រោងពុម្ពបោះពុម្ពសន្លឹកឆ្នោត ឋិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ RFA/Morm Moniroth |
ដោយ ខែ សុណង RFA 2017-05-04
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺអំពីការបោះពុម្ពសន្លឹកឆ្នោត និងចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បញ្ចៀសការរិះគន់កាលពីពេលកន្លងទៅ។
ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី៣ ខែឧសភា គ.ជ.ប បានសម្ដែងការសោកស្ដាយ និងហៅការចេញសេចក្ដីថ្លែងការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលរិះគន់ការបោះពុម្ពសន្លឹកឆ្នោតច្រើនជាងអ្នកបោះឆ្នោត ថាជាការចេញផ្សាយមិនត្រឹមត្រូវ មិនយល់ពីនីតិវិធីបោះឆ្នោត ទៅលើការបោះពុម្ពសន្លឹកឆ្នោតលើសចំនួននេះ។
លិខិតដដែលបានបង្ហាញថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតមានចំនួនជាង ៩លាន ៤សែនសន្លឹក (៩.៤២៦.៦០០សន្លឹក) ដែលធៀបនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ៧លាន ៨សែននាក់ (៧.៨៦៥.០៣៣នាក់)។ សន្លឹកឆ្នោតទាំងនេះ បានបោះពុម្ពជាសៀវភៅក្នុង ១ក្បាលមាន ៥០សន្លឹក ដែលនឹងបែងចែកទៅតាមការិយាល័យជាង ២ម៉ឺន ២ពាន់ការិយាល័យ (២២.១៤៨ការិយាល័យ)។ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតលើសពីចំនួនអ្នកបោះឆ្នោតជាង ១លាន ៥សែនសន្លឹក (១.៥៦១.៥៦៧សន្លឹក) បម្រុងទុកករណីសន្លឹកឆ្នោតខូច ដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់។ ការបោះពុម្ពសន្លឹកឆ្នោត នឹងដំណើរការនៅថ្ងៃបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់ គ.ជ.ប ប្រសិនបើការិយាល័យបោះឆ្នោតណាមួយខ្វះសន្លឹកឆ្នោត ការិយាល័យនោះនឹងត្រូវបិទ។
បន្ទាប់ពីបញ្ចប់ការបោះឆ្នោត ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ សមាជិកការិយាល័យបោះឆ្នោតត្រូវចោះ ឬកាត់ ដើម្បីធ្វើមោឃភាពសន្លឹកឆ្នោតដែលនៅសល់មិនបានប្រើ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments