រដ្ឋាភិបាលកម្ពុជាកំពុងឈានទៅរកកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការស្ដារ និងអភិវឌ្ឍន៍ផ្លូវ ដែកដែលមានស្រាប់នៅកម្ពុជាឱ្យប្រសើរឡើង សម្រាប់ការដឹកជញ្ជូនផ្លូវដែក នៅក្នុងប្រទេស និងតភ្ជាប់ការដឹកជញ្ជូនជាមួយប្រទេសជិតខាងបញ្ហានេះនឹងធ្វើឱ្យកម្ពុជាជំពាក់បំណុលចិន អាចកើនឡើងថែមទៀតសម្រាប់ពេលអនាគត។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចនិងសង្គមព្រួយបារម្ភថា កម្ពុជាអាចនឹងបង្កើនប្រាក់បំណុលជំពាក់ចិន ថែមទៀត ខណៈដែលកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែកជាមួយចិន សម្រាប់ លើកកំពស់វិស័យដឹកជញ្ជូន តាមផ្លូវដែកឱ្យប្រសើរឡើងនៅពេលខាងមុខ។
អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា បច្ចុប្បន្ននេះបើតាម តម្រូវការសេដ្ឋកិច្ច កម្ពុជា គឺការអភិវឌ្ឍន៍ផ្លូវដែកជាកំរិតមួយដ៏ចាំបាច់ និងល្អបំផុត ដោយសារតែផ្លូវដែកនៅកម្ពុជា នៅមិនទាន់បំរើឱ្យការដឹកជញ្ជូនបានល្អប្រសើរនៅឡើយ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ទៀតថា ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ធ្វើបានដោយខ្លួនឯងនេះ ការស្ដារនិងអភិវឌ្ឍន៍ផ្លូវដែក គឺទីពឹងទៅលើប្រាក់កម្ចីបរទេស ក៏ប៉ុន្តែអ្វី ដែលធ្វើឱ្យលោកព្រួយបារម្ភគឺប្រាក់កម្ចីពីចិន ពីព្រោះថា ប្រាក់កម្ចីរបស់ចិន មានអត្រាការប្រាក់ខ្ពស់ជាងគេ បើប្រៀបធៀបទៅនិងកម្ចីពីប្រទេសដទៃទៀត រួមទាំងកម្ចីពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ផងនោះ។
បណ្ឌិត មាស នី៖ «ការប្រាក់កម្ចីនេះក៏វាកើនឡើងរហូតដល់១០ពាន់លានដុល្លារដែររហូតមកដល់ឥឡូវ។ ទោះបីយ៉ាងណាក៏យើងនៅតែទទួលស្គាល់ថា ក្នុងលទ្ធភាពដែលអាចសងគេបានក្នុងកំរិត៤០%នៃPDP យើងបន្តិចតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាអាស្រ័យទៅលើការវិវត្តន៍នៃសេដ្ឋកិច្ចរបស់យើងដែរ បើសេដ្ឋកិច្ចរបស់យើងនៅធ្លាក់ចុះដូចរាល់ថ្ងៃយើងអាចមានបញ្ហា»។
លោក មាស នី បានបញ្ជាក់ទៀតថា តាមលោកស្រាវជ្រាវ ក្នុងរបាយការណ៍កាលពីឆ្នាំមុន ប្រទេសកម្ពុជា គ្រាន់តែសងបំណុលសាធារណៈដែលជំពាក់បរទេសគឺមានទឹកប្រាក់ប្រមាណពី៥០០-៦០០លានដុល្លារទៅហើយក្នុង១ឆ្នាំៗ។
តាមការស្រាវជ្រាវបង្ហាញថា ចាប់តាំងពីអំឡុងឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជាបានជំពាក់បំណុលបរទេសប្រមាណជាង៩.៦០០លានដុល្លារអាមេរិក។
ការលើកឡើងនូវក្តីបារម្ភនេះ បន្ទាប់ពីកាលពីចុងខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិនា បានជួបជាមួយគណៈប្រតិភូក្រុមហ៊ុនChina Railway 16th Bureau Group Co., Ltd. ដើម្បីពិភាក្សាអំពីបច្ចេកទេសអធិការកិច្ចសំណង់ លើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្លូវដែកដែលមានស្រាប់ ដើម្បីបំរើឱ្យប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង និងតភ្ជាប់ជាមួយប្រទេសជិតខាងឱ្យកាន់តែប្រសើរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែក រវាងរដ្ឋាភិបាលកម្ពុជា-ចិននេះដែរអង្គការសង្គមស៊ីវិល ក៏មានក្តីព្រួយបារម្ភជាច្រើនអំពីការប៉ះពាល់ទៅលើការរស់នៅរបស់សហគមន៍ប្រជាពលរដ្ឋ នៅអមសងខាងបណ្ដោយផ្លូវរថភ្លើង។
នាយកប្រតិបត្តិអង្គការសមធម៌ លោក អៀង វុទ្ធី មានប្រសាសន៍ថា ជាច្រើនឆ្នាំមុន ការស្ដារនិងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជានេះ គឺក្រុមហ៊ុនអូស្ត្រាលី ដែលសហការជាមួយក្រុមហ៊ុនក្នុងស្រុកក្រោមកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ធ្លាប់បានអនុវត្តន៍គំរោងម្ដងរួចមកហើយ។
ការអនុវត្តន៍គំរោងការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែកដែលបានបញ្ចប់ទៅហើយ មិនត្រឹមតែដំណើរការមិនទាន់ល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅអមផ្លូវរថភ្លើងប្រមាណ៤.០០០គ្រួសារ។ កាលណោះរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងដោះស្រាយការប៉ះពាល់ ដោយមានការដោះដូរដីថ្មី ទៅឱ្យប្រជាពលរដ្ឋមួយចំនួន ព្រមទាំងចេញប្រាក់ជាសំណងផង។
បើទោះបីជារដ្ឋាភិបាលប្រឹងប្រែងដោះស្រាយការប៉ះពាល់ទាំងនោះ ក៏អង្គការសមធម៌ នៅតែរកឃើញថា ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារការអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅតែជួបប្រទះ និងបញ្ហាជាច្រើនដូចជាការខ្វះខាតខាងជីវភាព ការផ្លាស់ប្ដូរដីថ្មីទៅឆ្ងាយពីទីប្រជុំជនពេក និងការផ្ដល់សំណងតិចតួចមិនសមរម្យជាដើម។
លោក អៀង វុទ្ធី មានប្រសាសន៍ទៀតថា គំរោងនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា-ចិន លើការស្ដារ និងអភិវឌ្ឍន៍ផ្លូវដែកពេលនេះ សង្គមស៊ីវិលហាក់នៅមិនទាន់បានដឹងពីព័ត៌មានអ្វីឱ្យច្បាស់លាស់ទេ ដូច្នេះក្នុងនាមរូបលោកជាអង្គការសង្គមស៊ីវិល ចង់ឱ្យរដ្ឋាភិបាលធ្វើការសិក្សាអំពីការប៉ះពាល់និងជជែកគ្នាឱ្យបានល្អិតល្អន់ជាមុន។
លោក អៀង វុទ្ធី៖ «គំរោងដែលមានទំហំធំអីចឹង វាតម្រូវឱ្យមានការសិក្សាពីផលប៉ះពាល់សង្គម និងបរិស្ថានផ្សេងៗ។ យើងចង់ឃើញនូវការទទួលស្គាល់ និងការបង្ហាញជាក់លាក់ពីខាងម្ចាស់គំរោងក៏ដូចជាអ្នកវិនិយោគ ដើម្បីពិគ្រោះយោបល់ កុំឱ្យមានបញ្ហាកើតឡើងដូចពីកាលកន្លងទៅ ដូចជាការមានការរុះរើសំណង់ ឬក៏ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ»។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីឆ្នាំ២០១២ ឱ្យដឹងថា គម្រោងស្ដារផ្លូវដែកឡើងវិញរបស់ប្រទេសកម្ពុជា លើប្រវែង ៦៤២គីឡូម៉ែត្រ ចាប់ពីប្រទល់ប្រទេសថៃ នៅភាគពាយ័ព្យឆ្លងកាត់តាមខេត្តបាត់ដំបង រាជធានីភ្នំពេញនិងខេត្តកំពតទៅដល់កំពង់ផែសីហនុ នៅភាគនិរតីនៃប្រទេស។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅម៉ុងហៃ កត់សំគាល់ឃើញថា ដោយសារតែបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងជិតស្និទ ព្រមទាំងបានខ្ចីប្រាក់សម្រាប់យកមកអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងនោះ មិនត្រឹមតែធ្វើឱ្យកម្ពុជាមានបញ្ហាជំពាក់បំណុលចិនកាន់តែច្រើនឡើងៗប៉ុណ្ណោះទេ គឺឥទ្ធិពលចិន ក៏កំពុងតែគ្រប់ដណ្ដប់មកលើកម្ពុជាផងដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា មានបញ្ហាជាច្រើនដែលកំពុងកើតឡើងនៅកម្ពុជាដោយសារតែឥទ្ធិពលរបស់ចិន ដូចជារដ្ឋាភិបាលខ្មែរហាក់ត្រូវការចិនធ្វើជាខ្នងបង្អែកដើម្បីការពារខាងភូមិសាស្ត្រនយោបាយ និងការអនុញ្ញាតឱ្យចិនចូលមកសាងសង់ទីក្រុង(China town)នៅខេត្តព្រះសីហនុ ដោយបើកឱ្យជនជាតិចិនអាចចូលមករស់នៅនិងរកស៊ី ហើយជនជាតិចិនខ្លះបានបង្កជាបញ្ហាភ័យខ្លាចដល់សង្គមខ្មែរផង។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «តាមមើលទៅតាំងពីទំនាក់ទងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយចិន រហូតមកដល់ពេលនេះ កម្ពុជាបានជ្រើសរើសយកមហាអំណាចចិន ដើម្បីជួយការពារនៃឥទ្ធិពលដែលគ្រប់គ្រងមកខាងវៀតណាម ហើយនិងសហរដ្ឋអាមេរិកផង។ យកមួយទៅទប់មួយ ទៅមកៗជាប់តែទាំងអស់គ្នា»។
អ្នកវិភាគនយោបាយយល់ឃើញថា មូលហេតុដែលចិនចាប់យកកម្ពុជាធ្វើជាដៃគូសហប្រតិបត្តិការជាច្រើនវិស័យ ដោយមិនសូវគិតពីលក្ខខណ្ឌក្នុងការផ្ដល់ជំនួយនិងប្រាក់កម្ចីជាដើមនោះ ដោយសារតែចិនមើលឃើញថា កម្ពុជាបច្ចុប្បន្នគឺជាធាតុសំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកតំបន់របស់ចិន។
នៅពេលដែលប្រទេសកម្ពុជាទទួលយក"គំរូចិន" យ៉ាងពេញលេញនោះ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិនគឺវាកាន់តែធ្វើឱ្យចិនមានប្រៀបនៅលើភូមិសាស្ត្រនៃតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments