នៅខេត្តសៀមរាប មានពលរដ្ឋជាច្រើនគ្រួសារកំពុងប្រកបរបរចិញ្ចឹមសត្វក្រពើ ដើម្បីលក់ពង លក់កូន និងលក់ក្រពើធំឲ្យគេសម្លាប់យកស្បែកទៅកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗ ក៏ប៉ុន្តែរយៈពេលជាង ១សប្ដាហ៍មកនេះ ទីផ្សារលក់សត្វក្រពើបានជាប់គាំង មិនអាចលក់ចេញបាន ចំណែកឯអ្នកខ្លះមានគេមកទិញដែរ ប៉ុន្តែឈ្មួញហ៊ានទិញក្នុងតម្លៃថោកខុសប្លែកពីទីផ្សារមុនៗ។
ពលរដ្ឋមួយចំនួនដែលមានមុខរបរចិញ្ចឹមក្រពើនៅខេត្តសៀមរាប ព្រួយបារម្ភចំពោះការខាតបង់ដើមទុន ដោយសារតែសត្វក្រពើដែលពួកគេចិញ្ចឹមជាច្រើន មិនមានទីផ្សារលក់ចេញគ្រប់គ្រាន់ ព្រមទាំងលក់មិនបានថ្លៃ។
ការព្រួយបារម្ភ ដោយសារតែរដូវនេះជាពេលដែលពងក្រពើញាស់ចេញជាកូនតូចៗ ហើយមិនសូវសម្បូរឈ្មួញមកទិញយកទៅលក់បន្តដូចកាលពីឆ្នាំមុនៗទេ។
អ្នកចិញ្ចឹមក្រពើម្នាក់ក្នុងចំណោមអ្នកចិញ្ចឹមជាច្រើនទៀតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប គឺលោក ពៅ ឆាង។ លោកមានប្រសាសន៍ថា ពេលនេះលោកមានបញ្ហាប្រឈម ដោយសារតែលក់កូនក្រពើមិនបានថ្លៃ។ បុរសដដែលបញ្ជាក់ថា កាលពីសប្ដាហ៍មុន តម្លៃក្រពើនៅល្អប្រសើរ គឺអាចលក់កូនក្រពើមួយបានតម្លៃ ១៥-១៦ដុល្លារ ប៉ុន្តែពេលនេះ កូនក្រពើមួយលក់បានតម្លៃតែ ១២ដុល្លារទេ។ លោកបញ្ជាក់ថា ប្រសិនបើតម្លៃក្រពើនៅបន្តចុះថោកជាងនេះ គឺរូបលោកនឹងប្រឈមមុខទៅនឹងការខាតបង់ដើមទុន៖ «បញ្ហាវាត្រូវតែខ្វល់ហើយ ពីព្រោះកាលណាថោកពេក វាមិនអាចទប់ថ្លៃទិញចំណីរបស់វារួចទេ។ បើវាធ្លាក់ថ្លៃទៅក្រោម ១០ដុល្លារទៀត គឺវាត្រូវតែខាត»។
យុវជនម្នាក់ទៀតដែលជាអ្នកចិញ្ចឹមក្រពើនៅភូមិពោធិ៍បន្ទាយជ័យ ដែរ លោក ភោគ រស្មី មានប្រសាសន៍ថា បច្ចុប្បន្ន លោកមានក្រពើធំៗចំនួនជាង ៧០ក្បាល ហើយកូនក្រពើដែលទើបតែញាស់ជាច្រើនរយទៀត។ ក្នុងមួយខែ លោកត្រូវចំណាយលុយទិញចំណីឲ្យសត្វក្រពើស៊ីចំនួន ៣ដង ដោយក្នុងម្ដងៗយ៉ាងហោចណាស់ក៏ចំណាយលុយ ៣០០ដុល្លារដែរ។
លោក ភោគ រស្មី បញ្ជាក់ថា រយៈពេល ២-៣ថ្ងៃមកហើយគ្មានឈ្មួញណាមកទិញកូនក្រពើរបស់លោកទេ។ លោកព្រួយបារម្ភថា ប្រសិនបើទីផ្សារលក់សត្វក្រពើនៅតែធ្លាក់ថ្លៃ ព្រមទាំងមិនដំណើរការល្អនោះ គឺអ្នកចិញ្ចឹមក្រពើមិនមានសង្ឃឹមថាមានជីវភាពល្អប្រសើរឡើយ៖ «បើសិនណាជាឈ្មួញនៅតែបន្តការមិនទិញក្រពើ គឺវាខាត ហើយមានបញ្ហាធំប្រឈមនឹងជីវភាពប្រចាំថ្ងៃ»។
អ្នកចិញ្ចឹមក្រពើជាច្រើន ចង់ឲ្យប្រធានសមាគមអ្នកចិញ្ចឹមក្រពើ និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះស្រាយ និងរកទីផ្សារលក់ក្រពើឲ្យបានល្អប្រសើរ។
ប្រធានសមាគមអ្នកចិញ្ចឹមក្រពើខេត្តសៀមរាប លោក លួន ណាំ បានបដិសេធមិនអធិប្បាយជុំវិញបញ្ហាស្វែងរកទីផ្សារលក់សត្វក្រពើនេះទេ ដោយលោកប្រាប់ថាលោកជាប់រវល់ខ្លាំង។
ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការលក់សត្វក្រពើឲ្យបានថ្លៃនោះ គឺជាការពិបាក ពីព្រោះតែទីផ្សារទិញក្រពើមិនមែននៅក្នុងស្រុកឡើយ គឺទីពឹងទៅលើទីផ្សាររបស់គេ។ លោក ទា គឹមសុទ្ធ បញ្ជាក់ទៀតថា សព្វថ្ងៃនេះទីផ្សារលក់សត្វក្រពើ គឺទីពឹងទៅលើឈ្មួញកណ្ដាលមកពីប្រទេសវៀតណាម និងថៃ ដែលគេត្រូវការទិញយកទៅលក់បន្តដែរ។ ដូច្នេះ វាអាចលក់បានថ្លៃ គឺទាល់តែនៅក្នុងប្រទេសទាំងពីរនោះខ្វះក្រពើសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ទើបគេមកទិញពីខ្មែរយកទៅបង្គ្រប់៖ «គឺវាពិបាកណាស់ ពីព្រោះណាមួយយើងមិនមែនជាទីផ្សារផ្ទាល់ ទីពឹងលើវៀតណាម និងថៃ។ ឧបមាថាគេនាំក្រពើយកទៅចិន ចំនួន ១លានក្បាល ទើបគេយកទៅម្ដង។ ក្រពើយើង គឺជាចំណែកមួយជាមួយគេ ដើម្បីបង្គ្រប់ចំនួននាំចេញ។ ដូច្នេះទាល់តែគេខ្វះ ទើបគេមកទិញក្រពើខ្មែរទៅបង្គ្រប់»។
អ្នកចិញ្ចឹមក្រពើជាច្រើនទទួលស្គាល់ថា បច្ចុប្បន្ន ថ្វីបើពួកគេជាអ្នកចិញ្ចឹមក្រពើមែន ក៏ប៉ុន្តែគេមិនមានជំនាញសម្លាប់ក្រពើវះយកស្បែកលក់ដូរក្នុងស្រុកទេ។ ពួកគេមានជំនាញម្យ៉ាងដែលគេអាចដោះស្រាយបាន ប្រសិនបើទីផ្សារក្រពើនៅជាប់គាំង គឺមានតែសម្លាប់ក្រពើ ហើយវះយកសាច់ប្រឡាក់ធ្វើជាងៀតដាក់លក់ក្នុងតម្លៃ ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង មានប្រសាសន៍ថា អាជ្ញាធរខេត្តធ្លាប់ជួយដោះស្រាយទៅលើបញ្ហារកទីផ្សារលក់សត្វក្រពើនេះដែរ។ លោកថា បញ្ហាទីផ្សារលក់សត្វក្រពើរបស់ខ្មែរមិនបានថ្លៃ គឺជាប់ពាក់ព័ន្ធទៅនឹងអង្គការសាយតេស (CITES) ដែលគេត្រួតពិនិត្យអនាម័យស្បែក និងសាច់របស់វា។ លោក គឹម ឆៃហៀង បញ្ជាក់ថា ក្រពើដែលប្រជាពលរដ្ឋចិញ្ចឹមភាគច្រើន គឺនៅមានបញ្ហាភូតគាមអនាម័យមិនទាន់ត្រូវស្តង់ដារបរទេសនៅឡើយ ទើបពិបាករកទីផ្សារលក់៖ «កន្លងមកយើងបានសហការជាមួយរដ្ឋបាលជលផល ហើយនិងក្រសួងកសិកម្ម ដែលជំរុញទីផ្សារ ប៉ុន្តែទាល់តែយើងផ្សព្វផ្សាយថាក្រពើដែលចិញ្ចឹមហ្នឹង ត្រូវស្តង់ដារ ទី១ គឺស្បែកកុំឲ្យរលាត់ និងសាច់ក្រពើ ដែលទីផ្សារមួយចំនួនត្រូវការបរិភោគ។ អ៊ីចឹងទាល់តែស្អាត»។
អាជ្ញាធរខេត្តសៀមរាប ឲ្យដឹងថា បច្ចុប្បន្នមានសត្វក្រពើប្រហែលជិត ១លានក្បាលត្រូវពលរដ្ឋចិញ្ចឹម ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរមិនបានដឹងពីចំនួនកសិដ្ឋានចិញ្ចឹមក្រពើនៅទូទាំងខេត្តថាមានប៉ុន្មានច្បាស់លាស់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments