោះ​កន្លង​មក ស៊ុយអែត បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កិច្ចការ​ជា​ច្រើន​ដល់​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល​ទៅ​លើ​ផ្នែក​អភិបាលកិច្ច​ល្អ នៅ​មូលដ្ឋាន ជា​ពិសេស ផ្ដោត​លើ​គោល​ការណ៍​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក អំ សំអាត៖ «នៅ​ពេល​ដែល​ស៊ុយអែត ដែល​ធ្លាប់​ជួយ​ដល់​កម្ពុជា​ជា​ច្រើន​សម្រាប់​ទៅ​លើ​វិស័យ​ទាំង​អស់​នេះ តែ​ស្ថានទូត​ស៊ុយអែត បាន​ដក ដល់​ឥឡូវ​ដក​ការិយាល័យ​របស់​ស្ថានទូត​ស៊ុយអែត បាន​បញ្ចប់​ទៀត អា​ហ្នឹង វា​ជា​រឿង​មួយ​សោកស្ដាយ ពីព្រោះ​កម្ពុជា​យើង​នៅតែ​ត្រូវ​ការ​ស៊ុយអែត ជួយ ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ ក៏​ដូច​ជា គណនេយ្យ​ភាព​នៅ​ថ្នាក់​ក្រោម​ជាតិ​បន្ត​ទៀត​បាន​ទេ»

ចំណែក​មេ​បក្ស​ប្រឆាំង និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា ដោយ​លោក​លើក​ឡើង​ថា ប្រទេស​ស៊ុយអែត​សម្រេច​បិទ​ស្ថានទូត​នៅ​កម្ពុជា​បាន​បង្ហាញ​ថា អំណាច​ត្រកូល ហ៊ុន បរាជ័យ​ទាំង​នយោបាយ សេដ្ឋកិច្ច និង​ការ​ទូត។ លោក សម រង្ស៊ី បញ្ជាក់​ថា ទំនាក់ទំនង​ការ​ទូត គឺ​មាន​សារៈ​សំខាន់​ជាមួយ​ប្រទេស​ណា​ក៏​ដោយ តែ​ដោយសារ​ត្រកូល ហ៊ុន មិន​គោរព​សិទ្ធិមនុស្ស មិន​អាច​រក្សា​ទំនាក់ទំនង​ការទូត​បាន។ លោក​បន្ត​ថា នយោបាយ ដែល​លោក ហ៊ុន សែន ទៅ​អែប​ជិត​ចិន ខណៈ​ចិន ក៏​មាន​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​នោះ ដូច្នេះ ប្រទេស​ចិន​មិន​អាច​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ពី​ទណ្ឌកម្ម​ប្រទេស​លោក​ខាង​លិច​បាន​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា។

ប៉ុន្តែ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា​ថា ការ​បិទ​ការិយាល័យ​ស៊ុយអែត​នៅ​ទីក្រុង​ភ្នំពេញ ​ដោយសារ​ការ​រៀបចំ​ឡើង​វិញ​ចំណុច​អាទិភាព លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ជិត​ខាង​ប្រទេស​ស៊ុយអែត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​បរិបទ​ពិភពលោក បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។ ទន្ទឹម​នឹង​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា បាន​ចេញ​សេចក្ដី​បំភ្លឺ​បន្ថែម​ថា ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក នឹង​បន្ត​តំណាង​ឱ្យ​ស៊ុយអែត​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា ហើយ​ស្ថាន​កុងស៊ុល​ស៊ុយអែត​ប្រចាំ​ក្រុង​ភ្នំពេញ នៅ​តែ​បើក​បន្ត​ផ្ដល់​សេវា​កុងស៊ុល​ដល់​ពលរដ្ឋ​ស៊ុយអែត​នៅ​កម្ពុជា។

ប្រទេស​ស៊ុយអែត​ជា​សមាជិក​សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ១៩៦១ មក ហើយ​បាន​បិទ​ស្ថានទូត​នៅ​ក្នុង​របប​ខ្មែរក្រហម។ ប៉ុន្តែ ស៊ុយអែត​បាន​បើក​ដំណើរ​ការ​ស្ថានទូត​នៅ​កម្ពុជា​ឡើង​វិញ កាល​ពី​ខែសីហា ឆ្នាំ២០១០ និង​បាន​ប្រកាស​បិទ​ស្ថានទូត​ជា​លើក​ទី២ ក្រោម​អំណាច​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា បញ្ហា​នេះ​មក​ពី​ស៊ុយអែត មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​កម្ពុជា​បន្ត​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បញ្ហា​នីតិរដ្ឋ អំពើ​ពុករលួយ នៅតែ​កើត​ឡើង​ធ្ងន់ធ្ងរ ទោះបី​ជា​រដ្ឋាភិបាល​ស៊ុយអែត​ជួយ​ដល់​កម្ពុជា​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments