RFA | រថយន្ត​ក្រុង​សាធារណៈ​និង​រថភ្លើង​ត្រូវ​បាន​រៀបចំ​ដឹកជញ្ជូន​ពលរដ្ឋ​ទៅលេង​ស្រុក​ដោយ​ឥត​គិត​ថ្លៃ | hot news

By , Comment
Share on Facebook Tweet on Twitter

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ បាន​ចាប់ផ្ដើម​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ជាង​១០០​គ្រឿង និង​រថភ្លើង​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ ទៅលេង​ស្រុកកំណើត ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។ ក្រុម​អ្នក​តាមដាន​សង្គម សម្ដែង​ការ​សាទរ តែ​ស្នើសុំ​ឲ្យ​បន្ថែម​រថយន្ត​រត់​បន្ថែម​ទៀត និង​បន្ត​ទៅ​ខេត្ត​ឆ្ងាយៗ ដូចជា​រតនគិរី និង​មណ្ឌលគិរី​ផង។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា មាន​រថយន្ដ​ក្រុង​សាធារណៈ​ខ្លះ មាន​មនុស្ស​ជិះ​តិច មាន​រថយន្ត​ខ្លះ មាន​មនុស្ស​ជិះ​ច្រើន ជាហេតុ​ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ពី​ការរៀបចំ​ជើង​ចេញដំណើរ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ។

អ្នកឃ្លាំមើល​រូប​នេះ ស្នើសុំ​ឲ្យ​របប​ក្រុងភ្នំពេញ ពិចារណា​លទ្ធភាព ដឹកជញ្ជូន​កម្មករ​ខិត​ជិត​ទីតាំង​ជាង​នេះ​បន្ថែម​ទៀត ពោល​គឺ​គួរ​មានការ​ចូល​ពី​ផ្លូវជាតិ​បន្ថែម​ទៀត ព្រោះ​កម្មករ ឬ​ពលរដ្ឋ​ខ្លះ មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​ទីតាំង​ផ្លូវជាតិ ជាហេតុ​នាំ​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​ធ្វើដំណើរ​បន្ត៖ «អ៊ីចឹង​គិត​ថា ឲ្យ​អ្នក​ធ្វើដំណើរ​ទៅ​រក​សេវា និង​រក​ទីកន្លែង​ឲ្យ​បាន​ច្បាស់លាស់។ កន្លង​ទៅ យើង​ឃើញ​ថា ពិបាក​រក​ទីកន្លែង និង​ព័ត៌មាន​នៃ​ការ​ធ្វើដំណើរ​អត់​បាន​ទូលំទូលាយ»

សាលា​រាជធានី នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា បាន​បញ្ចេញ រថយន្តក្រុង​ចំនួន ២០០​គ្រឿង​បន្ថែម សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅមក​តាម​បណ្ដា​ខេត្ត​ដោយ​ឥតគិតថ្លៃ នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ៦ថ្ងៃ។ ដោយឡែក សម្រាប់​ផ្លូវ​រថភ្លើង​វិញ ក្រសួង​សាធារណការ បាន​ជូនដំណឹង​ថា បាន​ចាប់ផ្ដើម​ដឹក​ជញ្ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​៥ តុលា មក រហូតដល់​ថ្ងៃ​ទី​១៦​តុលា និង​បន្ថែម​ថ្ងៃ​ទី​១៩ តុលា​មួយថ្ងៃ សម្រាប់​គោលដៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ។

ទាំង​រថយន្ដ​ក្រុង​សាធារណៈ ត្រូវ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥៖៣០​នាទី​ព្រឹក ឯ​រថភ្លើង ត្រូវ​ចេញដំណើរ​នៅ​ម៉ោង​៦៖៣០​នាទី​ព្រឹក។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ ក៏​មើល​ឃើញ​ថា ការ​បញ្ចេញ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​បែបនេះ ជា​ចំណុច​ប្រសើរ និង​អាច​ប្រកួតប្រជែង​ជាមួយ ក្រុមហ៊ុន​ឯកជន​បាន​ដែរ។ ប៉ុន្តែ ចំណុច​ដែល​អាជ្ញាធរ​គួរតែ​បន្ថែម គឺ​គួរ​បន្ថែម​ថ្ងៃ​រត់​បន្ថែម​ទៀត ព្រោះ​ពលរដ្ឋ​ខ្លះ ទៅលេង​ភ្ជុំ​តាំង​ពីមុន​ថ្ងៃ​ទី​៥ ឬ៦ តុលា និង​ពលរដ្ឋ​ខ្លះ​ទៀត អាច​នៅ​លេង​ស្រុកកំណើត​យូរ ទើប​ត្រលប់​មក​ភ្នំពេញ​វិញ៖ «ចំពោះ​គោលដៅ វា​ជា​ចំណុច​មួយ ដោះស្រាយ​សម្រាប់​ពលរដ្ឋ​នៅ​ជាប់​ផ្លូវជាតិ ផ្លូវ​ធំៗ​។ ប៉ុន្តែ វា​ជា​ចំណុច​មួយ​មាន​ផល​លំបាក​ផង​ដែរ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ផ្លូវ​តូចៗ នៅ​ចុង​កាត់​មាត់​ញក​មួយ​ចំនួន ចុះ​ពី​ផ្លូវ​ធំ​ទៅ វា​ជា​ចំណុច​មួយ មាន​ផល​លំបាក សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​យ៉ាង​ម៉េច ធ្វើ​ឲ្យ​រថយន្ដ​ក្រុង ទៅដល់​ភូមិសាស្ត្រ​ចូល​ទៅ​ដល់​ភូមិ​មួយ​ចំនួន មិន​គួរ​គិតតែ​ត្រឹម​ផ្លូវ​ធំ​ប៉ិន​ហ្នឹង​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បន្ថែម ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅ​ថ្ងៃ​ទី​៦ តុលា ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក បាន​ស្រង់​សម្ដី​លោក ចុះផ្សាយ ថា ការ​ផ្ដួចផ្ដើម​គំនិត​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments