RFA | ការ​ជជែក​ពិភាក្សា​ពី​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​បន្ត​បង្ហាញ​គំនិត​ផ្ទុយ​គ្នា | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ឃើញ​ស្រប​គ្នា​ពី​ភាព​ប្រសើរ​ឡើង​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ឃោសនា រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ។ ក៏ប៉ុន្តែ​ពួក​គេ​មាន​គំនិត​ផ្ទុយ​គ្នា​នៅ​ពេល​ជជែក​ពី​តួនាទី​របស់​សង្គម​ស៊ីវិល ពិសេស​ពី​បន្ទប់​ស្ថានការណ៍​ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត។

ជាង​មួយ​សប្ដាហ៍​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ផ្លូវការ រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៦ កក្កដា លើក​យក​ប្រធានបទ​លទ្ធផល​បោះឆ្នោត​នេះ​មក​ពិភាក្សា។

វាគ្មិន​យល់ស្រប​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ដំណើរការ​មួយ​អាច​យក​ជា​គំរូ​បាន​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ។

ភាព​ជា​គំរូ​នោះ​មាន​ដូចជា ភាព​ជឿជាក់​លើ​បញ្ជី​បោះឆ្នោត​ថ្មី​ដែល​កាត់​បន្ថយ​ឈ្មោះ​ស្ទួន អត្រា​ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​ឆ្នោត​មាន​ជាង ៩០​ភាគរយ គ្មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ធ្វើ​យុទ្ធនាការ​ឃោសនា និង​ថ្ងៃ​បោះឆ្នោត និង​ការ​ប្រកាស​ទទួល​យក​លទ្ធផល​ឆ្នោត​ពី​ភាគី​គណបក្ស​នយោបាយ។

ក្នុង​កិច្ច​ពិភាក្សា​របស់​រាជបណ្ឌិត្យសភា​កម្ពុជា លោក ឈឹម ផលវរុណ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ​មួយ ហើយ​ទំហំ​នៃ​ការ​ឃោសនា និង​គោល​នយោបាយ​ប្រកួត​ប្រជែង​មាន​ទ្រង់ទ្រាយ​ប្រហែល​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។

ចំណែក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្តា លើក​ឡើង​ថា ក្រៅ​ពី​ភាព​ល្អ​ប្រសើរ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ លោក​នៅ​មន្ទិល​ពី​ការ​ដែល គ..ប កោះ​ហៅ​តំណាង​គណបក្ស​នយោបាយ​ទៅ​ប្រជុំ ពិសេស​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​យុទ្ធនាការ និង​ថ្ងៃ​បោះឆ្នោត គឺ​រៀបចំ​ឡើង​មុន​ពេល​ការ​ធ្វើ​កិច្ចការ​ទាំងនេះ​មិន​ទាន់​ចប់ ដូចជា​កោះ​ហៅ​ប្រជុំ​នៅ​ម៉ោង ៤​រសៀល ខណៈ​ការ​ឃោសនា​បិទ​បញ្ចប់​នៅ​ម៉ោង ១០​យប់។

សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន វិញ លោក សាម ស៊ុនឌឿន ឲ្យ​តម្លៃ​ទៅ​លើ​ការងារ​របស់ គ..ប ថា​ធ្វើ​ការ​បាន​ល្អ ហើយ​ថា​បន្ទប់​ស្ថានការណ៍​ដែល​ជា​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​សង្គម​ស៊ីវិល បាន​ជួយ​សម្រួល​បន្ទុក​ការងារ​របស់ គ..ប បាន​ច្រើន ពិសេស​ផ្តល់​ព័ត៌មាន​ថ្មីៗ​ស្ដីពី​ការ​បោះឆ្នោត​បាន​លឿន​ដល់​អ្នក​បោះឆ្នោត៖ «បន្ទប់​ស្ថានការណ៍​បាន​ជួយ​ច្រើន មិន​លម្អៀង​ទេ។ ចប់​ការ​បោះឆ្នោត គឺ​ចប់។ លើក​ទឹក​ចិត្ត​ឲ្យ​មាន​ក្រុម​នេះ​ទៀត ដើម្បី​ធានា​ពី​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត»

ពេល​ជជែក​ពី​បន្ទប់​ស្ថានការណ៍​នេះ លោក​បណ្ឌិត សុខ ទូច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ចោទ​បន្ទប់​ស្ថានការណ៍​ថា​ខុស​ច្បាប់ ដែល​មិន​បាន​សុំ​ច្បាប់​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ គឺ​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​កន្លង​ទៅ៖ «ប្រទេស​មាន​ច្បាប់ គេ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សង្គម។ បើ​ចង់​បង្កើត​ក្រុម​ការងារ​សង្គម​ស៊ីវិល ត្រូវ​សុំ​ច្បាប់​ក្រសួង។ ត្រូវ​តែ​គោរព​ច្បាប់»

តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្តា ក៏​បាន​ប្រកាស​គាំទ្រ​សេចក្តី​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឲ្យ​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថានការណ៍។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៤ កក្កដា បាន​សម្រេច​បិទ​បន្ទប់​ស្ថានការណ៍ ដោយ​ចោទ​ថា​បាន​បំពាន​មាត្រា​២៤ នៃ​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូងចម្រាស និង​ដែល​រង​ការ​រិះគន់​ខ្លាំង ថា​ជា​ការ​ព្យាយាម​បំបិទ​សំឡេង​រិះគន់​រដ្ឋាភិបាល។

លោក ឈឹម ផលវរុណ នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្ស័យ​ពី​គោល​បំណង​នៃ​ការ​បង្កើត​បន្ទប់​ស្ថានការណ៍៖ «...បង្កើត​មក​មាន​បំណង​អ្វី? ... ហេតុ​អ្វី​មិន​ចុះ​ឈ្មោះ?...»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​បាន​ចោទ​ជា​សំណួរ​ក្នុង​នាម​ជា​អ្នក​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នេះ​ដែរ។ លោក​សួរ​ថា តើ​បន្ទប់​ស្ថានការណ៍​ចង់​ប្រកួត​ប្រជែង​ឥទ្ធិពល​ជាមួយ គ..ប ឬ​យ៉ាង​ណា? ហើយ​លោក​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល។

លទ្ធផល​ការ​ស្រាវជ្រាវ និង​ការ​វាយតម្លៃ​របស់​បន្ទប់​ស្ថានការណ៍ បាន​បង្ហាញ​ថា បើ​ទោះ​បី​ជា​ស្ថានភាព​ឃោសនា និង​បោះឆ្នោត​មាន​ភាព​ល្អ​ប្រសើរ​ជាង​លើក​មុនៗ ក៏ប៉ុន្តែ​ដំណាក់កាល​មុន​ការ​បោះឆ្នោត និង​នៅ​ថ្ងៃ​ហាមឃាត់ (ថ្ងៃ​ស) នៅ​តែ​មាន​ការ​គំរាម​កំហែង និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ខ្វះ​ភាព​យុត្តិធម៌។

តំណាង​អង្គការ​ខុមហ្វ្រែល (Comfrel) ដែល​ជា​អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ លោក យឿង សុធារ៉ា ហៅ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ប្រវត្តិសាស្ត្រ ហើយ​វា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់ បើ​ប្រៀបធៀប​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​កម្ពុជា ផ្ទាល់។

លោក សុធារ៉ា បាន​លើក​យក​មាត្រា​២១ នៃ​ច្បាប់​ស្ដីពី​អង្គការ​សមាគម​ដែល​បាន​បើក​សិទ្ធិ​ឲ្យ​សង្គម​ស៊ីវិល ស្វែងរក​ដៃគូ​ធ្វើ​កិច្ច​ការងារ​សង្គម ហើយ​លោក​ថា បន្ទប់​ស្ថានការណ៍​គឺ​ជា​ក្រុម​ការងារ​បណ្ដោះអាសន្ន ហើយ​ក៏​បាន​ជជែក​ជាមួយ គ..ប អំពី​ការ​បង្កើត​ក្រុម​ការងារ​នេះ​ហើយ​ដែរ៖ «គ្មាន​បំណង​ទុច្ចរិត​ទេ។ ការ​ស្រាវជ្រាវ និង​វាយតម្លៃ​ផ្អែក​លើ​វិធីសាស្ត្រ​ត្រឹមត្រូវ»

ជា​បទពិសោធន៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ វាគ្មិន​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន លើក​ឡើង​ថា គ..ប ត្រូវ​ពិនិត្យ​មើល​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ ទាំង​សម្ភារៈ និង​ម៉ោង​ធ្វើ​ការ​មក​ឃោសនា ហើយ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​គួរ​បញ្ចុះ​ថ្លៃ​ជួល​ម៉ោង​ផ្សាយ ដើម្បី​ឲ្យ​គណបក្ស​តូចៗ​មាន​លទ្ធភាព​ជួល​ស្មើ​គ្នា។ លោក​បន្ថែម​ថា គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​គួរ​ខិតខំ​ធ្វើ​ការងារ​ដើម្បី​បម្រើ​ប្រជាជន ហើយ​គណបក្ស​ដែល​មិន​ជាប់​ឆ្នោត គួរ​ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ធ្វើ​ការ​ឲ្យ​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments