
អ្នកវិភាគផ្ដាំពលរដ្ឋខ្មែរ កុំចាញ់បោកលោក ហ៊ុន សែន ករណីបណ្ដេញមេប៉េអិមខេត្តរតនគីរី ចេញពីមុខតំណែង ក្រោយចែកលុយកូនប្រាំនាក់ ម្នាក់ ១សែនដុល្លារ។ លោក គឹម សុខ ថ្លែងប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ថា ករណីអំពើពុករលួយក្នុងជួរមន្ត្រីរបបលោក ហ៊ុន សែន និង ក្នុងគ្រួសារលោក ហ៊ុន សែន មានរាប់មិនអស់ ប៉ុន្តែ គេមិនដែលឃើញរបបនេះ ចាត់ការម្ដងណានោះឡើយ ប៉ុន្តែ ទើបតែចាត់ការលើមេប៉េអិមខេត្តរតនគីរីលោក គឹម រស្មី នេះប៉ុណ្ណោះ៖ «របៀបកុម្មុយនិស្តដែលគេធ្វើ យករឿងមួយបន្លំ បំភាន់ ដើម្បីបិទបាំងរឿងមួយលាន ពីរលានទៀត ដែលកំពុងតែស្អុយជាងហ្នឹងនៅកម្ពុជា។ គ្រាន់តែកាត់ស្អុយមួយបន្លំ យកមកបំភាន់ ថាគាត់ឈឺចាប់ខ្លាំងណាស់ ពេលកាត់សាច់ស្អុយ»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ ធ្វើឡើងភ្លាមៗ ក្រោយលោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) អមជាមួយនឹងព្រះរាជក្រឹត្យ ចុះថ្ងៃទី៩ ខែកុម្ភៈ ផង ដែលប្រកាសលុបឈ្មោះលោកឧត្ដមសេនីយ៍ត្រី (ផ្កាយ១) គឹម រស្មី ចេញពីក្របខ័ណ្ឌនៃកង យោធពលខេមរភូមិន្ទ។ លោក ហ៊ុន សែន បានសរសេរសារអមថា “នេះគឺជាការ វះកាត់ ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់”។
ការអះអាងថា ជាការឈឺចាប់ ព្រោះត្រូវកាត់សាច់ស្អុយចេញបែបនេះ លោក គឹម សុខ ថាបង្ហាញអំពីចរិតពិត នៃលោក ហ៊ុន សែន ដែលកន្លងមក បន្តអោបក្រសោបមន្ត្រីអាក្រក់ជាច្រើនរាប់មិនអស់ ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកស្មោះត្រង់នឹងបក្សនេះ ដោយមិនហ៊ានកាត់ចោលនោះទេ។
ករណីលោក គឹម រស្មី នេះទៀតសោត លោក គឹម សុខ ថា ជាល្បិចលោក ហ៊ុន សែន ដើម្បីលួងចិត្តសាធារណជនទូទៅ ឲ្យលង់ជឿថា គាត់មិនអត់ឱនឲ្យមន្ត្រីអាក្រក់។ ប៉ុន្តែ មិនយូរមិនឆាប់ មន្ត្រីរូបនេះនឹង នឹងមានឋានៈ ឬតួនាទីណាថ្មីមួយ អាចធំជាងនេះផង ព្រោះកន្លងមក មានមន្ត្រីដែលលោកដកខ្លះ គឺគ្រាន់តែដកពីកន្លែងមួយ យកទៅដាក់នៅកន្លែងផ្សេង គឺធ្វើឲ្យតែល្អមើលតែប៉ុណ្ណោះ៖ «តាមពិតទៅ កុំចាញ់បោកកុម្មុយនិស្ត ព្រោះគេមិនបោះបង់គាត់ចោលទេ មិនថាអ្នកនោះអាក្រក់ប៉ុណ្ណានោះទេ។ លោក ហ៊ុន សែន មិនត្រូវឈឺចាប់ ដោយសារការកាត់សាច់ស្អុយចេញទេ គាត់គួរតែសប្បាយចិត្ត។ នេះបញ្ជាក់ថា គាត់មិនចង់បោះបង់សាច់ស្អុយទេ»។
រូបភាពវីដេអូ នៃពិធីជួបជុំគ្រួសារមួយ របស់មេប៉េអិមខេត្តរតនគីរី លោក គឹម រស្មី បានបង្ហាញ និង ចែកតគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត កាលពីថ្ងៃទី៦ ខែកុម្ភៈ។ មន្ត្រីរាជអាវុធហត្ថរូបនេះ បង្ហាញពីភាពអស្ចារ្យ និងទ្រព្យមហាសាលរបស់គាត់ ដោយគាត់ប្រកាសចែកលុយកន្លះលានដុល្លារ ឲ្យកូនប្រាំនាក់ក្នុងពេលតែមួយ៖ «ថ្ងៃនេះមានកូនប្រាំនាក់ ចែកសែកម្នាក់ ១០ម៉ឺន។ កូនពីរនាក់ៗទៀតតូចៗ រៀននៅសិង្ហបុរី (Singapore) សុទ្ធតែបាន ១០ម៉ឺនដូចគ្នាដែរ កុំឲ្យច្រណែនគ្នា»។
សាធារណជនទូទៅ ដែលបានឃើញវីដេអូឃ្លីបនោះ សង្ស័យខ្លាំងទៅលើភាពមានបានរបស់មន្ត្រីរូបនេះ ដែលមានប្រាក់ខែ ត្រឹមប្រមាណមួយលានរៀល ឬ ២៥០ ដុល្លារក្នុងមួយខែសោះ តើបានទ្រព្យមកពីណាក៏សម្បើមខ្លាំងម្ល៉េះ ជាពិសេសក្នុងពេលដែលពលរដ្ឋខ្មែរជាច្រើន រកតែអង្ករច្រកឆ្នាំសឹងមិនបាន។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក គឹម រស្មី ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេនៅពេលនេះ។ អាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បាននៅឡើយដែរ។
លោក គឹម សុខ ថា បើលោក ហ៊ុន សែន ពិតជាចង់បង្ហាញសាធារណជន ថារបបនេះ ពិតជាចង់ដុះក្អែលមន្ត្រីអាក្រក់របស់ខ្លួនមែន គួរតែធ្វើឲ្យលើសពីគ្រាន់តែដកតួនាទីមន្ត្រី តែត្រូវអនុវត្តតាមនីតិវិធីតុលាការ ដើម្បីយកមន្ត្រីនោះ មកកាត់ទោសតាមផ្លូវច្បាប់ ដើម្បីជាគំរូ។ ទោះជាយ៉ាងនេះក្តី លោក គឹម សុខ នៅតែគ្មានជំនឿលើរបបនេះ និងតុលាការខ្មែរនោះដែរ ព្រោះខ្វះសុឆន្ទៈ និង ខ្វះឯករាជ្យដភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments