RFA | មនុស្ស​ជាង ៦០នាក់​កំពុង​ជាប់​ឃុំ​ខ្លួន «ដោយសារ​ការ​បញ្ចេញមតិ​ទាក់ទង​នឹង​គម្រោងCLV» | hot news

By , Comment
Share on Facebook Tweet on Twitter

អង្គការ​លីកាដូ (LICADO) នៅថ្ងៃទី១៦ ខែ​កញ្ញា ចេញ​ផ្សាយ​អត្ថបទ​មួយ​រក​ឃើញ​ថា ចាប់​តាំង​ពី​ថ្ងៃទី២៣ ខែ​កក្កដា មក​មនុស្ស​យ៉ាង​តិច១០០នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន ហើយ​ជាង​៦០នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ជុំវិញ​ការ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែល​ហៅ​កាត់​ថា CLV-DTA

អង្គការ​លីកាដូ​លើកឡើង​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជន​ជាប់ឃុំ​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី១៦ឆ្នាំ ដល់​អាយុ៧០ឆ្នាំ ហើយ​ភាគច្រើន​ពួកគាត់​រង​ការ​ចោទ​ប្រកាន់​ពី​បទ« រួមគំនិត​ក្បត់» និង«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» និង​បទ​ចោទប្រកាន់​ផ្សេងៗ​ទៀត។ លើស​ពី​នេះ​មាន​ជន​ជាប់​ឃុំ​ចំនួន​៦នាក់​ជា​សមាជិក​អង្គការ​សមាគម និង​៤នាក់​ជា​សកម្មជន​សង្គម ហើយ​មនុស្ស​ចំនួន​១២នាក់​គឺ​ជា​សកម្មជន​គណបក្ស​ជំទាស់ ព្រមទាំង​មួយ​ចំនួន​ទៀត​គឺ​ជា​ពលរដ្ឋ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ថា គោលបំណង​នៃ​ការ​ចេញ​ផ្សាយ​អត្ថបទ​គឺ​ដើម្បី​បង្ហាញ​ពី​ចំនួន​អ្នក​ជាប់​ឃុំ ហើយ​លោក​ទទូច​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក អំ សំអាត៖ «ប្រសិនជា​តុលាការ​រក​ឃើញ​ថា មិន​មាន​កំហុស​ទេ​អាហ្នឹង​គួរតែ​មាន​ការ​ដោះលែង​ឱ្យ​ពួកគាត់​បន្ត​ការ​សិក្សា​ឡើងវិញ​ហើយ​បើ​ថា តុលាការ​រក​ឃើញ​យ៉ាងម៉េច​វា​អាស្រ័យ​លើ​តុលាការ។ ប៉ុន្តែ​យើង​ក៏​មាន​សោកស្ដាយ​ដែល​បើ​គាត់​ជា​អនីតិជន អាយុ១៦ឆ្នាំ​ដែល​កំពុង​សិក្សា ហើយ​ជា​និស្សិត​ដែល​បន្ត​ការ​សិក្សា​យើង​ស្ដាយ​ការ​សិក្សា​របស់​ពួកគាត់​ណាស់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី១៦ ខែ​កញ្ញា។

ទោះ​ជា​យ៉ាងណា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)  កាលពី​ថ្ងៃទី២៨ ខែ​សីហា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម និង​ពលរដ្ឋ​ទាំងអស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភបំពាន​ទៅ​លើ​សេរីភាព​បញ្ចេញមតិ​ដែល​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments