RFA | ការនាំចេញ​អង្ករ​ធ្លាក់​ចុះ ១៣​ភាគរយ នៅ​រយៈពេល​១១​ខែ​ឆ្នាំ​២០១៨ | hot news

By , Comment
Share on Facebook Tweet on Twitter

រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ ការនាំចេញ​អង្ករ ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស បាន​ធ្លាក់​ចុះ ១៣​ភាគរយ​។ របាយការណ៍ ស្ដីពី​ការនាំចេញ​អង្ករ បង្ហាញ​ថា រយៈពេល​១១​ខែ កម្ពុជា​នាំចេញ​អង្ករ​សរុប បាន​ជិត ៥​សែន​តោន។ អ្នក​ជំនាញ​ផ្នែក​កសិកម្ម បារម្ភ​ថា ការនាំចេញ​អង្ករ​អាច​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ជាង​នេះ ដោយសារតែ សហភាព​អឺរ៉ុប​កំពុង​រឹត​បន្តឹង​វិធានការ​ទារ​ពន្ធ​នាំចូល​អង្ករ ពី​របប​ក្រុងភ្នំពេញ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា លោក ថេង សាវឿន យល់ថា កត្តា​ដែល​នាំ​ឲ្យ​ការនាំចេញ​អង្ករ​ធ្លាក់​ចុះ​ជាង​១០​ភាគរយ ដោយសារតែ កំណើន​នៃ​ការប្រកួតប្រជែង​ក្រុម​ប្រទេស​ផលិត​អង្ករ នៅ​ទូទាំង​ពិភពលោក កត្តា​បច្ចេកទេស​ផលិត​របស់​កសិករ ការ​វេច​ខ្ចប់​ផលិតផល​នាំចេញ និង​កត្តា​នយោបាយ​ការទូត នៃ​របប​ក្រុងភ្នំពេញ ជាមួយ​បណ្ដា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា។ លោក ថេង សាវឿន បារម្ភ​ថា ការនាំចេញ​អង្ករ អាច​ធ្លាក់​ចុះ ច្រើនជាង​១០​ភាគរយ៖ «យើង​មិនទាន់​អាច​សន្និដ្ឋាន​បានទេ ពីព្រោះ​ថា ឥឡូវនេះ គ្រប់គ្នា មិន​អាច​សន្និដ្ឋាន​បាន​ទេ ថា ធ្លាក់​ចុះ​ត្រឹម​១០​ភាគរយ ឬ​យ៉ាងណា? អ្វី​ត្រឹម​១០ (១១) ខែ​នេះ មើល​ទៅ​យើង​មិន​អាច​សន្និដ្ឋាន​ថា វា​នឹង​អាច​ប៉ះពាល់​ដល់​កសិករ​កម្រិត​ណា​ទេ​។ តែ​យើង​រង់ចាំ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​ការសម្រេច​ចុងក្រោយ តើ​ពួកគេ (EU) ទទួល​ឲ្យ​កម្ពុជា​នាំ​អង្ករ​ចូល​ដោយ​ឥត​គិត​ពន្ធ ឬ​គិត​ពន្ធ? អ៊ីចឹង​បើ​គិត​ពន្ធ យើង (កម្ពុជា) នឹង​អាច​ប្រឈម​នឹង​បញ្ហា​ធំ»

របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ប្រចាំខែ​វិច្ឆិកា របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ​សម្រាប់​បែបបទ​នាំចេញ​អង្ករ បង្ហាញ​ថា ក្នុង​ខែ​វិច្ឆិកា កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ជាង​៦​ម៉ឺន (៦២.៤៣៣) តោន ធ្លាក់​ចុះ​ជាង ១២ភាគរយ បើ​ធៀប​នឹង​ការនាំចេញ សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ចំណែក​ការនាំចេញ​អង្ករ រយៈពេល​១១​ខែ នៃ​ឆ្នាំ​២០១៨ បាន​ចំនួន​ជាង ៤​សែន​តោន (៤៩៧.២៤០) តោន ថយ​ចុះ​ជាង​១៣ (១៣.១០%) ភាគរយ បើ​ធៀប​នឹង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧។

ប្រភេទ​អង្ករ​នាំចេញ រយៈពេល​១១​ខែ មាន​អង្ករ​ក្រអូប​ចម្រុះ នាំចេញ​ច្រើន​ជាងគេ ចំនួន​ជាង​១​សែន​តោន (១៨២.៦៧១) គិត​ជា​ភាគរយ​នាំចេញ ចំនួន​ជាង​៣៦ (៣៦.៧៤%)​ភាគរយ នៃ​ចំនួន​អង្ករ​នាំចេញ​ទាំងអស់​។ ក្រៅ​ពី​នេះ មាន​ប្រភេទ​អង្ករ​ក្រអូប​នាង​ម្លិះ ក្រអូប​សុមាលី ផ្កា​រំដួល ផ្កា​ម្លិះ អង្ករ​ក្រអូប​សរីរាង្គ និង​អង្ករ​ក្រអូប​ភ្លឺ (PEARL) ។ ប្រភេទ​អង្ក​រស​គ្រាប់​វែង នាំចេញ បាន​ចំនួន​ជាង ៧​ម៉ឺន (៧៨.១២០) តោន និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង នាំចេញ​ចំនួន ជាង ២​ម៉ឺន (២៥.៥២៩)​តោន។

ទីផ្សារ​នាំចេញ​អង្ករ រយៈពេល​១១​ខែ បាន​នាំ​ចេញទៅ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប បាន​ចំនួន​២៦​ប្រទេស សរុប​ចំនួន​ជាង ២​សែន (២៣៦.១៩៧) តោន។ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ គឺ ម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី ថៃ និង​វៀតណាម បាន​នាំចេញ​សរុប ចំនួន​ជាង ៥​ម៉ឺន (៥២.០៧៩)តោន និង​ក្រុម​ប្រទេស ៣០​ផ្សេងទៀត ដូចជា ចិន សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជាដើម សរុប​បាន​ចំនួន​ជាង ២​សែន (២០៨.៩៦៤)​តោន។ ចិន ជាទី​ផ្សារ​អង្ករ​នាំចូល​ច្រើន​ជាងគេ គឺ ជាង​១​សែន (១៣៧.៨៦៦)​តោន បន្ទាប់​មក គឺ​ប្រទេស​បារាំង ចំនួន​ជាង ៧​ម៉ឺន (៧៣.៦៦៩) តោន និង​ទី​៣ គឺ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ជាង ៣​ម៉ឺន (៣៧.២៨៩) តោន។

ក្រុមហ៊ុន​នាំ​អង្ករ​ចេញពី​កម្ពុជា មាន​ចំនួន ៧៨​ក្រុមហ៊ុន​។ អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ឈ្មោះ អែមរ៉ូ រ៉ាយ (Amru Rice (cambodia) Co.ltd) លោក សុង សារ៉ន ជា​តំណាង​ក្រុមហ៊ុន​នាំចេញ​អង្ករ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ផ្សេងទៀត ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ថ្វី​ត្បិត​ការនាំចេញ​អង្ករ​មានការ​ថយ​ចុះ​ក្តី ក៏​ទឹកប្រាក់​ដែល​បាន​មក​ពី​ការនាំចេញ​អង្ករ​កើន​ឡើង ព្រោះ​អង្ករ​នាំចេញ​ភាគច្រើន​ជា​ប្រភេទ​អង្ករ​ក្រអូប មានតម្លៃ​ថ្លៃ​ជាង​អង្ករ​ស​ធម្មតា។

បើ​ទោះ​មានការ​អះអាង​បែបនេះ ប៉ុន្តែ កាសែត​គាំទ្រ​របប​ក្រុងភ្នំពេញ ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ត្រូវជា​កូន​ប្រសា លោក ហ៊ុន សែន គឺ លោក សុខ ពុទ្ធិវុធ បាន​ដឹកនាំ​គណៈប្រតិភូ​ស្រូវ​អង្ករ​កម្ពុជា ទៅ​សុំ​ជួបពិភាក្សា​ជាមួយ​តំណាង​សហគមន៍​អឺរ៉ុប នៅ​ទី​ស្នាក់​កណ្ដាល​សហគមន៍​អឺរ៉ុប នៅ​ក្រុង​ប្រ៊ុចសែល (Brussel) ប្រទេស​ប៊ែលហ្សិក (Belgium) ជុំវិញ​ការ​យកពន្ធ​លើ​អង្ករ នាំ​ចេញពី​កម្ពុជា។

លោក សុខ ពុទ្ធិវុធ ស្នើសុំ​ឲ្យ​មាន​សវនាការ​ផ្ទាល់មាត់ ទល់មុខ​គ្នា ដើម្បី​ឲ្យ​មេធាវី​របស់​របប​ក្រុងភ្នំពេញ បាន​បកស្រាយ​ពន្យល់​ដោយ​ផ្ទាល់ និង​ធ្វើ​បទ​បង្ហាញ ដល់​ភាគី​គណៈកម្មការ​អឺរ៉ុប ឲ្យ​យល់​ច្បាស់ ពី​ផលវិបាក​នានា នៃ​ការ​យកពន្ធ​អង្ករ ពី​របប​ក្រុងភ្នំពេញ។ គម្រោង​ដក​ការលើកលែង​ពន្ធចំពោះ​អង្ករ​នេះ ធ្វើឡើង​ក្រោយពី ប្រទេស​អ៊ីតាលី និង​ប្រទេស​អេស្ប៉ាញ ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប បាន​តវ៉ា​ថា អង្ករ​កម្ពុជា​ដែល​នាំចូល​ដោយ​មិន​មាន​យកពន្ធ​ពី​សហគមន៍​អឺរ៉ុប បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទីផ្សារ និង​ផលិតកម្ម​ស្រូវ នៅ​ប្រទេស​របស់​ពួកគេ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ សុំ​ការ​បញ្ជាក់ ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ និង​ក្រុម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ លោក ឡុង កែមវិចិត្រ និង​កញ្ញា សឹង សុភារី ប៉ុន្តែ មិន​ទទួល​ទូរស័ព្ទ និង​ខ្លះ​ទៀត​ទូរស័ព្ទ​មិន​ចូល។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា លោក ថេង សាវឿន យល់ថា ការនាំចេញ​អង្ករ​ធ្លាក់​ចុះ តែ​ចំណេញ​បាន​ប្រាក់​ច្រើនជាង​មុន ជា​ចំណូល​ភាគច្រើន​បានតែ​លើ​ក្រុមហ៊ុន​ឯកជន មិនបាន​ផ្ដល់​ផល​ចំណេញ ដល់​កសិករ​តូចតាច​ទេ។ សង្គម​ស៊ីវិល​រូប​នេះ បារម្ភ​ថា ប្រសិនបើ​ការនាំចេញ​អង្ករ​នៅតែ​បន្ត​ធ្លាក់​ចុះ អាច​ធ្វើ​ឲ្យ​កសិករ​ខ្នាត​តូច​ជាច្រើន រង​ផល​ប៉ះពាល់​ខ្លាំង ដោយ​ផ្ទាល់ និង​អាច​ប្រឈម​ការ​បោះបង់​ចោល​មុខរបរ​ធ្វើស្រែ ព្រោះតែ​តម្លៃ​កសិផល​មិន​អាច​ឡើងថ្លៃ និង​គ្មាន​ប្រាក់​សងបំណុល​ធនាគារ ជាដើម។ លោក ថេង សាវឿន យល់ថា បើ​ទោះ​ចិន​ធ្លាប់​ប្រកាស​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា ប៉ុន្តែ ទីផ្សារ​ចិន​មិន​អាច​ជំនួស​ទីផ្សារ​សហភាព​អឺរ៉ុប​បានទេ ហើយ​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា​គួរតែ​ពង្រីក មិនមែន​បោះបង់ចោល​ទីផ្សារ​ចាស់ ចាប់​យក​ទីផ្សារ​ថ្មី​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments