មន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែដាក់ចេញនូវវិធានការជាក់លាក់មួយដើម្បីធានាសុវត្ថិភាពដល់សិស្សនិស្សិតខ្មែររស់នៅប្រទេសអ៊ីស្រាអែល (Israel)។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីក្រុមជីវពលប្រដាប់អាវុធ ហាម៉ាស (Hamas) បានបាញ់រះលើពលរដ្ឋអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលា ម្សិលមិញ ដែលបណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ស្លាប់។ មកទល់ពេលនេះនិស្សិតខ្មែរដែលកំពុងរស់នៅទីនោះ កំពុងព្រួយបារម្ភពីសុវត្ថិភាព ខណៈការវាយប្រយុទ្ធគ្នាកំពុងបន្តកើតមាននៅអ៊ីស្រាអែល និងតំបន់ហ្កាហ្សា (Gaza) ជាសំបុករបស់ក្រុមហាម៉ាស ដែលលាក់ខ្លួនជាមួយពលរដ្ឋប៉ាឡេស្ទីន (Palestine)។
ពលរដ្ឋ និងសិស្សនិស្សិតខ្មែររស់នៅប្រទេសអ៊ីស្រាអែល ព្រួយបារម្ភពីសុវត្ថិភាពបន្ទាប់ពីក្រុមជីវពលប្រដាប់អាវុធ ហាម៉ាស បាញ់រះលើពលរដ្ឋអ៊ីស្រាអែល ក្នុងទីក្រុងហ្គាហ្សា (Gaza ) បណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ស្លាប់ និងមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
និស្សិតខ្មែរកំពុងសិក្សាផ្នែកកសិកម្មនៅសាលាសឺដត់នេហ្គេវ (SEDOT NEGEV AGRICULTURE CENTER) ប្រទេសអ៊ីស្រាអែល កញ្ញា ឌូ ស៊ូជិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ តុលា ថា កញ្ញាតក់ស្លុត និងភិតភ័យខ្លាំងពីព្រោះកញ្ញាទើបតែមកដល់ប្រទេសអ៊ីស្រាអែលមិនដល់១ខែផង ស្រាប់តែមានការផ្ទុះសង្គ្រាមបែបនេះ ដែលធ្វើឱ្យនិស្សិតខ្មែរម្នាក់ស្លាប់។ កញ្ញាបន្តថា តំបន់ដែលកញ្ញារស់នៅមានចម្ងាយ១៧គីឡូម៉ែត្រពីទីក្រុងហ្គាហ្សា (Gaza )។ កញ្ញាបន្ថែមថា មកទល់ពេលនេះ កញ្ញា និងនិស្សិតខ្មែរ៧នាក់ទៀតនៅមិនទាន់ត្រូវបានអាជ្ញាធរអ៊ីស្រាអែលជម្លៀសចេញពីស្រុក សាសឺរិត (Shartseret) នៅឡើយទេ ពោលគឺពួននៅក្នុងត្រង់សេដើម្បីគេចពីគ្រាប់រ៉ូកែត និងគ្រាប់បែក។
កញ្ញា ឌូ ស៊ូជិន៖ «និយាយទៅម្នាក់ៗបារម្ភខ្លាំងរហូតដល់ខ្លះគាត់បារម្ភខ្លាំងយំរហូតតាំងពីម្សិលដល់ឥឡូវក៏មិនទាន់បាត់យំ ដែលគាត់បារម្ភថា មិនដឹងម៉េចទេ ព្រោះនៅនេះក្រុមភេរវករគាត់ដើរចូលបាញ់រះដល់បន្ទប់អ៊ីចឹងវាជាការព្រួយបារម្ភមែនទែនសម្រាប់ពួកខ្ញុំជាស្រីៗហើយយើងជាលើកទី១អង្គុយក្រោមគ្រាប់ហោះហើរជុំវិញហើយយន្តហោះវាហោះឆ្វៀលពេញហ្នឹង»។
កញ្ញាបន្ថែមថា ក្រៅមិត្តភ័ក្ដិស្រី ២នាក់ក្នុងចំណោម ៧នាក់របស់កញ្ញា តក់ស្លុតខ្លាំងរហូតដល់មិនហូបបាយ និងមិនហ៊ានដេកហើយនោះ ស្បៀងអាហារហូបចុករបស់ពួកគេក៏ជិតអស់ដែរ។
កញ្ញា ឌូ ស៊ូជិន៖ «ម្សិលមិញលឺខ្លាំងសំឡេងសារ៉ែនអីលឺជាប់ៗគ្នារហូត១០នាទី ៥នាទីអ៊ីចឹងគឺលឺម្ដងអ៊ីចឹងយើងត្រូវទៅគេង នៅក្នុងត្រង់សេនៅហ្នឹងហ្មងបាយទឹកក៏យើងមិនសូវបានហូបមិនសូវបានគេងដែលពេលយប់អ៊ីចឹង»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថាស្ថានភាពបែបនេះ រដ្ឋាភិបាលកម្ពុជាគួរតែយកចិត្តទុក្ខដាក់ ពីព្រោះពលរដ្ឋខ្មែររស់នៅប្រទេសអ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត។ លោកបន្តថា បញ្ហាសុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលជាអ្នកធានាការពារ ។ ដូច្នេះលោកថា បើគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ ឬសារជាសំឡេងនៅមិនទាន់គ្រប់គ្រាន់នោះទេ។
លោក នី សុខា៖ «ធ្វើយ៉ាងណាប្រមូលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ និងរកទីកន្លែងសុវត្ថិភាពឱ្យបងប្អូននិស្សិតយើងដើម្បីរកទីកន្លែងសុវត្ថិភាពឱ្យបានត្រឹមត្រូវចៀសវាងយើងធ្វើត្រឹមតែកម្រិតអំពាវនាវគឺថាយើងធ្វើសកម្មភាពយើងត្រូវ ប្រាប់និស្សិតពួកយើងទាំងអស់ថាវាមានអសន្តិសុខនៅតំបន់ណាតើយើងគួរតែគេចខ្លួនទៅតំបន់ណាហើយកន្លែងដែលជ្រកកោនបណ្ដោះគួរតែមានដំណោះស្រាយអំពីទូតមួយចំនួនឬក៏អំពីកុងស៊ុល ឬក៏មន្ត្រីខ្មែរយើងដែលរស់នៅទីនោះផងដែរ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃ០៨ ខែតុលា បានចេញសារជាសំឡេងរយៈពេលជិត ៦នាទី ថា រដ្ឋាភិបាលកម្ពុជាបានសហការជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីជួយពលរដ្ឋខ្មែរដែលស្ថិតក្នុងទីក្រុងហ្គាហ្សា (Gaza )។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីចាត់ចែងយកសពនិស្សិតខ្មែរមកធ្វើបុណ្យនៅកម្ពុជា និងជួយសង្គ្រោះបានសិស្សនិស្សិត៣នាក់ចេញពីតំបន់ក្រហម។ លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែររកកន្លែងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលអ៊ីស្រាអែល។
លោក ហ៊ុន ម៉ាណែត៖ «ជាលទ្ធផលរយៈពេលពេញមួយយប់នេះយើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរបានភាគច្រើននៅក្នុងប្រទេសអ៊ីស្រាអែល និងបានកំណត់នៅទីតាំងរបស់ពួកគាត់ដែលស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែលខ្ញុំបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថាកិច្ចការនេះជាកិច្ចសំខាន់បំផុតរបស់រដ្ឋាភិបាលនៅក្នុងការធានាសុវត្ថិភាព»។
សេចក្ដីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី០៨ តុលា បង្ហាញថា បច្ចុប្បន្នមាននិស្សិតខ្មែរកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែលចំនួនជាង ៤រយនាក់ (៤៥០) និងមាននិស្សិតខ្មែរម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមជីវពលប្រដាប់អាវុធហាម៉ាស (Hamas) កាលពីថ្ងៃទី៧ តុលា។ រដ្ឋាភិបាលកម្ពុជាបានប្រាប់ឱ្យនិស្សិតខ្មែរដែលកំពុងស្នាក់ប្រទេសអ៊ីស្រាអែល អាចទាក់មកកាន់ +855 86 88 16 88ដើម្បីឱ្យរដ្ឋាភិបាលទទួលបានព័ត៌មានបន្ថែមពីសុវត្ថិភាពរបស់ពួកគេ។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សសង្កេតឃើញថាវិធានការរបស់រដ្ឋាភិបាលនេះ ខុសគ្នាដាច់ស្រឡះពីរដ្ឋាភិបាលថៃដែលនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin ) ដែលត្រៀមបញ្ជូនយន្តហោះកងទ័ពអាកាសទៅទទួលពលរដ្ឋថៃក្នុងប្រទេសអ៊ីស្រាអែលត្រឡប់មកកាន់ប្រទេសថៃវិញ។ ដោយឡែកសហរដ្ឋអាមេរិកក៏ពិចារណានឹងបញ្ជូនកងទ័ពដើម្បីអន្តរាគមន៍ដល់ពលរដ្ឋអាមេរិករស់នៅប្រទេសអ៊ីស្រាអែលផងដែរ។
រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្គ្រាមបន្ទាប់ពីក្រុមជីវពលប្រដាប់អាវុធហាម៉ាស (Hamas) របស់រដ្ឋប៉ាឡេស្ទីន ចូលបាញ់រះគ្រាប់រ៉ាកែតនៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃទី៧ តុលា។ ការវាយប្រហាររបស់ក្រុមជីវពល ហាម៉ាស (Hamas)ធ្វើឱ្យពលរដ្ឋអ៊ីស្រាអែលយ៉ាងតិច ២២នាក់ស្លាប់ និងជាង៥០០នាក់រងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments