
អាជ្ញាធរខណ្ឌ៧មករា ប្រើហិង្សារុញច្រាន វាយទាត់ធាក់ ក្រុមអ្នកតវ៉ា ដែលទាមទារឱ្យដោះលែង លោក រ៉ុង ឈុន បណ្ដាលឲ្យយុវតី ២នាក់ រងរបួស និងសន្លប់។ អាជ្ញាធរលើកហេតុផលថា ការបង្ក្រាបនេះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តែអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកជាអំពើរំលោភសិទ្ធិពលរដ្ឋ។
អាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌ ៧មករា បានព្យាយាមព័ទ្ធ និងស្ទាត់ក្រុមយុវជន មិនឲ្យធ្វើសកម្មភាពស្រែកតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ទាំងនៅម្ដុំតុលាការក្រុង និងតាមដងផ្លូវក្នុងក្រុងភ្នំពេញ។ អាជ្ញាធរ បានព្យាយាមឲ្យក្រុមអ្នកតវ៉ា បញ្ឈប់សកម្មភាពតវ៉ា ច្រើនលើកច្រើនសារ និងគំរាមប្រើហិង្សាបំបែកក្រុមអ្នកតវ៉ា បើនៅតែបន្តសកម្មភាពទាមទារទៀត ដោយសំអាងថា ខុសច្បាប់បាតុកម្ម និង ខុសគោលការណ៍ទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ (Covid-19)៖ «ឥឡូវបំបែកអត់ទេ? ឥឡូវខ្ញុំសួររកលិខិតអនុញ្ញាតពីសាលាក្រុង ដែលបងប្អូនអ្នកបង្កលក្ខណៈ ហែច្រូងច្រាងដោយអត់ច្បាប់ហ្នឹងនេះ។ បង្កលក្ខណៈបាត់នូវសោភ័ណភាព ក៏ដូចជាសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ។ បើអត់មានត្រូវតែបំបែក បើអត់បំបែក ខ្ញុំបំបែកហើយ»។
ទោះជារងការគំរាមច្រើនលើកច្រើនសារ ក៏ក្រុមអ្នកតវ៉ាជិត ២០នាក់ ដែលភាគច្រើនជាយុវជន បានបន្តជម្នះធ្វើសកម្មភាពនេះទៀត ដោយសម្អាងថា រដ្ឋធម្មនុញ្ញបានបើកសិទ្ធិសេរីភាពឲ្យពលរដ្ឋ អាចធ្វើសកម្មភាព តវ៉ាទាមទារដោយអហិង្សាបាន។ ក្រុមយុវជន និងអាជ្ញាធរ បានឈ្លោះប្រកែកគ្នាមួយសន្ទុះ រួចហើយសន្តិសុខខណ្ឌ ៧មករា ដែលសុទ្ធជាបុរសពេញកម្លាំង បានរុញច្រានក្រុមអ្នកតវ៉ា ដែលភាគច្រើនគឺជាយុវតីឲ្យថយក្រោយ បណ្ដាលឲ្យក្រុមអ្នកតវ៉ាម្នាក់រងរបួសជើង ដួលលើដី ងើបលែងរួច និងម្នាក់ទៀតសន្លប់។
អ្នកតវ៉ាម្នាក់ ដែលរងរបួសជើងទាំងសងខាង កញ្ញា សូ មេត្តា អះអាងថា អាជ្ញាធរ បានរុញច្រាន និងទាញក្រវាត់ ពួកគេឲ្យដួលលើដី ហើយឆ្លៀតពេលច្របូកច្របល់ បានទាត់ធាក់ ជាន់ ក្រុមអ្នកតវ៉ា ជាច្រើនជើង។ កញ្ញាបញ្ជាក់ថា ក្រុមយុវជនមិនបានតបត ចំពោះទង្វើហិង្សា របស់អាជ្ញាធរទេ៖ «រុញ តែអាជើងគាត់ពីក្រោមហ្នឹង គាត់ព្យាយាមមកទាត់ខ្ញុំ ម្ខាង ប្រាំ ប្រាំមួយជើង ហើយស្បែកជើងប៉ូល អាស្រួចខ្មៅ ឈឺណាស់។ ទាត់ម្នាក់ បួន ប្រាំជើង ដល់ទាត់ខ្ញុំហើយ គាត់ធ្វើសង្គ្រឺតធ្មេញ ចង់ស៊ីសាច់យើង ហើយពេលទាត់ខ្ញុំហើយ ដួល គាត់មកកន្ត្រាក់អូសដៃខ្ញុំទៅហ្មង តែគ្នាខ្ញុំ គាត់មកអូសដៃ ខ្ញុំទាន់»។
ចំណែកអ្នកតវ៉ាម្នាក់ គឺ កញ្ញា ជា គន្ធីន បានរងរបួសសន្លប់ នៅនឹងកន្លែង និងជាំឆ្អឹងជើង ដោយសារការបង្ក្រាប។ យុវតីវ័យ ១៨ឆ្នាំរូបនេះ អះអាងថា ក្រុមអ្នកតវ៉ា គ្មានកម្លាំងតបត នឹងក្រុមសន្តិសុខខណ្ឌ៧មករាទេ ហើយ កញ្ញា រងរបួសជើង និងសន្លប់ ដោយសារ សន្តិសុខខណ្ឌ ៧មករា ចាប់កញ្ញាអូស លើដុំថ្ម និងទាត់ធាក់ ជាច្រើនជើង។
កញ្ញា ជា គន្ធីន ហៅការបង្ក្រាបលើក្រុមអ្នកតវ៉ា ថា ជាអំពើឃោរឃៅ ព្រោះខាងអាជ្ញាធរ មិនព្រមនិយាយវែកញែកច្បាប់ ជាមួយក្រុមអ្នកតវ៉ាទេ តែសំអាងថា ត្រូវតែបំបែកក្រុមអ្នកតវ៉ា តាមបញ្ជាថ្នាក់លើ។ យុវតីរូបនេះ ប្ដេជ្ញាមិនតក់ស្លុតចំពោះការទាត់ធាក់នេះទេ និងបន្តការទាមទារ រកយុត្តិធម៌ ជូន លោក រ៉ុង ឈុន បន្តទៀត៖ «ពេលហ្នឹង ខ្ញុំជួយបងមេត្តា ដោយសារបងមេត្តា ត្រូវជើង។ ពេលឃើញ គាត់ (អាជ្ញាធរ) ទាត់ ខ្ញុំយកជើងខ្ញុំ ទៅរាំង គាត់ទាត់ខ្ញុំពីរបីជើង ហើយចាប់ទាញ ចាប់អូស។ ចាប់ទាញដៃខ្ញុំ ហើយអូសមកទង្គិចលើផ្លូវ លើថ្នល់ កន្លែងម៉ូតូគេជិះហ្នឹង ហើយត្រកៀតរបស់ខ្ញុំហ្នឹង ក៏ត្រូវជាមួយនឹងដុំថ្ម ក៏គ្រេចទៅ។ ពេលហ្នឹង វាអត់ទាន់ឈឺអ្វីប៉ុន្មានទេ ក៏ខ្ញុំដើរមក យកស្បែកជើង យកអ្វី ហើយថា អាជ្ញាធរធ្វើបាបស្ត្រី អ្វីអ៊ីចឹង។ ពេលហ្នឹង ក៏ទន់ដៃទន់ជើង សន្លប់ទៅតែម្ដង។ វាថប់ដង្ហើម ហើយដឹងខ្លួន ពេលដែលមីង យកប្រេងកូឡា យកអ្វី មករឹត»។
ជុំវិញការប្រើអំពើហិង្សានេះ អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ស្នងការរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន តែក្រុមមន្ត្រីទាំងនេះមិនទទួលទូរស័ព្ទ នៅថ្ងៃទី៥ សីហា។
នាយករងអង្គការលីកាដូ ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត សោកស្ដាយចំពោះការប្រើអំពើហិង្សា ជាបន្តបន្ទាប់ លើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ជំរុញ ឲ្យអាជ្ញាធរ គួរតែសម្របសម្រួល រកដំណោះស្រាយ ឲ្យក្រុមអ្នកតវ៉ា ទើបជារឿងប្រសើរ៖ «ហើយបើសិនជា បាតុកម្ម ឬក៏តវ៉ាដោយសន្តិវិធី មើលទៅមិនប៉ះពាល់ទៅដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឬក៏សិទ្ធិបុគ្គលណាទេ អាហ្នឹង វាគួរតែមានការសម្របសម្រួលគ្នា អនុញ្ញាតទៅ ព្រោះនៅក្នុងច្បាប់បាតុកម្ម ស្ដីពីសន្តិវិធី បើទោះជានិយាយអំពីការជូនដំណឹងមែន ក៏ប៉ុន្តែបើបាតុកម្ម ឬក៏ការតវ៉ាហ្នឹង ធ្វើដោយមិនបានជូនដំណឹង តែបើសិនថា អាជ្ញាធរយល់ថា មិនមានអំពើហិង្សាទេ គួរតែមានការសម្របសម្រួលគ្នាមួយ ដែលមានការទទួលយកបាន»។
ក្រោយរងអំពើហិង្សា ក្រុមអ្នកតវ៉ា បានរំសាយការតវ៉ា តាមដងផ្លូវ នៅម្ដុំតុលាការក្រុង ហើយពួកគេបានដឹកយុវតី ២នាក់ ដែលរងរបួស ទៅអង្គការលីកាដូ ដើម្បីសុំពឹងពាក់ ឲ្យគ្រូពេទ្យប្រចាំអង្គការលីកាដូ ជួយព្យាបាល។ ក្រុមយុវជន ក៏បានបន្តដំណើរ ទៅតវ៉ា នៅមុខវត្តបទុមវតី បន្តទៀត នៅពេលរសៀល ដើម្បីទាមទារសុំ ជួបព្រះសង្ឃច្រើនអង្គ ដែលត្រូវអាជ្ញាធរឃាត់ខ្លួន ដោយសារចូលរួម តវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន នៅមុខតុលាការ។
ចំណែកដំណើរការ សំណុំរឿងក្ដីរបស់លោក រ៉ុង ឈុន តាមផ្លូវតុលាការវិញ ក្រុមមេធាវី កំពុងបន្តនីតិវិធី ប្ដឹងសុំឲ្យកូនក្ដី បាននៅក្រៅឃុំបណ្ដោះអាសន្ន។ លោកមេធាវី សំ សុគង់ ឲ្យដឹងថា ក្រុមមេធាវី បានដាក់ពាក្យស្នើសុំទៅចៅក្រមនៃសាលាដំបូងរាជធានី នៅថ្ងៃទី៥ សីហា ដើម្បីស្នើសុំឲ្យ លោក រ៉ុង ឈុន បាននៅក្រៅឃុំបណ្ដោះអាសន្ន៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments