RFA | ហេតុអ្វី​បាន​ជា​អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង»? | hot news

By , Comment
Share on Facebook Tweet on Twitter

លោក លី យ៉ុងផាត់ គឺ​ជា​មហាសេដ្ឋី​ខ្មែរ​មួយ​រូប​ដែល​សម្បូរណ៍​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ។ រឿង​អាស្រូវ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ទាំងនេះ មាន​រាប់​ចាប់​ពី​ការ​ច្បាម​យក​ដីធ្លី ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ពលកម្ម​កុមារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ស្ករ​អំពៅ ការ​ជួញដូរ​មនុស្ស ការ​បូម​ខ្សាច់​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន ការ​រត់ពន្ធ​ថ្នាំជក់ អំពើ​លាង​លុយ​កខ្វក់ ការ​បើក​បន​ល្បែង និង​អំពើ​ឆបោក​តាម​​អនឡាញ​ជាដើម។

មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​មហាសេដ្ឋី​ខ្មែរ​វ័យ​៦៦​ឆ្នាំ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន គឺ​លោក លី យ៉ុងផាត់ ដែល​សម្បូរណ៍​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ។

រឿង​អាស្រូវ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ទាំងនេះ មាន​រាប់​ចាប់​ពី ការ​ច្បាម​យក​ដីធ្លី ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ពលកម្ម​កុមារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ស្ករ​អំពៅ ការ​ជួញដូរ​មនុស្ស ការបូម​ខ្សាច់​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន ការ​រត់ពន្ធ​ថ្នាំជក់ អំពើ​លាង​លុយ​កខ្វក់ ការ​បើក​បន​ល្បែង​អនឡាញ​ខុសច្បាប់ និង​អំពើ​ឆបោក​តាម​អនឡាញ ជាដើម។

ទណ្ឌកម្ម​នេះ ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​បុគ្គល​កម្ពុជា​ទី៦​ហើយ​នៃ​​ទណ្ឌកម្ម​អន្តរជាតិ ក្រោម​ច្បាប់ Global Magnitsky Act ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។ បុគ្គល​កម្ពុជា​៥រូប​ទៀត​ដែល​រង​ទណ្ឌកម្ម​អាមេរិក​ដែរ​មុន​លោក លី យ៉ុងផាត់ គឺ​មាន​លោក ហ៊ីង ប៊ុនហៀង លោក ទ្រី ភាព លោក គន់ គីម លោក ទៀ វិញ និង​លោក ចៅ ភិរុណ ព្រមទាំង​គ្រួសារ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​ពួកគេ នៅ​ចន្លោះ​ឆ្នាំ២០១៨ និង​ឆ្នាំ​២០២១

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ៖ «ពេល​ណា​មាន​ការ​លាតត្រដាង​ការពិត ហើយ​លើស​ពី​នេះ​ទៅទៀត​មាន​ដាក់​ទណ្ឌកម្ម​មក​លើ​ជន​ឧក្រិដ្ឋ នេះ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។ ហើយ​ជា​ដំណឹង​អាក្រក់​សម្រាប់​របប ហ៊ុន សែន ពីព្រោះ លី យ៉ុងផាត់ គឺ​គាត់​ជា​សសរ សសរ​សេដ្ឋកិច្ច សសរ​ហិរញ្ញវត្ថុ សម្រាប់​របប ហ៊ុន សែន ហើយ​សម្រាប់​ត្រកូល ហ៊ុន សែន តែ​ម្តង។ តែ​បើ​សសរ​នោះ វា​ប្រេះស្រាំ វា​ត្រូវ​ច្រាន​ដួល​រលំ នោះ​របប ហ៊ុន សែន និង​ត្រកូល ហ៊ុន សែន ក៏​មិន​អាច​នៅ​គ្រប់គ្រង​ប្រទេស​បាន​យូរ​ទៀត​ដែរ»

រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការ​ដាក់​ទណ្ឌកម្ម​នេះ​ថា​មាន​«ចេតនា​នយោបាយ» រំលោភ​អធិបតេយ្យ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​៥​របស់​លោក​នេះ ក្លាយ​ជា​ទណ្ឌកម្ម​ទី១ ដែល​អាមេរិក​ដាក់​មក​លើ​បុគ្គល​កម្ពុជា​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត។

ទណ្ឌកម្ម​នេះ កើតមាន​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ទំនង​ជា​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ថវិកា​ជាតិ ខណៈ​រដ្ឋាភិបាល​កំពុង​ធ្វើ​យុទ្ធនាការ​ភ្លូក​ទឹក​ភ្លូក​ដី​រៃ​អង្គាស​លុយ​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​អះអាង​ថា យក​ទៅ​«កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន»។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដំឡើង​ថ្លៃ​លក់​គោរមងារ​«ឧកញ៉ា» និង​​តម្រូវ​ឱ្យ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រហូត​ដល់ ១សែន​ដុល្លារ។

នៅ​ប្រមាណ​ជាង ១​ឆ្នាំ​មុន​ទទួល​បាន​ទណ្ឌកម្ម​អន្តរជាតិ​នេះ យីអ៊ុន​របស់​មហាសេដ្ឋី​កាន់​សញ្ជាតិ​២​ខ្មែរ-ថៃ​រូប​នេះ ហាក់​ឡើង​ស្រើតៗ។ លោក​បាន​ក្លាយ​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៣។ ក្រោយ​មក​នៅ​ចុង​ឆ្នាំ​ដដែល​នោះ លោក​ទទួល​បាន​តំណែង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ ឬ​ជា​អ្នក​ប្រមូល​និង​គ្រប់គ្រង​ហិបប្រាក់​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ពាក់​កណ្ដាល​ខែ​មេសា លោក​ទទួល​បាន​គោរមងារ​ខ្ពស់​បំផុត​ជា «លោក​អ្នក​ឧកញ៉ា» ដែល​រដ្ឋាភិបាល​ដាក់​លក់​ក្នុង​តម្លៃ​៤លាន​ដុល្លារ។

ការ​ដាក់​ទណ្ឌកម្ម​នេះ​ដែល​មាន​​គោលដៅ​មក​លើ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​៥​របស់​លោក រួមមាន សម្ព័ន្ធ​ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ (Phnom Penh Hotel)

ក្រសួង​រតនាគារ​អាមេរិក ផ្តល់​អំណះអំណាង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto)

អាមេរិក​រក​ឃើញ​ថា រមណីយដ្ឋាន​អូស្មាច់​របស់​លោក លី យ៉ុងផាត់ ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​​ស៊ើបអង្កេត​ជាង​២ឆ្នាំ​មក​ហើយ គឺ​ចាប់​ពី​ឆ្នាំ២០២២ ​រហូត​ដល់​ឆ្នាំ២០២៤។ ជនរងគ្រោះ​​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​បាន​គេ​ល្បួង​ដោយ​ផ្តល់​នូវ​ឱកាស​ការងារ​ក្លែងក្លាយ ដកហូត​យក​ទូរស័ព្ទ និង​លិខិត​ឆ្លងដែន និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ក្នុង​ប្រតិបត្តិការ​ឆបោក​នានា។ ក្រុម​មនុស្ស​ដែល​បាន​ស្នើសុំ​ឱ្យ​គេ​ជួយ រាយការណ៍​ថា ពួកគេ​បាន​ទទួល​រង​នូវ​ការ​វាយដំ​ច្រំ​ធាក់ ប្រើ​ដំបង​ឆក់ ជំរិត​ទារ​ប្រាក់ ឬ​គំរាម​លក់​បន្ត​ទៅ​ឱ្យ​ក្រុម​ជើងកាង​ឆបោក​អនឡាញ​ដទៃ​ទៀត។ ក្រសួង​រតនាគារ​អាមេរិក ពន្យល់​ថា មាន​សេចក្តី​រាយការណ៍​ចំនួន​២ ដែល​ថា ជន​រងគ្រោះ​បាន​លោត​ពី​លើ​អគារ​នៅ​រមណីយដ្ឋាន​នោះ​បណ្តាល​ឱ្យ​ស្លាប់។ ជនរងគ្រោះ​ដែល​ត្រូវ​អាជ្ញាធរ​រំដោះ​បាន​ពី​ទីតាំង​នោះ រួម​មាន​ជនជាតិ​ចិន (China) ឥណ្ឌា (India) ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) ថៃ (Thailand) និង​វៀតណាម (Vietnam) ជាដើម។

សម្ព័ន្ធ​ក្រុមហ៊ុន L.Y.P Group និង​រមណីយដ្ឋាន​អូស្មាច់ ត្រូវ​អាមេរិក​ចោទ​ថា ជា​អ្នក​ទទួល​ខុសត្រូវ ឬ​សមគំនិត ឬ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នេះ។ រីឯ​ការ​ដាក់​ទណ្ឌកម្ម​លើ​សណ្ឋាគារ ហ្គាឌិន ស៊ីធី, រមណីយដ្ឋាន​កោះកុង, និង សណ្ឋាគារ​ភ្នំពេញ គឺ​ដោយសារ​តែ​លោក លី យ៉ុងផាត់ ជា ម្ចាស់​អាជីវកម្ម​ទាំងនេះ។

ក្រសួង​រតនាគារ​អាមេរិក ក៏​បាន​លើកឡើង​ពី​ការ​រក​ឃើញ​ក្នុង​របាយការណ៍​ស្ថានភាព​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ២០២៤ ដែរ​ថា​អំពើ​ពុករលួយ និង​ការ​សមគំនិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស នៅតែ​កើតមាន​យ៉ាង​រីករាលដាល និង​ឥត​ឈប់ឈរ​នៅ​កម្ពុជា ខណៈ​ជន​រងគ្រោះ​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​រហូត​ដល់​១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ករណី​ខ្លះ​ត្រូវ​គេ​«លក់​បន្ត»​ទៅ​ឱ្យ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ឬ​ក្លាយ​ជា​ជង​រងគ្រោះ​នៃ​អំពើ​ជួញដូរ​ផ្លូវ​ភេទ​ក៏​មាន។

ក្រសួង​ការបរទេស​អាមេរិក​ហៅ​ចំណាត់ការ​ដាក់​ទណ្ឌកម្ម​នេះ ថា​គឺ​ដើម្បី​លើកកម្ពស់​គណនេយ្យភាព​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​អំពើ​រំលោភបំពាន​ផ្សេងៗ​ទៀត ខណៈ​បង្អាក់​មិន​ឱ្យ​មាន​ការ​កេងប្រវ័ញ្ច​ឆបោក​តាម​អនឡាញ​ដែល​ជនរងគ្រោះ​ជា​ច្រើន​ជា​ពលរដ្ឋ​អាមេរិកាំង។

កន្លងទៅ ស្ថានទូត​សហរដ្ឋអាមេរិក ធ្លាប់​លាត​ត្រដាង​ថា ពលរដ្ឋ​អាមេរិកាំង​បាន​ចាញ់​បោក​ក្រុម​អ្នក​ឆបោក​មាន​ប្រភព​ចេញ​ពី​ទឹកដី​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ។

នៅ​ទូទាំង​ពិភពលោក វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព (USIP) ប៉ាន់ស្មាន​ថា កម្ពុជា​តែ​ឯង​លូច​លុយ​ពី​ពិភពលោក​យ៉ាង​ហោច​ណាស់​ជាង ១២ពាន់៥រយ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​តាមរយៈ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។ ចំនួន​នេះ ស្មើនឹង​ពាក់​កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ផ្លូវការ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments